Sunday, May 5, 2019
អភិបាលខេត្តតាកែវ នឹងធ្វើជាស្តេចមាឃក្នុងពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ
តាកែវៈ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងភរិយាត្រូវបានព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ជ្រើសតាំងឲ្យធ្វើជាស្ដេចមាឃ និងព្រះនាងមេហួរ សម្រាប់ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលនឹងប្រព្រឹត្តធ្វើឡើងនៅខេត្តតាកែវ នាថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ នេះ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិ លោក ឈិន កេតនា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ ក្នុងចំណោមពិធីបុណ្យទ្វាទសមាស ដែលត្រូវបានព្រះមហាក្សត្រខ្មែរ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រនិងលើកទឹកចិត្ត ដល់ប្រជានុរាស្ត្រ ជាពិសេសប្រជាកសិករ ដែលបានប្រឹងប្រែងធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោកបានបញ្ជាក់ថា៖ «អង្គព្រះមហាក្សត្រ ព្រះអង្គនឹងយាងចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ដែលនឹងប្រារព្ធធ្វើឡើង នៅពហុកីឡដ្ឋានគិរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ»។
គួរបញ្ជាក់ថា អស់រយៈកាលជាង ៥០ ឆ្នាំ ចាប់តាំងពីក្រោយសម័យសង្គមរាស្ត្រនិយម ពិធីច្រត់ព្រះនង្គ័ល មិនត្រូវបានគេរៀបចំធ្វើឡើង នៅក្នុងខេត្តតាកែវនោះទេ ខណៈកាលពីឆ្នាំមុន ពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានគេរៀបចំឡើងនៅក្នុងខេត្តស្វាយរៀង ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងកាលពីថ្ងៃពុធថា មកទល់ពេលនេះ លោកនៅពុំទាន់បានដឹងច្បាស់ អំពីរឿងដែលថា អង្គព្រះមហាក្សត្រ សព្វព្រះរាជហរឫទ័យ ជ្រើសរើស និងតែងតាំងឲ្យលោក និងភរិយារបស់លោកឲ្យធ្វើជាស្ដេចមាឃ និងព្រះនាងមេហួរនោះនៅឡើយទេ។
លោកថ្លែងថា៖ «ខ្ញុំគ្រាន់តែទទួលបានដំណឹងថា ពិធីច្រត់ព្រះន័ង្គល សម្រាប់ឆ្នាំនេះ នឹងធ្វើឡើងនៅក្នុងខេត្តតាកែវ។ យ៉ាងណាក៏ដោយ ខ្ញុំនិងភរិយាខ្ញុំ មានក្ដីរំភើបរីករាយណាស់ ចំពោះព័ត៌មាននេះហើយប្ដេជ្ញាថា នឹងខិតខំព្យាយាមបំពេញតួនាទីនិងភារកិច្ចនេះឲ្យបានល្អ ជូនចំពោះអង្គព្រះមហាក្សត្រ»។
លោកបានបន្តថា នៅពេលនេះ លោកកំពុងត្រៀមរៀបចំកិច្ចប្រជុំជាមួយក្រុមមន្ត្រីក្រោមឱវាទ ស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់សាធារណៈ សម្រាប់មុននិងក្នុងអំឡុងពេលនៃការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២២ ខែ ឧសភា។
គួរបញ្ជាក់ថា ជាយូរលង់ណាស់មកហើយ ពិសេសនៅក្នុងសម័យសង្គមរាស្ត្រនិយម ព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គល ត្រូវបានគេរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងទីលានព្រះមេរុ ដែលមានទីតាំងស្ថិតនៅភាគខាងជើងព្រះបរមរាជវាំង ទល់មុខសារមន្ទីរជាតិ។ នៅក្នុងពិធីនេះ ក្រុមព្យាការីនៃក្រសួងព្រះបរមរាជវាំង តែងតែធ្វើការផ្សងប្រផ្នូលជាមួយ សត្វគោឧសភរាជ ដែលស្ដេចមាឃនិងព្រះនាងមេហួរ បានប្រើនៅក្នុងការភ្ជួររាស់ និងសាបព្រោះគ្រាប់ពូជ ក្នុងអំឡុងនៃការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ។
នៅក្នុងការផ្សងប្រផ្នូលនេះផងដែរ គឺមានការរៀបចំចំណីអាហារចំនួន ៧ មុខ រួមមាន ស្រូវ ពោត សណ្ដែក ល្ង ស្មៅ ទឹក និងស្រាស ហើយជាទូទៅត្រូវបានគេកត់សម្គាល់ថា បើសត្វគោឧសភរាជ ទៅស៊ីចំណីអាហារណាមួយក្នុងចំណោមនោះនឹងត្រូវបានគេជឿថានឹងមានការបង្កបង្កើនផលលើដំណាំទាំងនោះមានផលល្អ លើកលែងតែស្មៅនិងស្រាស។
យោងតាមជំនឿរបស់ខ្មែរបានកត់សម្គាល់ថាបើគោឧសភរាជស៊ីស្មៅ នោះនឹងកើតមានជំងឺឆ្លងផ្សេងៗនិងធ្វើស្រែចម្ការមិនសូវបានផល ហើយបើផឹកស្រាស វិញនោះ នឹងកើតមានអសន្តិសុខក្នុងសង្គម៕By www.postkhmer.com
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment