Thursday, June 27, 2019
រាជរដ្ឋាភិបាល ចាត់វិធានការលើបារីខុសច្បាប់
សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) គាំទ្រវិធានការរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ទាំងស្រុងនូវបារីដែលគ្មានតែមប្រិ៍អាករស្របច្បាប់
សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជាហៅកាត់ជាភាសាអងស់គ្លេសថា ‘ATIC’បានគាំទ្រយ៉ាងពេញទំហឹងដល់ការខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការបង្កើតក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការលើផលិតផលបារីដែលមិនមានបិទតែមប្រិ៍អាករស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ស្តីពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារីចំពោះម្ចាស់សហគ្រាសផលិតផលបារីក្នុងស្រុក បារីនាំចូល អ្នកលក់ និងអ្នកចែកចាយបារីក្នុងស្រុកទាំងអស់ចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជូនដំណឹងថា "ចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩ ក្រុមការងារចម្រុះនឹងចុះត្រួតពិនិត្យឃ្លាំងស្តុកទុកបារីនៅតាមបណ្តាសហគ្រាសផលិតបារីក្នុងស្រុក សហគ្រាសនាំចូលបារី ដេប៉ូចែកចាយ ស្តង់លក់បារីនៅតាមទីផ្សារ ហាងលក់ទំនិញធំៗ ផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា »។
ក្នុងកំឡុងពេលកំពុងចុះត្រួតពិនិត្យប្រសិនបើឃើញមានបារីដែលដាក់លក់ក្នុងឃ្លាំងស្តុក ឬកំពុងតាំងលក់ បិទតែមប្រិ៍ប្រភេទចាស់ មិនមានបិទតែមប្រិ៍អាករ ឬបិទតែមប្រិ៍ក្លែងក្លាយនោះ ក្រុមការងារចម្រុះនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងធ្វើការឃាត់ទុក និងគ្រប់គ្រងបារីទាំងនោះ ហើយតម្រូវឲ្យអ្នកផលិតបារី អ្នកនាំចូលបារី ឬម្ចាស់បារីទាំងនោះទទួលខុសត្រូវចំពោះមុខច្បាប់” ។
សេចក្តីថ្លែងការណ៍រួមរបស់សមាគម ATIC បានថ្លែងថាសមាគមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ស្តង់ដារឧស្សាហកម្មតែមួយ ដោយមានការប្តេជ្ញាចិត្តខ្ពស់ និងយុទ្ធសាស្ត្រដើម្បីធានាឲ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នារវាងក្រុមហ៊ុនបារីទាំងអស់។ យើងនឹងរួមគ្នាដើម្បីដោះស្រាយបញ្ហាដែលនាំមកនូវហានិភ័យដល់ឧស្សាហកម្មថ្នាំជក់ស្របច្បាប់ និងអ្នកប្រើប្រាស់រួមមានការលក់បារីខុសច្បាប់ បារីក្លែងក្លាយ បារីដែលមិនមានសារព្រមានសុខភាព និងបារីដែលមិនមានបិទតែមប្រិ៍អាករស្របច្បាប់។
សមាគមបាននិយាយថា "កិច្ចខិតខំប្រឹងប្រែងរបស់យើងគឺស្របទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតក្រុមការងារចម្រុះមួយនេះហើយយើងនឹងប្រឹងប្រែងយ៉ាងមុតមាំក្នុងការលើកកម្ពស់ការអនុវត្តវិធានការនេះ ដើម្បីលុបបំបាត់បារីខុសច្បាប់ទាំងនោះ" ។
នៅឆ្នាំ 2018 ការជួញដូរបារីខុសច្បាប់បានបន្តហូរចូលទីផ្សារកម្ពុជារហូតដល់ 10% នៃចំនួនបារីទាំងអស់។ បារីទាំងនោះមិនមានបោះពុម្ភសារព្រមានសុខភាពបិទតែមប្រិ៍អាករស្របច្បាប់ និងគ្មានគុណភាពឡើយ។ ជាមួយនឹងតួលេខទាំងនេះរដ្ឋាភិបាលកម្ពុជាបានបាត់បង់ចំណូលរដ្ឋប្រមាណជាង 10 លានដុល្លារក្នុងមួយឆ្នាំ។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment