Thursday, June 27, 2019
ACU បំភ្លឺករណីបណ្ដឹងចោទនាយករង ប.ជ.ស
អ្នកដំណើរដើរកាត់អង្គភាព ACU ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម។ |
ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបំភ្លឺលើបណ្ដឹងប្រឆាំងលោក គីម សុវណ្ណឌី នាយករងបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស) ករណីប្រព្រឹត្ដអំពើពុករលួយ ក្រោយពីបានស៊ើបអង្កេតអស់ពេល ១១ ខែ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ (ACU) ផ្ញើទៅលោក គីម សុវណ្ណឌី កាលពីថ្ងៃទី ១៤ ខែ មិថុនា ដែលទើបផ្សព្វផ្សាយកាលពីថ្ងៃទី ២៦ ខែ មិថុនា។
តាមអត្ថបទស៊ើបអង្កេតរបស់ ACU ពាក់ព័ន្ធការចោទប្រកាន់លើលោក គីម សុវណ្ណឌី បានបង្ហាញថា តាមបណ្ដឹងលេខ ០៣២២/១៤ បានចោទប្រកាន់លោក គីម សុវណ្ណឌី (១) ករណីកិបកេងប្រាក់រំឭករបស់គ្រួសារសពមន្ដ្រីចូលនិវត្តន៍ (២) ករណីបង្កើតបេសកកម្មខ្យល់។
ACU បានបំភ្លឺថា ក្រោយពីធ្វើការស្រាវជ្រាវ តាមដាន ប្រមូលព័ត៌មានបន្ថែមពីសាក្សី និងការបកស្រាយពីលោក គីម សុវណ្ណឌី ដែលជាសាមីរងការចោទប្រកាន់ផងនោះ ACU អាចបូកសរុបលទ្ធផលដំបូងក្រោយធ្វើការងារលើបណ្ដឹងនេះរយៈពេល ១១ ខែ។
ទាក់ទងនឹងការចោទប្រកាន់ថា លោក សុវណ្ណឌី កិបកេងប្រាក់រំឭកសពរបស់គ្រួសារសពមន្ដ្រីចូលនិវត្តន៍ ACU បានបង្ហាញលទ្ធផលថា មន្ដ្រីចូលនិវត្ដន៍ដែលទទួលមរណភាពទទួលបានប្រាក់របបសន្តិសុខសង្គម ១២ ខែនៃប្រាក់បៀវត្សរ៍មូលដ្ឋាន ហើយដើម្បីទទួលបានប្រាក់របបនេះ គ្រួសារសពត្រូវមកបំពេញឯកសារស្នើសុំផ្ទាល់។
បើតាម ACU ក្នុងឆ្នាំ ២០១៧-២០១៨ ថវិកាសម្រាប់បើកជូនគ្រួសារសពនិវត្ដជន ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ រាល់ការដោះស្រាយបញ្ហាប្រាក់រំឭកសពនិវត្ដជន គឺមន្ទីរសង្គមកិច្ច រៀបចំស្នើសុំគោលការណ៍មក (ប.ជ.ស) ដើម្បីលុបឈ្មោះសពដែលត្រូវចេញប្រកាសដោយក្រសួងសង្គមកិច្ច ទើបមន្ទីរមានមូលដ្ឋានស្នើសុំថវិកាពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគារ រាជធានី-ខេត្ដ។
ACU បង្ហាញទៀតថា បន្ទាប់ពីឯកភាពពីមន្ទីរពាក់ព័ន្ធ មន្ទីរសង្គមកិច្ច ត្រូវរៀបចំបោះផ្សាយអាណត្ដិផ្ញើជូនអគ្គនាយកដ្ឋានរតនាគារជាតិ និងថតចម្លង ១ ច្បាប់ មក (ប.ជ.ស) ដើម្បីឲ្យ (ប.ជ.ស) រៀបចំស្នើថវិកាពីអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់បើកជូនគ្រួសារសពនិវត្ដជនទៅតាមការស្នើសុំរបស់ មន្ទីរសង្គមកិច្ចតាមរយៈការចុះបើកដោយមន្ដ្រី (ប.ជ.ស) ប្រធានមន្ទីរនិងមន្ដ្រីទទួលបន្ទុក (ប.ជ.ស) រាជធានី ខេត្ដ។
ទោះយ៉ាងណា ACU បានបញ្ជាក់ថា ការដោះស្រាយបញ្ហាថវិការំឭកសពនិវត្ដជន ក្នុងឆ្នាំ ២០១៧-២០១៨ មានការយឺតយ៉ាវ ពី ៣ ទៅ ៦ ខែ ដោយសារមាននីតិវិធីច្រើន ដូចនេះ ហើយនៅឆ្នាំ ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចផ្ទេរថវិការំឭកសពឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បេឡាជាតិសន្ដិសុខសង្គមវិញដើម្បីកាត់បន្ថយនីតិវិធីមួយចំនួន សំដៅដោះស្រាយបញ្ហាថវិការំឭកសពឲ្យបានលឿន និងទាន់ពេលវេលា។
ទាក់ទងនឹងបណ្ដឹងលើការបង្កើតបេសកកម្មខ្យល់ ACU បានបង្ហាញលទ្ធផលថា ការចុះបំពេញបេសកកម្មតាមបណ្ដារាជធានីខេត្ដ ត្រូវធ្វើឡើងជារៀងរាល់ខែ ដោយចែកជា ២ វគ្គ ក្នុង ១ វគ្គមាន ៤ ក្រុម ហើយក្នុង ១ ក្រុម មានសមាជិក ១៣ នាក់។ ក្រុមនីមួយៗមាននាយករង ១ រូបជាអ្នកដឹកនាំ និងចាត់ចែងការងារ រួមមាន ការចុះធ្វើបច្ចុប្បន្នភាពនិវត្ដជន ការចុះបើកផ្ដល់ថវិកាសព ការចុះបើកផ្ដល់ថវិកាអ្នកនៅក្នុងបន្ទុកតាមមូលដ្ឋាន ការចុះត្រួតពិនិត្យនិវត្ដជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលបានផ្ទេរសិទ្ធិ។
ACU បន្ថែមថា ទន្ទឹមនឹងការចុះបំពេញបេសកកម្មជាទៀងទាត់ (ប.ជ.ស) ក៏បានចុះដោះស្រាយការងារតាមបណ្ដឹង និងសំណើរបស់ការិយាល័យបេឡាជាតិសន្ដិសុខសង្គមរាជធានី-ខេត្ដ។ មុនចុះបំពេញបេសកកម្ម ក្រុមនីមួយៗទទួលបានរបបបេសកកម្មតាមគោលការណ៍កំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយមិនមានកាត់កងអ្វីទាំងអស់។
ក្រៅពីការបំភ្លឺនេះ ACU ក៏បានជូនដំណឹងពីការទទួលលិខិតបំភ្លឺរបស់លោក គីម សុវណ្ណឌី ចុះថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ ពាក់ព័ន្ធ នឹងការចោទប្រកាន់ទាំង ២ ករណីនេះផងដែរ។
តំណាង ACU ថា៖ «ខ្ញុំសូមជម្រាបលោកនាយករងថា អង្គភាពប្រឆាំងអំពើពុករលួយបានទទួល និងពិនិត្យលើលិខិតបំភ្លឺរបស់លោករួចហើយ។សុំឲ្យលោកធ្វើការបិទផ្សាយអត្ថបទស៊ើបអង្កេតរបស់ ACU ជាសាធារណៈនៅក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា រយៈពេល ១ ខែយ៉ាងតិច គិតចាប់ពីថ្ងៃដែលលោកបានទទួលលិខិតនេះ»។
ភ្នំពេញប៉ុស្ដិ៍ មិនអាចសុំការបកស្រាយបន្ថែមពី លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម និងលោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានទេ ដោយសារ មិនមានអ្នកលើកទូរស័ព្ទ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment