Translate

Popular

Thursday, June 27, 2019

៦ ខែ គ្រុនឈាម​កើត​ជាង ១ ម៉ឺន​ករណី ខណៈ​ក្រសួង​ត្រៀម​ទប់ទល់

No comments :
កុមារកំពុង​ត្រូវ​បានព្យាបាល​ជំងឺ​គ្រុនឈាម​ នៅ​មន្ទីរពេទ្យ​កុមារជាតិ​ កាលពីថ្ងៃម្សិលមិញ​​​​។
ភ្នំពេញ: រយៈ​ពេល ​៦ ​ខែ​ក្នុង​ឆ្នាំ​​នេះ ជំ​ងឺ​គ្រុន​ឈាម​បាន​កើត​ឡើង​ជាង​ ១ ​ម៉ឺន​ករណី​ ក្នុង​នោះ​មាន​មនុស្ស​ស្លាប់ចំនួន​ ២៤ ​នាក់​ ដែល​ជាកា​រ​កើន​ឡើង​ ៥ ​ដង​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ដែល​មា​ន​មនុស្ស​ស្លាប់​ត្រឹម​តែ ៧​ នាក់​ប៉ុណ្ណោះ​ ប៉ុន្ដែ​មន្ត្រី​បាន​អះអាង​ថា ក្រសួង​សុខាភិ​បាល​បាន​ត្រៀម​ខ្លួន​ទប់ទល់​រួចរាល់​​ហើយ។
ការ​បង្ហាញ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​សន្និ​សីទ​សា​រព័ត៌​មាន​មួយ​កាល​ពី​ម្សិល​មិញ​ស្តីពី​ «ស្ថានភាព​ជំងឺ​គ្រុន​ឈាម​នា​ពេល​បច្ចុប្បន្ន»​ ដើម្បី​បង្ហាញ​ពី​ស្ថាន​ភាព​ជាក់ស្តែង​នៃជំងឺ​នេះ​ ចំណាត់​ការ​ឆ្លើយតប​ បញ្ហា​ប្រឈម ​និង​ការ​ចែក​រំលែក​បទ​ពិសោធ​​ពី​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ដែល​រៀប​ចំ​ឡើង​ដោយ​លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិ​បាល ​និង​មាន​វា​គ្មិន​ពី​តំ​ណាង​ក្រ​សួ​ង​សុ​ខាភិ​បាល​ តំណាង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ និង​តំណាង​លោកស្រី ​ហ៊ុន​ ម៉ា​ណា​ ព្រម​ទាំង​មាន​ក្រុម​គ្រូពេទ្យ​ប្រ​មាណ​ជិត​​​ ១០០ ​នាក់​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។
លោក​វេជ្ជ​បណ្ឌិត ​ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ប៉ារ៉ា​ស៊ីត​សាស្ដ្រ និង​បា​ណក​សា​ស្ដ្រ​នៃ​ក្រសួង​សុខាភិ​បាល​បាន​ថ្លែង​ថា ​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​នៅ​ក្នុងឆ្នាំ ២០១៩​ ​គិត​ត្រឹម​ចុង​សប្ដាហ៍​នេះ​ បាន​កើត​ឡើ​ង​​ចំនួន​ ១៣ ​០០០​ ករណី​។ ក្នុង​នោះ​មាន​មនុស្ស​ចំនួន ២៤ ​នាក់ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ដោយសារ​ស្ថាន​ភាព​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​ខ្លាំង ហើយ​បាន​មក​រក​ពេទ្យ​ជំនាញ​យឺត​ពេលវេលា។
លោកបាន​បន្ត​ថា បើ​ប្រៀប​ធៀប​នៅ​ឆ្នាំ​ ២០​១៨​ គេ​សង្កេត​ឃើញ​ថា​ ជំងឺ​គ្រុន​ឈាម​កើន​ឡើង​ចំនួន ៥ ដង ខណៈ​នៅ​ឆ្នាំ ២០១៨​ មាន​មនុស្ស​ស្លាប់​តែ ៧ នាក់​ប៉ុណ្ណោះ។ ជំងឺ​គ្រុន​ឈាម​នៅ​កម្ពុជា ​មិន​មែន​មាន​ន័យ​ថា កើត​ឡើង​នៅ​ពេញ​ផ្ទៃ​​ប្រ​ទេស​ទេ តែវា​កើត​ឡើង​តាម​តំបន់​ដែល​សើម​ហើយ​ស្ងួត​ខ្លាំង​ជាង​គេ។
លោក​បញ្ជាក់​ថា៖ ​«រាល់​អ្នក​ជំងឺ​ដែល​បាន​មក​ទទួល​សេវា​ពិនិត្យ ​ពិគ្រោះ​ជំងឺ ថែទាំ​ជំងឺ និង​ព្យា​បាល​ទាន់​ពេលវេ​លា គឺ​ឈឺ​ត្រឹម​តែ ២៤ ​ម៉ោង បន្ទាប់​ពី​អ្នក​ជំងឺ​ក្ដៅ​ខ្លួន ​ហើយ​ចូល​មក​ដល់​មន្ទីរ​ពេទ្យ​ជំនាញ​ទាន់​ពេល គឺ​មិន​មាន​អ្នកស្លាប់​ទេ។ អ៊ីចឹង​អ្នក​ទាំង ២៤​ ដែល​ស្លាប់​នោះ​ សុទ្ធតែ​ចូល​មក​មន្ទីរ​ពេទ្យ​ខណៈ​កំពុង​ធ្ងន់​ធ្ងរ​ខ្លាំង មាន​ន័យ​ថា វា​ជ្រុល​ពេល​ទៅ​ហើយ »។
លោក ផៃ ស៊ីផាន (ឆ្វេង) និងមន្ត្រី ក្នុងពិធីកាលពីម្សិលមិញ​​។ 
លោក​បន្ថែម​ថា មូលហេតុ​ដែល​ជំងឺ​គ្រុន​ឈាម​មាន​ការ​កើន​ឡើង​នេះព្រោះ​វា​ជា​វដ្ដ​តូច​ចាប់​ពី​ ៥ ឬ ៦ ឆ្នាំ​ម្ដង​ បណ្ដា​ល​មក​ពី​​អា​កាសធាតុ​ប្រែ​ប្រួល​ខ្លាំង ប្រសិនបើ​ទឹកភ្លៀង​ធ្លាក់​លើដី​ឡើង​ដល់ ១ មិល្លី​ម៉ែត្រ ប្រ​ឈម​កើត​ជំងឺ​គ្រុន​ឈាម ១១ ​ភាគ​រយ និង​ភ្លៀង​ជាប្រចាំ​ថ្ងៃ វា​នឹង​ប្រ​ឈម​លើស​ពីនេះ។ ចំណែក​វដ្ដ​ធំ​ចាប់ពី ១០ ទៅ ១២ ឆ្នាំ​ម្ដង ហើយ​វដ្ដ​ធំ​នេះ គឺ​ទាក់ទង​កត្តាជីវសាស្ត្រ និ​ង​ប្រព័ន្ធ​ការពារ​សរី​រា​ង្គ​ក្នុង​ខ្លួន​មនុស្ស​ចុះ​ខ្សោយ បើ​ប្រព័ន្ធ​ការពារ​ខ្សោយ វា​ប្រឈមមុខ​នឹង​ជំងឺ​គ្រុន​ឈា​ម តាម​រយៈ​មូស​ខ្លាញី​ខាំ។
លោក​វេជ្ជ​បណ្ឌិត ញឹ​ប អង្គា​បុស្ស ប្រធាន​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​ថ្លែង​ថា មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ទទួល​អ្នកជំងឺ​គ្រុន​ឈាម​ជា​មធ្យម​ជាង ៣០០ នាក់​ក្នុង​ ១ ថ្ងៃ។ បើ​គិតពី​ដើម​ឆ្នាំ​ ២០១៩ មក​ដល់​ថ្ងៃទី​ ២៦ ខែ មិថុនា​ មន្ទីរ​ពេទ្យ​កុមារជាតិ ​ទទួ​ល​​​បានការ​ចូល​មក​ព្យា​បាល​ពី​អ្នកជំងឺ​គ្រុន​ឈាម ៣ ពាន់​នាក់ ក្នុង​នោះ​មាន​មនុស្ស ៤ នាក់​បាន​ស្លាប់។
លោក​បានបន្តថា ឆ្លើយ​តប​នឹង​បញ្ហា​ជំងឺគ្រុនឈាម​ដែល​បាន​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ​នេះ ក្រសួងសុខា​ភិបាល ក៏បាន​ដា​ក់​ចេញ​វិធានការ​មួយ​ចំនួន​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ ​ដូចជា ការអប់រំ​ប្រជា​ពលរដ្ឋក្នុងការ​ការពារ​តាម​វិធីសាស្ត្រ​មួយ​ចំនួន​ ការបាញ់​ថ្នាំ​សម្លាប់​មូស​តាម​កន្លែង​រស់​នៅ ការចែក​មុង​ជ្រល​ក់​ថ្នាំ ព្រម​ទាំង​ត្រៀម​សម្ភារ និង​បណ្ដុះប​ណ្ដាល​ជំនាញ​ព្យា​បាល​រក​រោគ​វិនិ​ច័្ឆយ​គ្រុន​ឈាម។
លោក​វេជ្ជ​បណ្ឌិត បញ្ជាក់​ថា៖ «ជា​មួយ​គ្នា​នោះ ​ក្រសួង​សុខាភិ​បាល​ ក៏បាន​ជំរុញ​លើក​ទឹក​ចិត្ដ​ដ​ល់​ក្រុម​គ្រូពេ​ទ្យ ​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ជា​មួយ​នឹង​ការ​យក​ចិ​ត្ដ​ទុក​ដាក់​ខ្ពស់ដើម្បី​សង្គ្រោះ​អ្នក​ជំងឺ ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ឆាប់​រហ័​ស​​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។
លោក​ វេជ្ជ​បណ្ឌិត អ៊ុង សុផល ប្រ​ធាន​អនុ​គណៈ​កម្មការ​គ្រប់​គ្រង​ផ្នែក​គ្លីនិក​នៃ​ជំងឺ​គ្រុន​ឈាម​ បាន​ថ្លែង​ថា សម្រាប់​ឆ្នាំនេះ គឺជា​ឆ្នាំ​ផ្ទុះ​ឡើង​ជំងឺ​គ្រុន​ឈាម​ខ្លាំង​បំផុត ក្នុង​រយៈ​ពី ៦ ទៅ ៧ ឆ្នាំ​ម្ដង ប៉ុន្តែ​ក្រសួង​សុខាភិ​បាល​បាន​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​ហើយ ទាំង​ការ​ព្យា​បាល​ដល់​ពល​រដ្ឋ និង​វិធាន​ការ​ទប់ស្កាត់​មូស​ខ្លា។
លោក​បញ្ជាក់​ថា៖ «យើង​បាន​ត្រៀម​សេរ៉ូម​ព្យា​បាល​ជិត ៧ ម៉ឺន​ប្លោក ថ្នាំ​អាបែ​ត ១៧២ តោន និង​ថ្នាំ​បាញ់​កម្ចាត់​សត្វ​មូស ៧ ពាន់​លីត្រ ដែល​ទឹក​ថ្នាំ​នេះ គឺ​ជាជម្រើស​ចុង​ក្រោយត្រូវ​យកទៅ​បាញ់​នៅ​ទីតាំង​ណា​ដែល​កំពុង​ប្រ​ឈម​ខ្លាំង​បំផុត​នឹង​ជំងឺ​គ្រុន​ឈាម»។
តាម​របាយ​ការណ៍​រប​ស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​សៀម​រាប បាន​បង្ហាញ​នៅ​ចុងខែ​នេះ​ថា ក្នុង​រយៈ​ពេល​ ៥ ខែ​នៃ​ឆ្នាំ​ ២០១៩ នេះ មាន​កុមារ​ជាង ៣៧ ​ម៉ឺន​នាក់ បាន​ចូល​ពិនិត្យ​ព្យា​បាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ក្នុង​នោះ​ជាង ៧ ម៉ឺន​នាក់​មាន​​ជំងឺ​គ្រុន​ឈាម​បាន​ចូល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​។​
មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ដដែល​នេះ​កុមារ​ជាង​ ៧ ​ពាន់​នាក់​ មាន​ជំងឺ​គ្រុន​ឈាម​ធ្ងន់​ធ្ង​រ​ បាន​ចូ​លទៅស​ម្រាក​ព្យា​បាល​​នៅ​ទីនោះ ហើយ​កុមារ​ដែល​ទទួល​បាន​កា​រ​វះកាត់​បេះដូ​ង​មាន​ជាង​ ៣០០ នាក់​។ ចំ​ណែក​ផ្នែក​សម្ភព​វិញ ស្ត្រី​​មាន​ផ្ទៃ​ពោះ​ចំនួន​ជាង​ ៦ ម៉ឺន​នាក់​ បាន​មក​ពិនិត្យ​តាម​ដាន​ផ្ទៃពោះ និង​ព្យាបាល​ ហើយ​សម្រាល​កូន​បាន​ជាង ១ ម៉ឺន​នាក់៕

No comments :

Post a Comment