Wednesday, May 8, 2019
ម្ចាស់សិប្បកម្មពីដើមត្នោត គ្រោងផ្តល់ការងារដល់ជនពិការ ១០០ នាក់នៅឆ្នាំ ២០២០ ក្រោយពីអាជីវកម្មជោគជ័យ
ពលរដ្ឋគ្មានជំនាញធ្វើការនៅសិប្បកម្មគ្រឿងសង្ហារិមពីត្នោតលោក សាន ពៅ បានប្រាក់ពី $ ១០០ ឡើងទៅ។ |
ខេត្តពោធិ៍សាត់ៈ ក្រោយពីជោគជ័យក្នុងការយកត្នោតងាប់មកច្នៃប្រឌិតជាគ្រឿងប្រើប្រាស់កំប៉ិកកំប៉ុករហូតដល់ជាគ្រឿងសង្ហារិមមានចំនួនកើនកាន់តែច្រើនឡើងគឺរាប់ពាន់មុខមកនោះ សិប្បកម្មគ្រឿងសង្ហារិមផលិតពីត្នោតរបស់លោក សាន ពៅ កំពុងតែមានគោលដៅធំមួយជួយសម្រួលផ្តល់ការងារដល់ជនពិការប្រមាណ ៥០ ទៅ ១០០ នាក់នៅក្នុងអំឡុងពេល ២ ឆ្នាំខាងមុខនេះ។
លោក សាន ពៅ បុរសជាម្ចាស់សិប្បកម្មវ័យ ៤២ ឆ្នាំប្រាប់ឲ្យដឹងពីគម្រោងការជួយសង្គមតាមរយៈការផ្តល់ឱកាសការងារក្នុងស្រុកទាំងពលរដ្ឋមានកាយសម្បទានល្អ និងជនពិការនាឆ្នាំ ២០២០-២០២១ ថា៖ «តាមគម្រោងរបស់ខ្ញុំនោះ ប្រមាណពីមួយឆ្នាំទៅពីរឆ្នាំខាងមុខនេះ ខ្ញុំប្តេជ្ញាចិត្តនឹងផ្តល់ការងារជូនដល់បងប្អូនពិការឲ្យមានចំនួនកាន់តែច្រើនគឺមានប្រមាណ ៥០ នាក់ទៅ ១០០ នាក់តាមរយៈផ្តល់ការងារនៅក្នុងសិប្បកម្មត្នោតរបស់ខ្ញុំ។ ជនពិការដែលអាចមកធ្វើការងារនៅកន្លែងខ្ញុំនេះមានជនពិការភ្នែក និងខ្វិនស្វិតដៃជើង ព្រោះថាពួកគាត់អាចធ្វើការងារផ្នែកដុសខាត់បាន ហើយពួកគាត់អាចទទួលបានប្រាក់ខែពី ៣០ ម៉ឺនរៀលទៅដល់ ៦០ ម៉ឺនរៀល។ ចំពោះពលរដ្ឋមិនពិការវិញនោះគឺអាចទទួលបានប្រាក់ខែតិចបំផុតគឺ ១០០ ដុល្លារ និងមានខ្ពស់រហូតដល់ ៤៥០ ដុល្លារឯណោះ គឺអាស្រ័យតាមមុខជំនាញរបស់ពួកគាត់»។
ឈុតតុ និងកៅអីអាហារសម្រាប់ដាក់នៅផ្ទះបាយផលិតពីត្នោតសុទ្ធ |
ដោយមានចំនួនច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំរួមមានដូចជា ប្រអប់ដាក់ក្រដាសជូតមាត់ ផ្តិល ពែង និងប៉ាន់តែ ត្បាល់ និងអង្រែបុកគ្រឿង វែកបាយ វែកសម្ល សម និងស្លាបព្រា ចានបាយ ចង្កឹះ តុ កៅអី ទូខោអាវ ទូតាំងក្នុងការិយាល័យ តុបាយឈុត តុការិយាល័យ កៅអី សាឡុង កំប៉ុង ឈើចាក់ធ្មេញ រូបត្រីផ្សោត ទូសម្លៀកបំពាក់ ចង្កឹះប្រអប់ក្រដាសវែងខ្លី ចាន ថាស កែវ គ្រែ ព្រះនាង ចានស្រាក់ និងគ្រឿងវត្ថុអនុស្សាវរីយ៍ដទៃទៀតរាប់ពាន់មុខដ៏ស្រស់ស្អាតច្រើនទំហំ និងប្រភេទគឺសុទ្ធតែជាផលិតផលកែច្នៃដើមត្នោតរបស់សិប្បកម្មសានពៅស្ថិតនៅភូមិបឹងឈូក ក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
សិប្បកម្មរបស់លោក សាន ពៅ ដែលជាម្ចាស់សិប្បកម្មផលិតផលពីត្នោត មានមុនគេនៅឯខេត្តពោធិ៍សាត់នោះមានលក់ផលិតផលទាំងដុំ និងរាយ ខណៈពេលបច្ចុប្បន្ននេះក៏មានក្រុមឈ្មួញកណ្តាលមកទិញយកទៅលក់ចែកចាយជាបន្ត ហើយក៏មានសេវាកម្មដឹកជញ្ជូនឲ្យអតិថិជនទាំង ២៥ ខេត្តក្រុងផងដែរ។ ចំពោះកម្មករធ្វើការងារនៅសិប្បកម្មត្នោតសាន ពៅ ភាគច្រើនជាពលរដ្ឋដែលមានភាពក្រលំបាកជួបទីទ័លក្នុងជីវភាព និងជាជនពិការផងដែរ ខណៈបច្ចុប្បន្នលោកមានកម្មករធ្វើការចំនួន ៨០ នាក់ដោយរាប់ទាំងជនពិការចំនួន ៤ នាក់ផងដែរ។
លោក សាន ពៅ ក៏បង្ហើបថា៖ «ដោយសារក្តីអាណិតអាសូរដល់ពួកគាត់ដែលជួបផលលំបាកក្នុងជីវិតទើបខ្ញុំសម្រេចទទួលយកកម្មករមកធ្វើការងារនៅទីកន្លែងខ្ញុំភាគច្រើនគឺជាជនក្រីក្រ ក្មេងកំព្រា និងជនអនាថាជាដើម។ គ្រាន់តែចូលធ្វើការភ្លាម ពួកគាត់បានប្រាក់ ៤០ ម៉ឺនរៀលឯណោះសម្រាប់អ្នកគ្មានជំនាញ តែពេលពួកគាត់រៀនចេះ និងបានជំនាញពីការងារនេះទៅគឺអាចទទួលបានប្រាក់ខែដល់ទៅជាង ៤០០ ដុល្លារឯណោះ ហើយក្រៅពីនេះពួកគាត់ក៏ទទួលបានអាហារបន្ថែម ៣ ពេលពីខាងយើងទៀតផង។ ខណៈសម្រាប់អ្នកខ្វះជម្រកវិញ ខ្ញុំក៏មានផ្តល់កន្លែងស្នាក់នៅផងដែរ ប្រសិនបើឃើញជាក់ស្តែងទៅពិតជាអ៊ីចឹងមែននោះ»៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment