Tuesday, May 28, 2019
JICA បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ |
ភ្នំពេញៈ ទីភ្នាក់ងារអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន (JICA) បានបង្ហាញពីការតាំងចិត្តក្នុងការបន្តគាំទ្រការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បន្តទៀត ដោយបានបញ្ជាក់ថានឹងបន្តផ្តល់ជាជំនួយឥតសំណង និងកម្ចីសម្បទាន បើទោះបីជាថ្មីៗនេះបានលក់ភាគហ៊ុនដែលធ្លាប់កាន់កាប់ចេញពី PAS ក៏ដោយ។
JICA នៅក្នុងខែនេះបានសម្រេចលក់ភាគហ៊ុនទាំងអស់ដែលបានទិញពី PAS កាលពីឆ្នាំ ២០១៧ ពេលកំពង់ផែធំជាងគេរបស់កម្ពុជាមួយនេះបានឡើងផ្សារហ៊ុនទៅឲ្យក្រុមហ៊ុនដែលមានជំនាញផ្នែកប្រព័ន្ធឡូជីស្ទីកដ៏ធំមួយរបស់ជប៉ុន។
ការសន្យាពីរដ្ឋាភិបាលជប៉ុនទាក់ទងនឹងការបន្តបង្កើនកិច្ចសហការជាមួយ PAS ត្រូវបានប្រកាសក្នុងសេចក្តីជូនដំណឹងរបស់ JICA បន្ទាប់ពីលោក Shigenori Ogawa អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិករបស់ JICA បានធ្វើទស្សនកិច្ច PAS កាលពីថ្ងៃទី ២៤ ខែ ឧសភា និងបានពិភាក្សាកិច្ចសហប្រតិបត្តិការពេលអនាគតសម្រាប់កំពង់ផែនេះ។
តាមសេចក្ដីប្រកាសរបស់ JICA បន្ទាប់ពីកិច្ចប្រជុំនេះ ទីភ្នាក់ងារអភិវឌ្ឍន៍រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ខ្លួននឹងបន្តគាំទ្រ PAS លើទិដ្ឋភាពដ៏ទូលំទូលាយសម្រាប់ការអភិវឌ្ឍកំពង់ផែ និងការលើកកម្ពស់តំបន់សេដ្ឋកិច្ចពិសេសតាមរយៈជំនួយឥតសំណង កិច្ចសហប្រតិបត្តិការបច្ចេកទេស និងកម្ចីសម្បទាន។ សេចក្ដីប្រកាសរបស់ JICA បង្ហាញថា ភាគីទាំង ២ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការនៅខែមិថុនា។
លោក លូ គីមឈន់ នាយកប្រតិបត្តិ PAS បានឲ្យដឹងកាលពីម្សិលមិញថា ការចរាចរណ៍ទំនិញឆ្លងកាត់ SAP បានកើនឡើងយ៉ាងខ្លាំងជាប្រចាំឆ្នាំ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការមានការសហការរបស់ JICA ដើម្បីធ្វើយុទ្ធសាស្ដ្រជាមុនសម្រាប់ការអភិវឌ្ឍកំពង់ផែនេះនៅពេលអនាគត។
លោកថ្លែងថា៖ «យើងរីករាយខ្លាំងណាស់ ក្នុងការទទួលបានការសហការពីជប៉ុន។ ការធ្វើការងារជាមួយពួកគេនឹងធ្វើឲ្យការងារមានប្រសិទ្ធភាព និងមានលទ្ធផលល្អ»។
លោកបន្ថែមថា PAS បានចាប់ផ្ដើមសហការជាមួយ JICA ចាប់តាំងពីឆ្នាំ ១៩៩៧ ហើយក្រៅពីជំនួយឥតសំណង និងជំនួយបច្ចេកទេស JICA បានផ្ដល់កម្ចីសរុបដល់ SAP ប្រហែល ៣៨០ លានដុល្លារ គិតមកទល់ពេលនេះ។ លោកបន្តថា៖ «យើងអាចសងកម្ចីជាមួយអត្រាការប្រាក់ដល់ប្រទេស ជប៉ុន ទៀងទាត់ និងទាន់ពេលវេលា ហើយនៅតែអាចទទួលបានប្រាក់ចំណេញ»។
ស្របពេលដែលខេត្តព្រះសីហនុកំពុងមានកំណើនយ៉ាងគំហុកពីការវិនិយោគរបស់ជនជាតិចិនដោយមានកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើប ដោយមានសញ្ញាសម្គាល់ច្បាស់ជាអត្តសញ្ញាណចិន កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅតែមានកិច្ចសហការស៊ីជម្រៅជាមួយរដ្ឋាភិបាលជប៉ុននៅឡើយ។ វិនិយោគិនចិន មិនទាន់បានចូលទៅ PAS ចុះនៅឡើយ។
នៅពេល PAS បានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូងកាលពីខែមិថុនា ឆ្នាំ ២០១៧ JICA បានទិញភាគហ៊ុន ១៣,៥ ភាគរយ នៅក្នុងក្រុមហ៊ុននេះ៕LA
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment