Translate

Popular

Sunday, June 2, 2019

ចិន ​នឹង​ស៊ើប​អង្កេត​ក្រុមហ៊ុន​អាមេរិក FedEx

No comments :
បុគ្គលិក​របស់​ក្រុមហ៊ុន FedEx កំពុង​ចែកចាយ​ទំនិញ​ជូន​អតិថិជន។ រូបថត AFP
ក្រុង​ប៉េកាំងៈ ប្រព័ន្ធ​ព័ត៌មាន​រដ្ឋ​​ចិន​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា អាជ្ញាធរ​​​ចិន ​នឹង​ស៊ើប​អង្កេត​លើ​ក្រុមហ៊ុន​​ FedEx ដែល​​ជា​ក្រុមហ៊ុន​ចែកចាយ​​ទំនិញ​របស់​អាមេរិក​ជុំវិញ​ករណី​​​ធ្វើ​ខូច​​​ដល់​ផល​ប្រយោជន៍​អតិថិជន​របស់​ខ្លួន។​
ក្រុមហ៊ុន​​ FedEx កាល​ពី​ដើម​សប្ដាហ៍​នេះ​ ​បាន​សុំ​ទោស​ចំពោះ​ករណី​​​បញ្ជូន​កញ្ចប់​​​អីវ៉ាន់​របស់​ក្រុមហ៊ុន Huawei ​ខុស​​ផ្លូវ បន្ទាប់​ពី​​ក្រុមហ៊ុន​​ទូរគមនាគមន៍​ឈាន​មុខ​គេ​របស់​ប្រទេស ​ចិន ​មួយ​​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​កំពុង​ពិនិត្យ​ឡើង​វិញ​ពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សេវា​វេច​ខ្ចប់​​ដោយសារ​តែ​ឧប្បតិ្តហេតុ​នេះ។​
ការ​ផ្សាយ​តាម​ទូរទស្សន៍ CCTV របស់​រដ្ឋ​ចិន​​បាន​ឲ្យ​ដឹង​​ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​ថា​៖ «នាយកដា្ឋន​​របស់​រដ្ឋាភិបាល​​ប្រទេស​ ​ចិន ​ដែល​ពាក់ព័ន្ធ​​​​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​ ១​ ខែ ​មិថុនា ​ថា ដោយសារ​​​​ក្រុមហ៊ុន​អាមេរិក​ FedEx មិន​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​អាសយដ្ឋាន​ត្រឹមត្រូវ​​នៅ​ក្នុង​ប្រទេស ចិន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ស្រប​ច្បាប់​ និង​​ផល​ប្រយោជន៍​​អតិថិជន​របស់​​​ខ្លួន ​ប្រទេស ចិន ​នឹង​បើក​ការ​ស៊ើប​​អង្កេត​មួយ​ភ្លាមៗ​»។
ទូរទស្សន៍ CCTV បាន​ឲ្យ​ដឹង​ថា​៖ «​​ក្នុង​នាម​ជា​​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ ដែល​ប្រតិបត្តិការ​​​ក្នុង​ប្រទេស ​ចិន ​អស់​រយៈពេល​ជា​ច្រើន​​ទសវត្សរ៍​មក​ហើយ​នោះ ​ក្រុមហ៊ុន​ FedEx មាន​កាតព្ធ​កិច្ច​​ ​សហការ​ជាមួយ​​ការ​ស៊ើប​​អង្កេត​​របស់​អាជ្ញាធរ​​ចិន​ដែល​​ពាក់ព័ន្ធ​»។​
ទូរទស្សន៍ CCTV បាន​កត់​សម្គាល់​ថា ចិន​បាន​បង្កើត​ប្រព័ន្ធ​មួយ​រួច​ហើយ​​ដែល​ហៅ​ថា អង្គភាព​ «ដែល​មិន​អាច​ទុក​​ចិត្ត​បាន​»។ ទូរទស្សន៍​ CCTV បន្ថែម​ថា​ ការ​​ស៊ើប​អង្កេត​នេះ​នឹង​ «ជា​ការ​ព្រមាន​មួយ​ដល់​​ក្រុមហ៊ុន​បរទេស​ផ្សេង​ទៀត​»។​
ក្រសួង​ពាណិជ្ជកម្ម​របស់​​ប្រទេស ចិន ​​កាល​​ពី​ថ្ងៃ​សុក្រ​ បាន​ប្រកាស​ថា ខ្លួន​នឹង​ចេញ​ផ្សាយ​បញ្ជី​ផ្ទាល់​របស់​ខ្លួន​ឈ្មោះ​ថា «​អង្គភាព​ដែល​​មិន​អាច​ទុក​ចិត្ត​បាន​​» ដែល​​រំលោភ​​កិច្ច​សន្យា ពាណិជ្ជកម្ម​របស់​ខ្លួន​ និង​​បញ្ឈប់​ការ​ផ្គត់ផ្គង់​ដល់​​ក្រុមហ៊ុន​របស់​ប្រទេស ចិន​។​
អ្នក​ជំនាញ​ចិន​មួយ​រូប​បាន​​ឲ្យ​ដឹង​​ថា បញ្ជី​ថ្មី​នេះ​នឹង​មាន​មុខងារ​ដូច​ទៅ​នឹង​​បញ្ជី​​​អង្គភាព​របស់​អាមេរិក​ដែរ​ ហើយ​បញ្ជី​នេះ​នឹង​ហាម​​ឃាត់​​ក្រុមហ៊ុន​​ចិន​​មិន​ឲ្យ​លក់​ ឬ​សហការ​ជាមួយ​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ចុះ​​ក្នុង​​បញ្ជី​ខ្មៅ​នេះ​៕ AFP/LA

No comments :

Post a Comment