Translate

Popular

Wednesday, May 8, 2019

សាប៊ូ​ធម្មជាតិ «​ដៃខ្មែរ​» ស្នាដៃ​យុវតី​ខ្មែរ​លើកស្ទួយ​ពី​ផលិតផល​ក្នុង​ស្រុក​ ផ្សំពីធម្មជាតិ

No comments :
ដុំ​សាប៊ូ​ធម្មជាតិ​តូច​សម្រាប់​អតិថិជន​សាកល្បង​ប្រើប្រាស់​ឥតគិតថ្លៃ​


កញ្ញា ភាព សុថុន ជា​អ្នកគ្រប់គ្រង​ទូទៅ​ហាង​សាប៊ូ Dai Khmer​

ភ្នំពេញៈ ឆ្លងតាម​បទពិសោធ​ផលិត​នូវ​ផលិតផល​ធម្មជាតិ​ដោយ​ប្រើ​សមាសធាតុ​ពី​ដូង ធ្យូង​ត្រឡោកដូង ប្រទាល​កន្ទុយក្រពើ និង​រមៀត​រយៈពេល ៥ ឆ្នាំ​កញ្ញា វត្ថា វិច្ឆិកា បាន​សម្រេច​គោលដៅ​ដោយ​បាន​ដាក់​លក់​ផលិតផល​ខ្លួន​លើ​ទីផ្សារ​ជា​សាធារណៈ​ដែល​មាន​អតិថិជន​គាំទ្រ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាមួយ​យីហោ «Dai Khmer» ស្ថិត​នៅ​ផ្លូវ ៤៦៤ ផ្ទះ​លេខ​ ១៤ សេ ផ្តុំ​ទួលទំពូង​។
Dai Khmer មាន​លក់​ផលិតផល​ដែល​ធ្វើ​ដោយ​ដៃ និង​ធម្មជាតិ​ដូចជា សាប៊ូដុំ​សម្រាប់​ដុសលាង​សម្អាត​បាន​មួយ​តួខ្លួន​ដែល​មាន ៤ ​ប្រភេទ​រួមមាន សាប៊ូរមៀត សាប៊ូ​ដូង សាប៊ូ​ធ្យូង​ត្រឡោក​ដូង និង​សាប៊ូ​ប្រទាល​កន្ទុយក្រពើ តម្លៃ​ក្នុង​ ១ ​ដុំ​ថ្លៃ​ ១ ​ម៉ឺន​រៀល​។
ធ្យូង​ត្រឡោកដូង​មាន​តួនាទី​សម្រាប់​លុបលាង​លើ​ផ្ទៃមុខ និង​ដងខ្លួន​ដោយ​ផ្អាប់​ទុក​រយៈពេល ៥ ​នាទី​មុន​ពេល​លាង​ទឹក​ចេញ ជាពិសេស​នោះ​វា​ជា​ប្រភេទ​ក្រែម​លាប​ពេល​យប់​ផលិត​ពី​ប្រទាល​កន្ទុយក្រពើ និង​រមៀត​ក្នុង​ ១ ​ដប​ថ្លៃ ៥ ដុល្លារ​។

ក្រែម​រមៀត​ផ្សំ​ពីរ​មៀត​ធម្មជាតិ​សម្រាប់​លាបមុខ​ពេល​យប់

កញ្ញា ភាព សុថុន វ័យ ២៣ ​ឆ្នាំ​ជា​អ្នក​ចាត់ការ​ទូទៅ​ក្នុង​ហាង Dai Khmer បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​វត្ថុ​ធាតុ​ផ្សំ និង​អត្ថប្រយោជន៍​វា​ថា​៖ «​ចំពោះ​សាប៊ូ​រមៀត យើង​យក​រមៀត​លាយ​ជាមួយ​ប្រេងដូង​។ វា​អាច​ជួយ​ឲ្យ​ស្បែក​ទន់ បំបាត់​ស្នាម​អុច​ខ្មៅ និង​បង្រួម​រន្ធ​រោម​នៅ​លើ​ផ្ទៃមុខ​។ សាប៊ូ​ប្រទាល​កន្ទុយក្រពើ​ជួយ​បំបាត់​មុន​នៅ​លើ​ផ្ទៃមុខ និង​ខ្នង​។ សាប៊ូ​ដូង​ជួយ​ឲ្យ​ស្បែក​មាន​សំណើម ហើយ​សាប៊ូ​ធ្យូង គឺ​យក​ធ្យូង​ត្រឡោក​ដូង​មក​លាយ​ជាមួយ​ប្រេងដូង​ដូចគ្នា​។ វា​ជួយ​កម្ចាត់​បាក់តេរី​នៅ​លើ​ស្បែក ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​»​។
កញ្ញា​បាន​ឲ្យ​ដឹង​ថា ធ្យូង​ត្រឡោកដូង​សម្រាប់​ផលិត​ជា​សាប៊ូ និង​ថ្នាំ​ដុសធ្មេញ ត្រូវ​បាន​ដុត​ក្នុង​កម្ដៅ ១ ពាន់​អង្សាសេ​រួច​យក​មក​កិន​ឲ្យ​ម៉ដ្ឋ​សម្រាប់​លាយ​ជាមួយ​ប្រេងដូង​ដើម្បី​ផលិត​ជា​សាប៊ូ និង​បន្ថែម​ក្រូចសើច​សម្រាប់​ល្បាយ​ស្ក្រាប់​ដុស​ខ្លួន​។
កញ្ញា សុថុន បន្ដ​ថា​៖ «​យើង​យក​ល្បាយ​ធ្យូង​ត្រឡោក​ដូង​មក​ធ្វើ​ជា​ថ្នាំ​ដុសធ្មេញ​ដោយ​ដាក់​ផ្សើម​លើ​ច្រាស​ដុសធ្មេញ​ហើយ​អាច​ប្រើ​បាន​ក្នុង​ ១ ​អាទិត្យ ៣ ទៅ ៤ ​ដង​»​។
អ្នកចាត់ការ​ទូទៅ​ក្នុង​ហាង Dai Khmer កញ្ញា ភាព សុថុន ជា​និស្សិត​នៅ​វិទ្យាស្ថាន​កម្ពុជា​ផ្នែក​គីមី​ចំណីអាហារ​មកពី​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា​៖ «​គោលបំណង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នេះ​ឡើង​មក​គឺ​ដើម្បី​ជួយ​ដល់​ស្ត្រី​ខ្មែរ​ទាំងឡាយ​ឲ្យ​មាន​ការងារ​ធ្វើ​ដោយ​បុគ្គលិក​សុទ្ធតែ​ជា​ស្ត្រី​ទាំងអស់ ហើយ​ជាពិសេស​នោះ​គឺ​ចង់​បង្វែរ​ស្ត្រី​ទាំងឡាយ​បក​មក​ប្រើ​ផលិតផល​ធម្មជាតិ​។ ទោះ​មិន​ទទួល​ផល​បាន​ឆាប់រហ័ស​ដូច​ផលិតផល​គីមី​ពិតមែន ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​ដូចគ្នា និង​មិន​ប៉ះពាល់​ដល់​សុខភាព​»​។
ការវេចខ្ចប់​ផលិតផល​ធម្មជាតិ​គឺ​មិន​ប្រើ​ប្លាស្ទិក​ឡើយ​ដោយ​កញ្ញា វត្ថា វិច្ឆិកា កែច្នៃ​ដើម​ចេក​ផលិត​ជា​ក្រដាស និង​យក​ទៅ​ឲ្យ​ជាង​កាត់​ចេញ​ជា​ពុម្ព​សម្រាប់​វេចខ្ចប់​សាប៊ូដុំ​ទាំងអស់​។
ដំណើរការ​នៃ​ការផលិត​សាប៊ូ​ធម្មជាតិ​គឺ​បាន​ចាប់ផ្តើម​ដំបូង​ដោយ​ថ្លឹង​ប្រេងដូង​ទៅ​តាម​ចំនួន​កំណត់ និង​គិតពី​បរិមាណ​មេសាប៊ូ​លាយ​ទឹក​ទុក​ឲ្យ​ត្រជាក់ បន្ទាប់មក​យក​មក​លាយ​ជាមួយ​ប្រេងដូង​រួច​ចាប់​កូរ​រហូត​ដល់​ល្បាយ​ឡើង​ខាប់ និង​ចាក់​ចូល​ទៅ​ក្នុង​ពុម្ព​ទុក​រយៈពេល ៨ ម៉ោង​ទើប​កាត់ចេញ​ជា​ដុំ​សម្រាប់​វេចខ្ចប់​។
កញ្ញា វត្ថា វិច្ឆិកា វ័យ ២៦ ​ឆ្នាំ​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​បាន​នាំ​យក​ផលិតផល​ទៅ​លក់​នៅ​ប្រទេស​ជាច្រើន​ដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង ហុងកុង សិង្ហបុរី និង​រុស្ស៊ី​»​។
កញ្ញា វិច្ឆិកា អះអាង​ថា​៖ «​ខ្ញុំ​គ្រោង​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង និង​អឺរ៉ុប​រួមទាំង អ៊ីតាលី​ដោយ​ផ្ទាល់​ដើម្បី​មើល​ទីផ្សារ​នៅ​ទី​នោះ​ផង​ដែរ​»៕

No comments :

Post a Comment