Wednesday, May 8, 2019
បុរសគ-ថ្លង់ ចាប់អាជីពរត់រ៉ឺម៉កផ្គត់ផ្គង់ ភរិយាគ-ថ្លង់ កូនប្រុស និងឪពុកម្ដាយមួយគ្រួសារ
ភ្ញៀវធ្វើកាយវិការជិះ PassApp លោក សុវណ្ណារ៉ូ |
ភ្នំពេញ: បុរសមាឌមាំ ធំក្រអាញ កម្លាំងពលំស្វាហាប់ លើកដៃជាសញ្ញាហៅម៉ូយ មិនខុសពីអ្នករត់រ៉ឺម៉កកង់៣ដទៃ។ ប៉ុន្ដែអ្វីដែលខុសប្លែកនោះគឺលោក គង់ សុវណ្ណារ៉ូ ស្ដាប់មិនឮភ្ញៀវនិយាយ និងមិនអាចឆ្លើយតបតនូវតម្រូវការពីភ្ញៀវឡើយ។ មធ្យោបាយល្អតែមួយគត់របស់អ្នករត់កង់៣រូបនេះគឺក្រដាសស និងប៊ិក ១ ដើមសម្រាប់ឲ្យភ្ញៀវសរសេរពីតម្រូវការឈ្មោះទីតាំងគោលដៅ ឬការបង្ហាញផែនទីលើទូរស័ព្ទដៃ។
អែបត្រីចក្រយានយន្ដលើចិញ្ចើមផ្លូវរង់ចាំហៅម៉ូយម្ដុំផ្សារទួលទំពូងលោក គង់ សុវណ្ណារ៉ូ នៅបន្ដពុះពារការលំបាកនានាលើវិថីចរាចរណ៍ប្រកបដោយគ្រោះថ្នាក់ ពេលលោកស្ដាប់អ្វីមិនឮ និងមិនអាចប្រាស្រ័យទាក់ទងជាមួយភ្ញៀវ ដែលអ្នកខ្លះមានអារម្មណ៍ខ្លាចរអា និងមិនហ៊ានរួមដំណើរជាមួយលោក។
បុរសអាយុ ៣១ ឆ្នាំរូបនេះបានឲ្យដឹងតាមរយៈអ្នកបកប្រែភាសាកាយវិការថា ពេលបើកបរតាមដងផ្លូវ លោកអត់ដឹងថានរណាបានហៅជិះរ៉ឺម៉កឬអត់នោះទេ។ ពេលឃើញសញ្ញារបស់ភ្ញៀវ និងតបដោយសញ្ញាវិញ ភ្ញៀវខ្លះក៏មិនចង់ជិះ រួចដើរផុតទៅ ភ្ញៀវខ្លះក៏លុបចោលការហៅតាមកម្មវិធីទូរស័ព្ទ តែភ្ញៀវខ្លះ ក៏មានក្ដីអាណិតអាសូរលោកដែរ។
បុរសគ-ថ្លង់ ដែលចាប់អាជីពជាអ្នករត់រ៉ឺម៉ក PassApp លោក គង់ សុវណ្ណារ៉ូ និងក្រុមគ្រួសារ |
លោក សុវណ្ណារ៉ូ បានរំឭកអំពីការចាប់អាជីពជាអ្នករត់កង់៣ដំបូងថា៖ «ខ្ញុំចាំបានថា កាលនោះមានភ្ញៀវបរទេសម្នាក់ គាត់មកជិះកង់៣ខ្ញុំ ខ្ញុំប្រាប់ថាខ្ញុំស្តាប់អត់បានទេ ខ្ញុំបង្ហាញផែនទីទៅគាត់ គាត់ចង្អុលប្រាប់ទីតាំង ហើយខ្ញុំក៏បានឌុបគាត់ទៅដល់គោលដៅ។ ចំណែកភ្ញៀវខ្មែរ គាត់ហៅអ៊ីចឹង ខ្ញុំប្រាប់តាមកាយវិការថាខ្ញុំថ្លង់ តែខ្ញុំមានក្រដាសឲ្យគាត់ ពួកគាត់សរសេរប្រាប់ទីតាំងមក ខ្ញុំឌុបគាត់ទៅ»។
ដោយបានផ្លាស់ប្ដូរមុខរបរពីកូនកាំបិតតាមភោជនីយដ្ឋាន និងបន្ដជាអ្នកស៊ីឈ្នួលកាប់ឈើមួយរយៈជាមួយអនាគតផ្លូវជីវិតដ៏ស្រពេចស្រពិល បុរសរូបនេះតែងតែជួបរឿងបរាជ័យក្នុងការព្យាយាមស្វះស្វែងរកការងារនៅភ្នំពេញជាច្រើនលើកច្រើនសា។
រហូតដល់ថ្ងៃ ១ រយៈពេល ៥ ឆ្នាំអ្នកម្ដាយរបស់លោកដែលមានអាជីពជាអ្នករត់រ៉ឺម៉កកង់៣ស្ដ្រីស្រាប់ ក៏ដាច់ចិត្ដបង្រៀនជំនាញនេះដល់កូនប្រុស ទោះវាអាចប្រឈមនឹងហានិភ័យលើចរាចរណ៍ខ្វាត់ខ្វែងយ៉ាងណាក៏ដោយ។
លោក សុវណ្ណារ៉ូ បានបន្ដថា៖ «នៅឆ្នាំ ២០១៤ ខ្ញុំរៀនស្គាល់ពីលេខផ្លូវ និងអាសយដ្ឋានតាមឪពុករបស់ខ្ញុំ ហើយរៀនបើកកង់៣ពីម្តាយខ្ញុំ។ ពេលចេះច្បាស់ ទើបខ្ញុំចេញទៅរត់កង់៣»។
ប្រពន្ធ និងកូនប្រុសលោក គង់ សុវណ្ណារ៉ូ |
យ៉ាងណាមិញការវិវឌ្ឍនៃបច្ចេកវិទ្យាតាមរយៈការហៅរ៉ឺម៉កលើកម្មវិធីទូរស័ព្ទ បានជួយសម្រួលដល់កិច្ចការរបស់បុរសគថ្លង់រូបនេះយ៉ាងច្រើន ខណៈការទំនាក់ទំនងភាគច្រើនស្ថិតនៅលើអេក្រង់ទូរស័ព្ទ។
ក្នុងឆ្នាំ ២០១៨ ពេលភរិយាជាស្ដ្រីគថ្លង់ដែរនោះសម្រាលកូនបាន ៣ ខែលោក សុវណ្ណារ៉ូ ក៏សម្រេចចិត្ដខ្ចីបុលធនាគារទិញរ៉ឺម៉កឥណ្ឌាបំពាក់កម្មវិធី (App) ដើម្បីដឹកជញ្ជូនភ្ញៀវកាន់តែងាយស្រួល។
បច្ចុប្បន្ននេះរបររត់រ៉ឺម៉ករបស់បុរសគថ្លង់ គង់ សុវណ្ណារ៉ូ បានផ្គត់ផ្គង់ជីវភាពគ្រួសារទាំងមូលរួមមាន ឪពុក ម្ដាយ ម្ដាយធំ ភរិយា រួមទាំងកូនប្រុសដ៏គួរឲ្យបារម្ភដែលប្រាកដថា កូនប្រុសរបស់ពួកគេមិនជួបរឿងអកុសលពីកំណើតនោះឡើយ។
ថ្លែងទាំងទឹកភ្នែកស្រក់រលីងរលោង ម្តាយបុរសរត់កង់៣ អ្នកស្រី គី ចាន់ធូ អាយុជាង ៥០ ឆ្នាំបានរំឭកពីអារម្មណ៍នៅពេលដែលដឹងថា កូនប្រុសមិនអាចស្តាប់ និងនិយាយបានថា៖ «នៅអាយុ ៩ ខែ កូនខ្ញុំឈឺដាក់សេរ៉ូម ខ្ញុំងក់ក្បាល គាត់សើចដាក់។ ប៉ុន្តែយើងហៅពីចំហៀង គាត់អត់ឮទេ។ អ៊ីចឹងទើបខ្ញុំដឹងថា កូនខ្ញុំគថ្លង់។ ខ្ញុំពិបាកចិត្តណាស់ ខ្ញុំអត់ចង់រស់ទេ ខ្ញុំអាណិតកូន។ នាពេលក្រោយមក ខ្ញុំកាត់ចិត្ត ខ្ញុំគិតថាគ្រាន់បើជាងខ្វាក់ខ្វិន ខ្ញុំតស៊ូចិញ្ចឹមកូនមក»។
សម្រាកនៅផ្ទះលក់ដូរបន្តិចបន្តួច និងនៅមើលថែចៅប្រុសអាយុទើបតែ ៣ ខែស្ដ្រីធ្លាប់រត់រ៉ឺម៉ករូបនេះតែងតែបារម្ភពីកូនប្រុសខ្លាចជួបប្រទះនឹងគ្រោះថ្នាក់ផ្សេងៗនៅពេលចេញទៅរត់កង់៣ម្តងៗដែលអ្នកស្រីតែងតែបន់ស្រន់សុំឲ្យកូនជួបតែសេចក្តីសុខតាមផ្លូវ។
កាលពីកុមារភាពលោក សុវណ្ណារ៉ូ ជាក្មេងដែលចូលចិត្តរៀនសូត្រ ប៉ុន្តែលោកមិនអាចសម្រេចបំណងនេះបានព្រោះលោកមិនអាចស្តាប់ឮ និងយល់ពីអ្វីដែលអ្នកនៅជុំវិញខ្លួនលោកនិយាយ។ រហូតដល់ឆ្នាំ ១៩៩៩ ទើបលោកបានចូលរៀននៅសាលារបស់អង្គការគ្រួសារថ្មីដែលជាពេលមួយធ្វើឲ្យលោកអាចសិក្សាភាសាសញ្ញា និងអក្សរសាស្ត្រខ្មែរ និងជាកន្លែងដំបូងដែលលោកបានជួបភរិយាកាលវ័យកុមារ។
ទាក់ទងការតស៊ូតាំងពីកុមាររហូតមកដល់បច្ចុប្បន្ន សុវណ្ណារ៉ូ ក៏បានបញ្ជាក់តាមរយៈអ្នកបកប្រែថា៖ «ខ្ញុំអត់ដែលគិតចង់សម្លាប់ខ្លួនទេ ព្រោះខ្ញុំគិតថា ជីវិតខ្ញុំសំខាន់ ខ្ញុំនឹងតស៊ូ និងស្វែងរកការងារធ្វើ ឬរត់កង់៣ហ្នឹងរហូតដើម្បីចិញ្ចឹមគ្រួសារ និងនៅពេលកូនខ្ញុំធំ មានការងារធ្វើ»។
អ្នករត់ត្រីចក្រយានយន្ដរូបនេះ សុំសំណូមពរដល់ភ្ញៀវទាំងអស់កុំរើសអើងជនពិការ សូមជួយគាំទ្រជនពិការក៏ដូចជាជិះកង់៣របស់លោកដែលអាចទាក់ទាក់តាមហ្វេសប៊ុក #kongsovannaro និងតាមរយៈលេខទូរស័ព្ទ ០៩៥ ២២៦ ០៩៥៕
វីដេអូ៖
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment