Monday, May 20, 2019
ក្រសួងប្រាប់លោកស្រី ស្ម៊ីត ពីថ្ងៃបញ្ចប់នៃការចុះបញ្ជីដី
ជំនួបរវាងមន្ត្រីក្រសួងរៀបចំដែនដី និងគណៈប្រតិភូរបស់លោកស្រី រ៉ូណា ស្មុីត ។ |
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ប្រកាសប្រាប់ លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ (អសប) ប្រចាំកម្ពុជាថាក្រសួងគ្រោងនឹងបញ្ចប់ការចុះបញ្ជីដីធ្លីត្រឹមឆ្នាំ ២០២១ ខណៈពេលនេះទើបសម្រេចបាន ៧៤ ភាគរយ។
ការចេញសេចក្ដីប្រកាសព័ត៌មាននេះបានធ្វើឡើងកាលពីថ្ងៃអង្គារ ប៉ុន្មានម៉ោងបន្ទាប់ពីភាគីទាំង ២ បានជួបគ្នានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស ពិសេសទាក់ទងនឹងបញ្ហាដីធ្លី។
តាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រសួងបានចុះបញ្ជីដី ៥,២ លានក្បាលដី ស្មើនឹង ៧៤ ភាគរយ ក្នុងចំណោមក្បាលដីសរុប ៧ លានក្បាលដី ក្នុងនោះក្រសួងបានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបាន ២៤ សហគមន៍ និងបានដោះស្រាយបញ្ចប់វិវាទដីធ្លី ៨ ០៦២ ករណី ហើយនៅសល់ប្រមាណជា ២០០០ ករណីទៀត ក្រសួងកំពុងបន្តដោះស្រាយ។
តាមសេចក្តីប្រកាសព័ត៌មានដដែល លោក ជា សុផារ៉ា ក៏បានបញ្ជាក់ប្រាប់លោកស្រី ស្ម៊ីត ផងដែរថា ក្រសួងនឹងជំរុញពន្លឿនការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចដែលនៅសេសសល់ ការចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ការគាំទ្ររដ្ឋបាលខេត្តកំពង់ឆ្នាំងដើម្បីរៀបចំការតាំងលំនៅថ្មីរបស់ពលរដ្ឋដែលរស់នៅលើទឹក ការសហការកែលម្អក្របខ័ណ្ឌនគរូបនីយកម្មនៅកម្ពុជា និងការរៀបចំវេទិកាថ្នាក់ជាតិស្តីពីនគរូបនីយកម្មឱ្យបានជោគជ័យ។
ទាក់ទងនឹងបញ្ហានេះដែរ លោកស្រី រ៉ូណា ស្ម៊ីត បានសរសេរនៅលើទំព័រហ្វេសប៊ុកថា លោកស្រីបានស្វែងយល់អំពីវឌ្ឍនភាពនៃការដោះស្រាយកម្មសិទ្ធិដីធ្លី និងជម្លោះដីធ្លីចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកស្រីមកកម្ពុជាចុងក្រោយ។
ប៉ុន្តែជំនួបលើកនេះ លោកស្រីបានពិភាក្សាអំពីបញ្ហាទំនាស់ដីធ្លីមួយចំនួនដែលកំពុងបន្តកើតមានឡើង។
លោកស្រី បញ្ជាក់ថា៖ «ជាចុងក្រោយការងាររបស់ក្រសួងអំពីនគរូបនីយកម្មនិងទំនាក់ទំនងការងាររបស់ក្រសួងទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក៏ត្រូវបានគូសបញ្ជាក់ឲ្យដឹងផងដែរ»។
លោក សេង ឡូត អ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រសួងខិតខំអនុវត្តផែនការដើម្បីសម្រេចគោលដៅបញ្ចប់ការចុះបញ្ជីដីធ្លីនៅឆ្នាំ ២០២១ ។ ក្រសួងមិនមានបញ្ហាអ្វីទេក្នុងការអនុវត្តតាមផែនការនេះគឺក្រសួងធ្វើបានជាហូរហែនិងប្ដេជ្ញាសម្រេចឱ្យបានទៅតាមផែនការនោះ។
លោក សេង ឡូត បានបញ្ជាក់ថា៖ «នីតិវិធី ការអនុវត្តការងារយើងមានអស់ហើយ អត់មានអីថាថ្មី ហើយស្រពេចស្រពិលទេ។យើងនៅតែពន្លឿនកិច្ចការហ្នឹង។ ក្រុមការងារចុះធ្វើចុះវាស់ចុះផ្សាយគ្រប់បែបយ៉ាងអស់ហើយ។ ការប្រកាសតំបន់វិនិច្ឆ័យតាមភូមិនីមួយៗ ហ្នឹងយើងពន្លឿនកិច្ចការហ្នឹង។យើងមានផ្តល់ជូននូវម៉ាស៊ីនវាស់វែងទំនើបបន្ថែមដើម្បីសម្រួលការងារហ្នឹង។ យើងត្រៀមលក្ខណៈទាំងមធ្យោបាយទាំងកម្លាំងការងារដើម្បីសម្រេចផែនការហ្នឹង»។
កាលពីពេលជួបជាមួយ លោកស្រី រ៉ូណា ស្ម៊ីត លោក ជា សុផារ៉ា ក៏បានប្រាប់លោកស្រីផងដែរ អំពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងវិស័យដីធ្លីនិងលំនៅឋាននិងបានរាយការណ៍អំពីការកែសម្រួលនីតិវិធីចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចឱ្យកាន់តែងាយស្រួលនិងរហ័សជាងមុន ការតាំងលំនៅថ្មីរបស់ប្រជាជននៅឃុំឆ្នុកទ្រូខេត្តកំពង់ឆ្នាំងដែលរស់នៅលើទឹកមករស់នៅលើដី និងការរៀបចំឱ្យមានគោលការណ៍ណែនាំរួមមួយក្នុងការដោះស្រាយទំនាស់ដីធ្លី៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment