ភ្នំពេញៈ ក្រុមហ៊ុន ទ្រី ភាព អេនជីនារីង និងខនស្រ្ដាក់សិន បានស្នើសុំការអនុញ្ញាតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសិក្សាបូមស្ដារនិងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំណុចច្រកព្រំដែនកម្ពុជា-វៀតណាម ក្អមសំណ រហូតដល់ ខេត្តកំពង់ចាម ក្រចេះ និងទន្លេបាសាក់ផងដែរ។ នេះបើតាមលិខិតមួយរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី។
លិខិតដែលចុះហត្ថលេខាដោយលោក ជ្រា សុចិន្តា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងធនធានទឹក នៅថ្ងៃទី ៧ ខែ ឧសភា ឱ្យដឹងថា កាលពីថ្ងៃទី ១ ខែ ឧសភា លោកនាយករដ្ឋមន្រ្តី បានចារលើលិខិតស្នើសុំគោលការណ៍អនុញ្ញាតចុះសិក្សាបូមស្ដារនិងធ្វើច្រាំងទន្លេមេគង្គ របស់ក្រុមហ៊ុន ទ្រី ភាព អេនជីនារីង និងខនស្រ្ដាក់សិននិងបានសម្រេចឱ្យរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោ បើកកិច្ចពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងផ្ដល់មតិ។
ទោះយ៉ាងណា លិខិតពុំបានបញ្ជាក់អំពីព័ត៌មានលម្អិតទេ។ ជុំវិញការស្នើសុំបូមស្ដារ និងធ្វើច្រាំងទន្លេនេះ ភ្នំពេញប៉ុស្ដិ៍ មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួង ធនធានទឹក និងឧតុនិយមលោក ចាន់ យុត្ថា បានទេ ដោយលោកមិនព្រមលើកទូរស័ព្ទ រីឯលោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងលោក ទិត្យ សុធា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី សុទ្ធតែបានឆ្លើយថា ពួកលោកពុំបានដឹងរឿងនេះទេ ស្របពេលលោក ជ្រា សុចិន្តា មិនទាន់មានប្រភពអាចទាក់ទងបាន។
ជាមួយគ្នានេះ ខាងភាគី ក្រុមហ៊ុន ទ្រី ភាព អេនជីនារីងនិងខនស្ដ្រាក់សិន ក៏មិនអាចសុំការបញ្ជាក់បន្ថែមបានដែរ កាលពីម្សិលមិញដោយសារទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល៕
No comments :
Post a Comment