Monday, May 20, 2019
អ្នករាយការណ៍ពិសេស UN អរគុណរាជរដ្ឋាភិបាលក្រោយបញ្ចប់បេសកកម្ម ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា
លោកស្រី រ៉ូណា ស្មុីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃម្សិលមិញ។ |
ភ្នំពេញៈ លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជាបានបញ្ចប់បេសកកម្ម ៧ ថ្ងៃ នៅកម្ពុជាដោយបានជួបរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូប ហើយបានពិភាក្សាដោយបើកចំហអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៅប្រទេស កម្ពុជា។
លោកស្រី ស្ម៊ីត បានចេញសេចក្ដីថ្លែងការណ៍បញ្ចប់បេសកកម្មមួយកាលពីម្សិលមិញ បានឲ្យដឹងដែរថា ក្រៅពីរាជរដ្ឋាភិបាល លោកស្រីក៏មានជួបជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតរួមមានប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល សហគមន៍ការទូតនិងក្រុមអង្គការសហប្រជាជាតិ ប្រចាំប្រទេស កម្ពុជា។
លោកស្រី ស្ម៊ីត បានថ្លែងថា៖ «ខ្ញុំបានបញ្ចប់បេសកកម្មលើកទី ៧ របស់ខ្ញុំ ក្នុងនាមជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលបានអញ្ជើញខ្ញុំមកបំពេញទស្សនកិច្ចនាពេលនេះ និងឆន្ទៈរបស់មន្ត្រីរដ្ឋាភិបាលជាច្រើនរូបដែលបានយល់ព្រមជួបប្រជុំជាមួយខ្ញុំ»។
លោកស្រីថ្លែងទៀតថា៖ «ខ្ញុំបានយកចិត្តទុកដាក់ជាពិសេស ចំពោះបញ្ហាទូទៅ ស្តីពីសិទ្ធិមនុស្ស និងការតស៊ូមតិដើម្បីសិទ្ធិមនុស្ស។ ក្នុងន័យនេះ ខ្ញុំមានការសោកស្តាយចំពោះការបំពេញការងារ និងការតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទិ្ធមនុស្ស បែរជាត្រូវបានគេបន្តចាត់ទុកថាជាផ្នែកមួយនៃគណបក្សប្រឆាំង ឬមានការគាំទ្រគណបក្សប្រឆាំងទៅវិញ»។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានបង្ហាញការសោកស្ដាយ និងនៅតែមានការបារម្ភទៅលើបញ្ហាសិទ្ធិមនុស្ស និងការដាក់សម្ពាធទៅលើសមាជិកនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូល។
លោកស្រី ថ្លែងផងដែរថា៖ «នៅគ្រប់បណ្តាប្រទេសទាំងអស់ បញ្ហាសិទិ្ធមនុស្សអាចជាចំណុចរសើបផ្នែកនយោបាយ ហើយខ្លឹមសារនៃសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយគឺទាក់ទងនឹងលំហនយោបាយ។ ក្នុងស្មារតីនេះដែរ ខ្ញុំសូមបញ្ជាក់ម្តងទៀត ការលើកទឹកចិត្តរបស់ខ្ញុំដល់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការគោរពសេរីភាពជួបប្រជុំដោយសន្តិវិធី»។
លោកស្រីក៏បានបង្ហាញនូវការទទួលស្គាល់ផងដែរថា ការប្រមូលផ្តុំពាក់ព័ន្ធនឹងករណីដីធ្លី ជាពិសេស សហគមន៍ដែលធ្វើដំណើរមករាជធានីភ្នំពេញដើម្បីដាក់ញត្តិជូនអាជ្ញាធរពាក់ព័ន្ធត្រូវបានអនុញ្ញាត។ ក៏ប៉ុន្តែ លោកស្រី ក៏កត់សម្គាល់ឃើញថា ការអនុញ្ញាតហែក្បួននៅទិវាសិទ្ធិមនុស្ស ទិវាសិទ្ធិនារីអន្តរជាតិ និងទិវាពលកម្មអន្តរជាតិ ត្រូវបានបដិសេធដោយសារតែមានហេតុផលថា អាចមានការរំខានដល់ចរាចរណ៍។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមរំឭកថា គោលការណ៍ណែនាំសម្រាប់អនុវត្ត ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី គូសបញ្ជាក់ថា ការប៉ះពាល់ដល់ចរាចរណ៍ មិនមែនជាមូលដ្ឋានដើម្បីបដិសេធការស្នើសុំហែក្បួននោះឡើយ»។
លើសពីនេះទៅទៀត លោកស្រីក៏បានសូមអំពាវនាវដល់រដ្ឋាភិបាល ចៀសវាងការប្រើកម្លាំងហួសហេតុនៅក្នុងការគ្រប់គ្រងលើការប្រមូលផ្តុំ។ ការចូលរួមប្រកបដោយអត្ថន័យនៅក្នុងអភិបាលកិច្ច និងការអភិវឌ្ឍក៏បានរួមបញ្ចូលផងដែរនូវសិទ្ធិចូលរួមចំណែកនៅក្នុងការរៀបចំកិច្ចការសាធារណៈ ដោយផ្ទាល់ ឬតាមរយៈតំណាងដែលបានជ្រើសរើសដោយសេរី។
នៅក្នុងករណីនេះ លោកស្រី ក៏បានស្វាគមន៍ចំពោះការលើកលែងទោសដោយព្រះមហាក្សត្រ និងការដោះលែងសមាជិក និងសកម្មជនគណបក្សប្រឆាំងមួយចំនួនកាលពីខែវិច្ឆិកាកន្លងទៅ។
លោកស្រីថ្លែងថា៖ «ខ្ញុំកត់សម្គាល់ចំពោះការអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីខែធ្នូកន្លងទៅ ដែលអនុញ្ញាតឲ្យបុគ្គលដែលត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយដោយតុលាការកំពូលកាលពីលើកមុន អាចស្នើសុំសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ តាមរយៈលោកនាយករដ្ឋមន្ត្រីទៅព្រះមហាក្សត្រ»។
លោកស្រីក៏បានអះអាងផងដែរ ជាលទ្ធផលមានបុគ្គលចំនួន ៩ រូប ក្នុងចំណោម ១១៨ រូប ដែលត្រូវបានហាមឃាត់ បានសម្រេចចិត្តប្រើប្រាស់ បទប្បញ្ញត្តិនៃវិសោធនកម្មច្បាប់នេះ និងត្រូវបានស្តារនីតិសម្បទាឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយលោក គឹម សន្ដិភាព មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងកាលពីម្សិលមិញដោយអះអាងថា មិនយល់អំពីទស្សនៈលើកឡើងរបស់លោកស្រី រ៉ូណា ស្មុីត អំពីការដាក់សម្ពាធលើអតីតសមាជិកបក្សប្រឆាំងនោះទេ ព្រោះចំណាត់ការរបស់តុលាការកន្លងមកមិនដែលជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឡើយ និងមានតែមានការអនុវត្តចំពោះអ្នកនយោបាយដែលប្រព្រឹត្តបទល្មើសប៉ុណ្ណោះ។
លោក គឹម សន្ដិភាព ថ្លែងថា៖ «តើកម្ពុជានឹងក្លាយជាប្រទេសប្រកាន់នីតិរដ្ឋឬប្រកាន់អំពើនិទ្ទណ្ឌភាព ប្រសិនតុលាការលើកលែងទោសឱ្យអ្នកនយោបាយប្រព្រឹត្តបទល្មើសរួចខ្លួន តែមិនលើកលែងទោសចំពោះពលរដ្ឋសាមញ្ញដែលប្រព្រឹត្តបទល្មើសដូចអ្នកនយោបាយ។ ខ្ញុំមានចម្លើយតែប៉ុណ្ណឹង សុំកុំឱ្យយកចំណាត់ការរបស់តុលាការទៅជាចំណាប់ខ្មាំងនៃអ្នកនយោបាយ គឺតុលាការអនុវត្តច្បាប់ទៅអ្នកប្រព្រឹត្តបទល្មើស រាល់បុគ្គលទាំងឡាយណាប្រព្រឹត្តបទល្មើស គឺស្ថិតក្នុងយុត្ថាធិការព្រហ្មទណ្ឌរបស់តុលាការហើយ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាទូទៅអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់ អសប ហាក់ដូចជាមានជំហរ ឬទស្សនៈទៅកាន់គណបក្សប្រឆាំងច្រើនជាង ហើយការបំពេញទស្សនកិច្ចរបស់គាត់គឺគាត់មកតែក្នុងរយៈពេលខ្លីដោយមិនបានស្វែងយល់ពីសភាពការណ៍ទូទៅនៅកម្ពុជាក្នុងរយៈពេល ៣៦៥ ថ្ងៃទេ។
លោក គិន ភា បញ្ជាក់ថា៖ «គាត់មកមើលតែជ្រុងណាមួយ ហើយទស្សនៈរបស់គាត់គឺចាប់អារម្មណ៍ ជាពិសេសទៅលើភាពអវិជ្ជមានរបស់រាជរដ្ឋាភិបាល។ អ៊ីចឹងហើយ រាល់ពេលដែលគាត់ចេញរបាយការណ៍ ធ្វើឱ្យខាងរដ្ឋាភិបាលលោកយល់ថាជាជំហរមួយដែលស្របទៅនឹងទស្សនៈរបស់បក្សប្រឆាំង។ អាហ្នឹងគឺអ្នករាយការណ៍ពិសេសខ្លួនឯងគួរតែពិនិត្យអំពីទិដ្ឋភាព និងវិជ្ជាជីវៈនៅក្នុងការរាយការណ៍ព័ត៌មានជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ»។
លោក គិន ភា បន្តថា រដ្ឋាភិបាលក៏គួរតែគិតមើលឡើងវិញថា តើអ្វីដែលជាអនុសាសន៍ឬក៏កង្វល់របស់អ្នក រាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់ អសប វាសមស្រប និងឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង ហើយរដ្ឋាភិបាលគួរយកអនុសាសន៍នោះមកពិចារណាធ្វើការកែលម្អដើម្បីលើកកម្ពស់សិទ្ធិនៅកម្ពុជាដែរឬយ៉ាងណា?
លោក ភា ថ្លែងថា៖ «យើងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋក៏ដូចជាអ្នករាជការទាំងអស់រួមទាំងតុលាការជា ពិសេសហ្នឹងគឺគោរពគោលការណ៍នីតិរដ្ឋនៃរដ្ឋអធិបតេយ្យមួយ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment