Translate

Popular

Monday, May 20, 2019

ម្ចាស់​ក្រុមហ៊ុន GCG Asia ត្រូវបាន​ឃុំ​ខ្លួន​ ពី​បទប៉ុនប៉ង​ឆបោក

No comments :
នាយកក្រុមហ៊ុន GCG ASIA ដែលត្រូវបានចាប់ខ្លួនសប្តាហ៍មុនពី​បទប៉ុនប៉ងឆបោក។
ភ្នំពេញៈ បុរស​ម្ចាស់​ក្រុម​ហ៊ុន​ GCG ASIA ដែលជា​ជនជាតិ​ម៉ាឡេស៊ី ​ឈ្មោះ YAW FOO HOE ត្រូវបាន​តុលាការ ​សម្រេច​ឃុំខ្លួន​ជាបណ្តោះ​អាសន្ន ​ពី​ម្សិលមិញ ​ដោយចោទ​ពី​បទ ​«ប៉ុនប៉ង​ឆបោក» ​បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ខណៈក្រុម​ហ៊ុននេះ​យក​ឈ្មោះ និង​រូប​ថត​របស់​លោក​ទៅ​ប្រើប្រាស់​ក្នុង​រូបភាព​ឆបោក ​និង​ក្លែង​បន្លំ។
លោក​ លី សុ​ផាណា ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​ ក្រោយពី​បានទទួល ​និង​ពិនិត្យ​សំណុំ​រឿង​ ព្រមទាំង​សាកសួរ​ចម្លើយ​លើ​ឈ្មោះ ​YAW FOO HOE ចប់​សព្វគ្រប់ ​តំណាង​អយ្យការ​ បានសម្រេច​បើក​ការស៊ើបសួរ ​ដោយ​ចោទប្រកាន់​ពីបទ​ «ប៉ុនប៉ង​ឆបោក»តាម​មាត្រា​ ៣៧៧ ៣៧៨ ​និង​មាត្រា ​៣៨១ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។
លោក​បញ្ជាក់ថា​៖ «ដាក់ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អាសន្ន ​បន្ទាប់ពី​ព្រះរាជ​អាជ្ញារង​​លោក ​តុប ឈុន​ឡុង ​បាន​ចោទប្រ​កាន់​ពីបទ ​«ប៉ុនប៉ង​ឆបោក» ​តាម​មាត្រា​ ៣៧៧ ​មាត្រា​ ៣៧៨ ​និង​មាត្រា​ ៣៨១ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ»។
លោក​ ឆាយ គឹម​ខឿន​ អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ម្សិលមិញ​បាន​ថ្លែងថា​ ក្រុមហ៊ុន​ GCG ASIA Co​., LTD ជា​ក្រុមហ៊ុន​ឆបោក​លក្ខណ​អន្ដរជាតិ​ ហើយ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​បាន​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​នេះ​​រួច​ហើយ។ លោក​បន្តថា ​កម្លាំង​នគរបាល​ជំនាញ​បាន​រកឃើញថា​ ក្រុមហ៊ុន​មួយ​នេះ​ មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​ធនាគារ​ជាតិ ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទេ ​ដោយ​ធ្លាប់​រកស៊ី​បោកប្រាស់​នៅ​ប្រទេស​ម៉ាឡេស៊ីនិង​ឥណ្ឌូ​នេស៊ី ​ប៉ុន្ដែ​ត្រូវបាន​អាជ្ញាធរ​ប្រទេស​ទាំង ២ ដឹង​ល្បិច ​ក៏​រត់​មក​បោះ​មូលដ្ឋាន​នៅ​កម្ពុជា​វិញ។
លោក​បញ្ជាក់ថា​៖ «ពលរដ្ឋ​ខ្មែរ ​មិនទាន់​ចាញ់បោក​ក្រុមហ៊ុន​នេះ​ទេ ​មាន [អ្នក​ចាញ់បោក]​ ភាគច្រើន​តែ​ជនជាតិ​ចិន ​ព្រោះ​ក្រុមហ៊ុន​នេះ​ដា​ក់​លក់​តែ​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​ស្នាក់ការ​នៅ​កម្ពុជា។ ក្រៅពី​យើង​បាន​សួរចម្លើយ​នេះ​ នៅ មាន​បញ្ហា​ដែល​គួរ​ឲ្យ​សង្ស័យ​មួយចំនួន​ទៀត។ ដូច្នេះ ​យើង​ក៏​សម្រេចចិត្ត​បញ្ជូន​ទៅ​តុលាការ​បន្តទៀត ​ដើម្បី​ធ្វើការ​តាម​នីតិ​វិធី។ ចំណែក​ភរិយា​គាត់ ​និង​សហការី ​គឺ​មិនមាន​កំហុស​ពាក់ព័ន្ធ​ទេ ​ទើប​យើង​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ»។
តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចុះ​ថ្ងៃទី ១៧ ​ខែ ឧសភា​ បង្ហាញថា ​ក្រុមហ៊ុន​ឈ្មោះ GCG ASIA Co., LTD បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការទទួលបាន​អាជ្ញា​ប័​ណ្ណ​ប្រកប​អាជីវកម្ម​ប្ដូរប្រាក់​ពី​ធនាគារជាតិ​នៃ​កម្ពុជា ​និង​បាន​ប្រើប្រាស់​ឈ្មោះ ​និង​ស្លាក​សញ្ញា​ធនាគារជាតិ​នៃ​កម្ពុជា​លើ​គេហទំព័រ​របស់​ខ្លួន ​ក្នុង​គោល​បំណង​ទុច្ចរិត។
សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ បាន​បន្តថា ​ធនាគារជាតិ​នៃ​កម្ពុជា​មិន​ធ្លាប់​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ធ្វើប្រតិបត្តិការ​ប្ដូរប្រាក់ ឬ​អាជ្ញាប័ណ្ណ​ណាមួយ​ដល់​ក្រុមហ៊ុន​ GCG ASIA Co., LTD​ នេះ​ទេ។ ធនាគារ​ជាតិ​នៃ​កម្ពុជា​សូម​បដិសេធ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន​នេះ។
ធនាគារ​ជាតិ​នៃ​កម្ពុជាបាន​បញ្ជាក់​ថា​៖ «ដើម្បី​ចៀសវាង​ពី​ការ​ឆបោក​ណាមួយ ​សូម​សាធារណជន​មេត្តា​ប្រុង​ប្រ​យ័ត្ន ​ចំពោះ​ព័ត៌មាន​ផ្សេងៗ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន​ខាងលើ​នេះ ​ព្រោះ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ធ្លាប់បាន​ប្រកាស​ជូន​ដំណឹង​ដល់​សាធារណជន​រួចមក​ហើយ​អំពី​ការ​មិន​ទទួល​ស្គាល់ ​Cryto Currencies ឬ​ឧបករណ៍​ទូទាត់​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល ​និង​ហានិភ័យ​ពាក់ព័ន្ធ»។
មុនពេល​សមត្ថកិច្ច​ឃាត់ខ្លួន ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃទី ១៦ ខែ ឧសភា​ ​ថា​៖ កាលពី​ពេលថ្មីៗនេះ ​មាន​ក្រុមហ៊ុន​ឈ្មោះ​ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ​ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅក្នុង ​Website របស់​ក្រុម​ហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា​ ខ្ញុំ​ជា​អ្នកគាំទ្រ​ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុម​ហ៊ុន​ នៅក្នុង​ប្រទេស​ កម្ពុជា ​នៅ​ថ្ងៃ​ទី ២០ ​ខែ​ ឧសភា ​ឆ្នាំ ២០១៩ ។
លោក​បានបន្តថា ​ទន្ទឹមនឹងនោះ ​ក្រុមហ៊ុន​បាន​យក​ឈ្មោះ​ធនាគារ​ជាតិ ​និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា ​ជា​ដៃគូ​ទទួល​ខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិ​ន​ស៊ី ​(Crypto Currency)។ តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូ​នេស៊ី​នៅ​កម្ពុជា​គឺ​បញ្ជាក់ថា​ GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ ហើយ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ Black List។
លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «ក្នុងនាម​ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ខ្ញុំ​សូម​បដិសេធព័ត៌​មាន​ដែ​ល​ផ្សាយ​ក្នុង​វេបសាយ​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​គឺ​មិន​ពិត​ទេ។ សូម​អាជ្ញាធរ ​និង​សមត្ថកិច្ច​ពាក់​ព័​ន្ធទាំងអស់​ពិនិត្យ​តាម​ដាន ​និង​ស្រាវជ្រាវ​រកមុខ​ជនខិលខូច​យកមក​ផ្តន្ទា​ទោស​តាម​ច្បាប់​ជា​ធរមាន​ជា​បន្ទាន់»។
គួរ​បញ្ជាក់ថា​ ក្រុមហ៊ុន​ GCG Asia Co., LTD ជា​ក្រុមហ៊ុន​ជួញដូរ​លុយ​ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិ​ន​ស៊ី (Crypto Currency​) ​ដែល​បាន​យក​ឈ្មោះ​ និង​រូបថត​លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្ដ្រី​នៃកម្ពុជា ​ស្លាក​សញ្ញា​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារ​ចិន ​ទៅ​ផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​របស់​ខ្លួន ​ដោយ​ខុស​ច្បាប់​ ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ភ្លាមៗ​ពី​រាជ​រដ្ឋាភិបាល​​កម្ពុជា។​
ពេលនោះសមត្ថ​កិច្ច មន្ត្រី​ធនាគារ​ជាតិ ​និង​មន្ត្រី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​បានចុះទៅ​បិទ​ជា​បណ្ដោះអាសន្ន ​នៅ​សង្កាត់​វត្តភ្នំ ​ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី ១៧ ​ខែ​ ឧសភា​ ឆ្នាំ ២០១៩ នេះ៕

No comments :

Post a Comment