Monday, May 20, 2019
របរផលិតទុយោពីឫស្សី ជួយសម្រួលជីវភាពខ្លះអ្នកសហគមន៍សៀមរាប
របរផលិតទុយោបឺតធ្វើពីឫស្សីអាចជួយសម្រួលជីវភាពខ្លះអ្នកសហគមន៍សៀមរាប។ |
ក្រុងសៀមរាបៈ ការកាប់ឫស្សីតូចៗយកមកធ្វើទុយោបឺតលក់ អាចរកចំណូលបន្ថែម ដើម្បីចិញ្ចឹមជីវភាពក្រុមគ្រួសាររបស់ពលរដ្ឋសហគមន៍មួយស្ថិតក្នុងខេត្តសៀមរាបដែលមានតាំងពីឆ្នាំ ២០១៣ មក។
ទោះបីមិនទាន់បានប្រែក្លាយទៅសិប្បកម្មផលិតទុយោបឺតពីឫស្សីមែនក្តី ក៏របរបន្ទាប់បន្សំដែលអាចឆ្លៀតធ្វើក្រៅពីការងារបង្កបង្កើនផលកសិកម្ម ឬរបរស្នូលមួយនេះពិតជាអាចរកប្រាក់ចំណូលបានគួរសមសម្រួលនូវជីវភាពគ្រួសារមួយកម្រិតដោយក្តីសោមនស្សរីករាយផងដែររបស់ពលរដ្ឋ។
ដោយសារតែមានក្រុមផ្សេងចង់បង្កើតអាជីវកម្មឯកជនផ្ទាល់ដែលអាចជះឥទ្ធិពលបាត់បង់ការងារក្នុងសហគមន៍នោះ ទើបលោក ពិសិទ្ធ គឺជាតំណាងសហគមន៍ប្រាប់ថា៖ «យើងបានដំណើរការនៃការយកដើមឫស្សីតូចៗ ច្នៃធ្វើជាទុយោតាំងពីឆ្នាំ ២០១៣ មកគ្រាន់តែយើងមិនទាន់បង្កើតជាទ្រង់ទ្រាយធំជាសហគ្រាស ឬក្រុមហ៊ុនសិប្បកម្មនៅឡើយ។ មូលហេតុមិនចង់ប្រាប់តំបន់ឲ្យច្បាស់នោះក៏ព្រោះតែមានអ្នកចង់បើកក្រុមហ៊ុនធ្វើអាជីវកម្មមួយនេះ ដូច្នេះខ្ញុំក៏សុំលាក់រឿងនេះសិន ទើបអាចបន្តឲ្យរក្សាស្ថិរភាពបន្តឲ្យមានការងារទៅដល់សហគមន៍។ បច្ចុបុ្បន្នសហគមន៍នេះសប្បាយចិត្តទៅនឹងការទទួលបានប្រាក់ចំណូលបន្ថែមពីការកាប់ឫស្សីតូចៗដែលពួកគាត់ប្រាប់ថា ជាប្រភេទឫស្សីម្យ៉ាងនេះណាស់ព្រោះថាពួកគាត់អាចប្រកបវាបានក្រៅពីការធ្វើស្រែចម្ការ ឬក៏ពលរដ្ឋដែលមិនមានការងារ។ តែរបរនេះមានរយៈពេលប្រកបបានត្រឹមតែ ៦ ខែប៉ុណ្ណោះដោយសារឫស្សីនេះវាក៏មិនងាយរកបានពេញ ១ ឆ្នាំដែរ និងត្រូវការពេលវេលាឲ្យឫស្សីនេះដុះបន្តពូជពង្សរបស់វាសិនផងដែរ»។
ទុយោបឺតធ្វើពីឫស្សីត្រូវបានគេប្រើជំនួសទុយោប្លាស្ទិក។ |
សព្វថ្ងៃនេះ ទុយោបឺតធ្វើពីឫស្សីនេះមានការពេញនិយមប្រើប្រាស់ខ្លាំងពីភ្ញៀវនៅតាមគ្រប់មជ្ឈដ្ឋាន ជាពិសេសពីសំណាក់ភ្ញៀវបរទេសនៅតាមសណ្ឋាគារ និងបារ៍នានាទាំងនៅក្នុងក្រុងសៀមរាប និងរាជធានីភ្នំពេញផងដែរ។
លោក ពិសិទ្ធ ជាតំណាងសហគមន៍ពលរដ្ឋផលិតទុយោបឺតពីឫស្សី បង្ហើបឲ្យដឹងពីទីផ្សារ តម្លៃ និងការផលិតទុយោឫស្សីនេះថា៖ «រាល់ថ្ងៃយើងផលិតមិនទាន់តាមការកុម្ម៉ង់របស់ភ្ញៀវនោះឡើយដោយការកុម្ម៉ង់ម្តងៗគឺមានចន្លោះពី ចំនួន ២,០០០-៣,០០០ ដើម។ ចំណែកឯការផលិតវិញអ្នកសហគមន៍អាចផលិតបានចន្លោះ ២០០ ទៅ ៣០០ ដើមក្នុង ១ ថ្ងៃ ខណៈការផលិតត្រូវយកឫស្សីមកកាត់តាមខ្នាតប្រវែងប៉ុននឹងទុយោជ័រដែរហើយក៏ត្រូវយកឫស្សីដែលកាត់នេះទៅត្រាំទឹកក្តៅកំពុងតែពុះ ១៥ នាទី និងយកមកហាលថ្ងៃឲ្យស្ងួតសិន ទើបចងបាច់ ឬច្រកដាក់ថង់យកឲ្យអតិថិជនកុម្ម៉ង់។ ចំពោះតម្លៃទុយោឫស្សីនេះគឺតម្លៃចន្លោះ ពី ១ ដើម ១,០០០ រៀល ដល់ ២,០០០ រៀល»៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment