Thursday, June 27, 2019
អ្នកជំនាញ៖ កម្ពុជាអាចរួចផុតពីការចោទប្រកាន់ពីក្រុមលោកខាងលិចថា លម្អៀងទៅចិន
លោក សួស យ៉ារ៉ា អ្នកសម្របសម្រួលក្នុងកម្មវិធីសិក្ខាសាលា។ |
ភ្នំពេញៈ មន្ត្រីជំនាញនិងអ្នកស្រាវជ្រាវប្រមាណជិត ១០០ នាក់ ចូលរួមសិក្ខាសាលាស្ដីពីការវិវត្តនៃភូមិសាស្ដ្រនយោបាយ និងការលេចឡើងនៃសេដ្ឋកិច្ចឌីជីថលកាលពីម្សិលមិញនៅសាលបណ្ណាល័យព្រឹទ្ធសភាបានធ្វើបទបង្ហាញ និងកិច្ចពិភាក្សាស្ដីពីការវិវត្តនៃភូមិសាស្ត្រនយោបាយក្នុងក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយ និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះអ្នកជំនាញខ្លះ បានអះអាងថា កម្ពុជាអាចរួចផុតពីការចោទប្រកាន់របស់ក្រុមប្រទេសលោកខាងលិចថាបានលម្អៀងខ្លាំងទៅរកចិន ប្រសិនបើកម្ពុជាអាចដោះស្រាយផលវិបាកមួយចំនួនដែលកំពុងបង្កឡើងដោយសារគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។
ការយល់ឃើញនេះ ស្របពេលការគាំទ្ររបស់កម្ពុជាដល់គំនិតខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន កំពុងធ្វើឱ្យកម្ពុជាជួបផលវិបាកមួយចំនួន ដូចជាបញ្ហាបរិស្ថាន ការគ្រប់គ្រង និងបញ្ហាសន្ដិសុខ។
លោក ឆេង គីមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្តន៍និងប្រជាធិបតេយ្យអភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ាន (AVI) លើកឡើងថា កម្ពុជាត្រូវបានគេរិះគន់ថា សុខចិត្តលម្អៀងទៅរកចិនដើម្បីទទួលបានផលប្រយោជន៍ពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេស ចិន ហើយមិនគិតអំពីផលអវិជ្ជមានមួយចំនួនដែលកំពុងបង្កឡើងដោយសារគម្រោងនេះ ដែលលោកថា រដ្ឋាភិបាលកម្ពុជាត្រូវបន្ថែមការគិតគូរឲ្យបានខ្លាំងក្លាជាងមុន ដើម្បីដោះស្រាយផលវិបាកទាំងនោះ។
លោក គីមឡុង ថ្លែងថា៖ «មានការចោទប្រកាន់រិះគន់ទៅផលវិបាកលើបរិស្ថាន ការគ្រប់គ្រង ហើយសន្ដិសុខ ប៉ុន្តែខ្ញុំគិតថា នៅយុទ្ធសាស្ដ្របន្តទៀត ដែលរដ្ឋាភិបាលត្រូវតែគិតគូរឲ្យគត់មត់ និងស្រួចស្រាល់ ដើម្បីកាត់បន្ថយផលវិបាកទាំងអស់នោះ ហើយកាត់បន្ថយផលវិបាកទាំងអស់នោះ យើងអាចរួចផុតពីការចោទប្រកាន់ពីលោកខាងលិច ថាយើងងាកទៅចិនដើម្បីបានតែផលប្រយោជន៍ពីចិន ហើយមិនគិតអំពីផលអវិជ្ជមាននៃគម្រោង»។
ប្រទេសជាង ៧០ ហើយនៅក្នុងពិភពលោក បានគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនដែលបានប្រកាសឡើងតាំងពីឆ្នាំ ២០១៣។ ប៉ុន្តែគម្រោងដ៏មហិច្ឆតារបស់ប្រទេស ចិន ដែលផ្ដោតលើការផ្ដល់ប្រាក់កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានគេព្រួយបារម្ភថា នឹងធ្វើឱ្យប្រទេសមួយចំនួនធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលរបស់ប្រទេស ចិន។
ទោះជាយ៉ាងណាកាលពីចុងខែមេសា នៅក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី២ នៅក្នុងប្រទេស ចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ប្រទេស ចិន ឡើយ ដោយសារកម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យភាព ហើយកម្ពុជានឹងជ្រើសរើសយកគម្រោងណាដែលចាំបាច់សម្រាប់កម្ពុជាប៉ុណ្ណោះ។
ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងសុំការលើកឡើងជុំវិញបញ្ហានេះពីលោក មាស នី អ្នកវិភាគនយោបាយបានទេកាលពីថ្ងៃម្សិលមិញដោយសារលោកមិនលើកទូរស័ព្ទ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានយល់ថា ទោះបីជាកម្ពុជាខំប្រឹងធ្វើល្អយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុតពីការចោទប្រកាន់ពីក្រុមប្រទេសលោកខាងលិចឡើយ ព្រោះលោកថា ការចោទថាកម្ពុជាលម្អៀងទៅចិន មិនមែនដោយសាររឿងអសន្ដិសុខ សណ្ដាប់ធ្នាប់ ឬបរិស្ថានឡើយ ប៉ុន្តែដោយសារចិននិងសហរដ្ឋអាមេរិក កំពុងប្រកួតប្រជែងគ្នាដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់និងពិភពលោក។
លោក ភា ថ្លែងថា៖ «ពីព្រោះឥឡូវនេះយើងឃើញថា ចិនកំពុងធ្វើដំណើរយ៉ាងលឿននៅក្នុងការប្រកួតប្រជែងឥទ្ធិពលទាំងនយោបាយនិងសេដ្ឋកិច្ច ហើយជាប្រទេសធំទី២ ខាងសេដ្ឋកិច្ចបន្ទាប់ពីសហរដ្ឋអាមេរិក អ៊ីចឹងសហរដ្ឋអាមេរិកបារម្ភណាស់រឿងនេះ ហើយបើនិយាយដល់លោកខាងលិច គឺសហរដ្ឋអាមេរិកជាបងធំឬជាអ្នកបោះមេនេះឯង»។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗកន្លងមកបានប្រកាសថ្កោលទោសចំពោះអ្នករិះគន់អ្នកវិនិយោគចិននៅកម្ពុជា ដោយលោកបានឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់ទាំងនោះថា អ្នកវិនិយោគចិន មិនបានមកដាក់អាណានិគមមកលើកម្ពុជាឡើយ ប៉ុន្តែវាជាភព្វសំណាងទៅវិញទេ ដែលកម្ពុជាទទួលបានអ្នកវិនិយោគពីប្រទេសនេះ ពីព្រោះប្រទេសនៅក្នុងពិភពលោក កំពុងទាក់ទាញចង់បានអ្នកវិនិយោគ និងអ្នកទេសចរចិន៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment