ទេសភាពជ្រលងភ្នំ ស្រៀវឆ្អឹងខ្នងភ្នំគូលេនពីលើពើងតាខុ
សៀមរាប: ព្រៃឈើបៃតងខ្ចីរំលេចនូវថ្មធម្មជាតិ និងខ្លះរាយប៉ាយនៅខាងក្រោមគឺជាទស្សនីយភាពដ៏គួរឲ្យទាក់ទាញមួយមើលពីពើងតាខុ ឬហៅថា ពើងជ្រួញ ដែលទើបត្រូវបានបើកឲ្យចូលកម្សាន្តកាលពីឆ្នាំ ២០១៨។
ផ្ទាំងថ្មដ៏ធំសម្បើមលយចេញពីជួរភ្នំនេះមានផ្ទៃធំទូលាយល្មមអាចឲ្យភ្ញៀវទេសចរដែលធ្វើដំណើរឡើងទៅលើខ្នងភ្នំគូលេន អតីតទីក្រុងបុរាណដ៏អច្ឆរិយៈស្ថិតនៅទិសឦសានចម្ងាយ ៥០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ថតរូបសែលហ្វី និងជួបជុំទទួលទានអាហារជាមួយមិត្ដភក្ដិ។
ទីលានកីឡានិនចាលើផ្ទៃទឹកនៅសៀមរាប
សៀមរាប: ដំណើរកម្សាន្ដមកកាន់ទឹកដីអង្គរមជ្ឈមណ្ឌលកីឡា ICF ភ្ញៀវអាចស្វែងរកភាពរំជើបរំជួលពីទីលានកីឡានិនចាឆ្លងកាត់ឧបសគ្គលើផ្ទៃទឹក។ ស្ពានក្ដារបន្ទះ និងកង់ឡានត្រូវបានចងខ្សែពួររណេងរណោងដែលជាឧបសគ្គធ្វើឲ្យពិបាកនឹងឈរទំបោះជំហានឆ្លងភ្ជាប់ដោយខ្សែក្រឡាសំណាញ់ បត់បែន ៣ តង់មុនពេលដល់ទីព្រ័ត្រជាសកម្មភាពនៃការប្រើប្រាស់ទីលានទាំងអស់មិនត្រូវបានគិតប្រាក់ពីសំណាក់ប្រជាពលរដ្ឋក្នុងសហគមន៍ ភ្ញៀវទេសចរទូទៅ និងក្រុមគ្រួសារអ្វីឡើយ។
មជ្ឈមណ្ឌលកីឡា ICF ស្ថិតក្នុងអង្គការ ICF Cambodia ស្ថិតនៅភូមិភ្ញាជ័យ ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ស្ពានឫស្សីថ្មីនៅកោះប៉ែនស្វាគមន៍ភ្ញៀវទេសចរគន់ដងទន្លេមេគង្គ
កំពង់ចាម: ឆ្លើយតបនឹងក្ដីកង្វល់ចំពោះការបាត់បង់ស្ពានឫស្សីអត្ដសញ្ញាណរបស់អ្នកកោះប៉ែនដែលមានប្រវត្ដិកកើតតាំងពីសម័យសង្គមរាស្ដ្រនិយម ស្ពានប្រដឹសថ្មី ប្រើឫស្សី ២ ម៉ឺនដើមប្រវែង ៨០០ ម៉ែត្របានចាប់បដិសន្ធិក្នុងបំណងបម្រើវិស័យទេសចរណ៍ ដោយទាក់ទាញភ្ញៀវមកទស្សនាស្ពានឫស្សី កម្សាន្ដខ្សាច់ទន្លេមេគង្គ និងភ្លក្សផ្លែឈើស្រស់ៗពីភូមិឋានកោះប៉ែន។
ក្រៅពីគិតតម្លៃផ្ញើយានជំនិះ ភ្ញៀវអាចជួលអង្រឹងមួយ ៥ ពាន់រៀល ឆត្រមួយ ៦ ពាន់រៀល ក្យូសមួយ ១ ម៉ឺនរៀល និងការជួលមធ្យោបាយជិះលេងកម្សាន្ដពី ៤ ពាន់ ទៅ ៤ ម៉ឺនរៀល។
ជិះទូកមើលថ្ងៃលិច និងអំពិលអំពែកនៅព្រែកកំពត
កំពតៈ ទៅលេងទឹកដីកំពត កុំភ្លេចដំណើរកម្សាន្តជិះទូក ញ៉ាំអាហារ ក្រេបភេសជ្ជៈ ក្លែមទេសភាពធម្មជាតិដ៏ស្រស់ត្រកាល វេលាសុរិយារៀបអស្តង្គតជះពន្លឺក្រហមច្រាលឯជើងមេឃជាប់ជួរភ្នំ និងទស្សនាពន្លឺអំពិលអំពែកនារាត្រី តាមដងព្រែកកំពត។
ជាមួយទូកទេសចរណ៍លើហ្វលី បូត (Lovely boat) ភ្ញៀវជនជាតិខ្មែរម្នាក់មានតម្លៃ ១ ម៉ឺនរៀលមិនថាថ្ងៃបុណ្យ ឬថ្ងៃអត់បុណ្យ និងភ្ញៀវបរទេសម្នាក់តម្លៃ ២ ម៉ឺនរៀល។ សម្រាប់ម្ហូបអាហារទូទៅ និងគ្រឿងសមុទ្រមានតម្លៃចាប់ពី ២ ដុល្លារដល់ ៦ ដុល្លារ។ ព័ត៌មានបន្ថែមទំនាក់ទំនងទូរស័ព្ទលេខ ០៩៧ ៧៩៧ ៤៧៧៧ និង ០៨៩ ៩១២ ១៣០។
វារីរតនៈ សែនសប្បាយជិតបង្កើយពីក្រុងបានលុង
ក្រុងបានលុងៈ ទេសភាពស្រស់ស្អាតនៃផ្ទៃបឹងដ៏ធំល្វឹងល្វើយអមដោយព្រៃឈើបៃតងខ្ចី និងទឹកថ្លាឈ្វេងត្រជាក់ស្រេងអាចឆ្លុះមុខបានអមដោយក្យូសលម្ហែកាយមាននៅរមណីយដ្ឋានវារីរតនៈស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ដោយធ្វើដំណើរត្រឹមតែចម្ងាយ ៣ គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងបានលុង ខេត្តរតនគិរី។
ក្រៅពីម្ហូបពិសេសទឹកគ្រឿងខ្មែរផ្ទាប់ជាមួយបន្លែស្រស់ដាំនៅទីនេះ មាន់ស្រែ និងទាដុតអំបិលម្ទេស ឬដុតប្រឡាក់ទឹកអម្ពិលទុំមួយទម្ងន់ជាង ១ គីឡូក្រាមតម្លៃ ៥ ម៉ឺនរៀល និងមាន់ ១ ភ្ញៀវក៏អាចកុម្ម៉ង់ចម្អិនម្ហូបបាន ២ មុខ៕
By www.postkhmer.com
No comments :
Post a Comment