កំពត: ជាមួយទេសភាពដើមផ្កា ចម្ការដំណាំ មៀន ស្វាយ ម្រេច និងកសិដ្ឋានចិញ្ចឹមសត្វ តាមជួរភ្នំ រមណីយដ្ឋានកសិទេសចរណ៍ ជ្រលងភ្នំក្រហម នៅខេត្តកំពត ស្វាគមន៍ភ្ញៀវចូលទស្សនា បោះតង់ ញ៉ាំអាហារ មើលសូរិយា និងសម្រាកនៅផ្ទះបាងហ្គាឡូ ក្រោមជំនោរខ្យល់ធម្មជាតិ។
ស្ថិតនៅក្នុងភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ក្នុងចម្ងាយប្រមាណជាង ១០ គីឡូម៉ែត្រចេញពីរង្វង់មូលព្រះនារាយណ៍ ដោយបត់ចូលតាមច្រកផ្លូវក្រួសក្រហមនៃផ្លូវភ្នំវល្លិ៍ រមណីយដ្ឋានជ្រលងភ្នំក្រហម ដែលបើកដំណើរការជិត ១ ឆ្នាំនេះអាចទទួលភ្ញៀវបាន ១ ពាន់នាក់នៅលើផ្ទៃដីប្រមាណ ៣០ ហិកតា។
អ្នកគ្រប់គ្រងទូទៅនៅរមណីយដ្ឋានជ្រលងភ្នំក្រហមលោក ទុំ ឡាត់ បានរៀបរាប់ថា៖ «យើងខ្ញុំផ្តោតសំខាន់លើវិស័យកសិកម្ម និងទេសចរណ៍។ យើងមានចម្ការជាច្រើនកន្លែង។ យើងមានដាំម្រេចកំពតគឺម្រេចសរីរាង្គ ហើយនឹងដាំមៀនកំពត ដែលហៅថាតាង៉ែនហ្នឹង ទំពាំងផ្អែម ស្វាយ ខ្នុរ ការ៉ុត និងដំណាំចម្រុះជាច្រើនទៀត»។
ក្រៅពីចម្ការដំណាំ និងរុក្ខជាតិហូបផ្លែដ៏សម្បូរបែប អ្នកគ្រប់គ្រងទូទៅរូបនេះក៏បានឲ្យដឹងទៀតថា៖ «យើងបានដាំដើមក្ងោកនៅតាមជើងភ្នំហ្នឹងរាប់ពាន់ដើមដើម្បីលម្អ។ ដូចខែវាចេញផ្កាមកគឺមើលទៅឃើញទេសភាពស្អាត។ យើងមានកសិដ្ឋានចិញ្ចឹមសត្វជាច្រើនប្រភេទ និងមានសួនដាំផ្កាសម្រាប់គយគន់»។
បើកពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ ល្ងាច ការចូលទស្សនារមណីយដ្ឋាន ភ្ញៀវម្នាក់ត្រូវបានគិតថ្លៃ ៣ ពាន់រៀល។
លោក ទុំ ឡាត់ បានឲ្យដឹងទៀតថា៖ «កន្លែងខ្ញុំមានសេវាកម្មទទួលបោះតង់ ហើយនិងបាងហ្គាឡូ។ យើងអាចញ៉ាំអាហារជុំគ្នា រាំលេងកម្សាន្ត មើលថ្ងៃលិច គេហៅថាថ្ងៃគងភ្នំ។ យើងអាចងើបពីព្រឹកហាត់ប្រាណមើលថ្ងៃរះ។ បើសិនខែវាចុះអ័ព្ទយើងមើលពីចម្ងាយអ៊ីចឹងទៅ ឃើញពពកអ័ព្ទផ្សែង អ៊ីចឹងដូចយើងនៅលើពពកអ៊ីចឹង។ យើងអាចជិះកង់លេងកម្សាន្ត អុំទូក ហែលទឹក លេងអីបាន»។
រីឯតម្លៃជួលតង់តូចអាចគេងបាន ២ នាក់ គឺ ១២ ដុល្លារ តង់គេងបាន ៤ នាក់ តម្លៃ ១៥ ដុល្លារ និងតង់គេងបាន ១០ នាក់តម្លៃ ៥០ ដុល្លារ។
ការសម្រាកនៅផ្ទះស្នាក់ (home-stay) ក្នុងមួយយប់តម្លៃ ២០ ដុល្លារ និងផ្ទះបាងហ្គាឡូ តម្លៃ ៥០ ដុល្លារ។ ប្រសិនបើភ្ញៀវចង់បោះតង់ដោយខ្លួនឯង រមណីយដ្ឋានគិតប្រាក់តែ ៣ ដុល្លារប៉ុណ្ណោះជាមួយការផ្ដល់ជូនទីតាំង និងទឹកភ្លើងគ្រប់គ្រាន់។
តំបន់កសិទេសចរណ៍នេះក៏មានការកម្សាន្តប្លែកមួយបែបទៀតដែលលោកឲ្យដឹងថា៖ «យើងក៏មានកន្លែងជិះត្រាក់ទ័រសណ្តោងរ៉ឺម៉ក (Trailer) គឺអាចជិះបាន ៣០ នាក់។ ជិះត្រាក់ទ័រខ្មែរ ៤ ពាន់រៀល ជុំវិញកសិដ្ឋានចម្ងាយប្រហែល ៣ គីឡូម៉ែត្រ ចំណែកបរទេសគិតតម្លៃ ៨០០០ រៀល»។
រមណីយដ្ឋានជ្រលងភ្នំក្រហមមានភ្ញៀវទេសចរមកកម្សាន្តជាហូរហែ។ នៅថ្ងៃធម្មតាទទួលបានភ្ញៀវចន្លោះពី ៥០ ទៅ ៦០ នាក់។ ចំណែកថ្ងៃសៅរ៍-អាទិត្យ ទីនេះទទួលបានភ្ញៀវជាង ១០០ នាក់។ ប៉ុន្តែសម្រាប់រដូវបុណ្យចូលឆ្នាំ រមណីយដ្ឋាននេះអាចទទួលបានមួយថ្ងៃជាង ៨០០ ដល់ ៩០០ នាក់ដែលភាគច្រើនជាភ្ញៀវជាតិ។
ជាមួយកសិដ្ឋាន និងដំណាំស្រស់ៗជិតបង្កើយ អ្នកគ្រប់គ្រងទូទៅវ័យ ៣៩ ឆ្នាំរូបនេះបន្តថា៖ «រមណីយដ្ឋានជ្រលងភ្នំក្រហមមានទទួលសេវាកុម្ម៉ង់ធ្វើម្ហូបជាច្រើនមុខ ព្រោះនៅលើភ្នំមានអាហារដ្ឋានស្រាប់ និងមានតម្លៃសមរម្យ»។
មាន់ស្រែធម្មជាតិតម្លៃ ៦០០០០ រៀល និងម្ហូបដទៃទៀត ១ ចាន ៣០០០០ រៀលទាំងអស់។ ដោយបន្លែធម្មជាតិគីមី ភ្ញៀវទេសចរក៏អាចទិញវាជាបញ្ញើត្រឡប់ទៅផ្ទះវិញផងដែរ។
ទៅថ្ងៃអនាគត ម្ចាស់កសិទេសចរណ៍ជ្រលងភ្នំក្រហមមានបំណងពង្រីកទីតាំងនេះឲ្យមានកន្លែងកម្សាន្តឲ្យបានច្រើនដូចជាផ្ទះបាងហ្គាឡូលំដាប់វីអាយភី អាងហែលទឹក និងបង្កើនសេវាកម្សាន្តដ៏ទំនើបមួយចំនួនថែមទៀត។
ភ្ញៀវទេសចរដែលនិយមកន្លែងកម្សាន្តបែប កសិទេសចរណ៍ ជ្រលងភ្នំក្រហម មានទំព័រហ្វេសប៊ុក Red Valley Farm Resort និងទូរស័ព្ទ លេខ ០៧១ ៧៩៦ ១១១១៕
'
By www.postkhmer.com
No comments :
Post a Comment