សៀមរាប: បើទោះបីជារដូវក្ដៅគឺជាឱកាសភ្ញៀវបរទេស ពិសេសទេសចរមកពីតំបន់អឺរ៉ុបប្រាថ្នាស្រូបយកពន្លឺថ្ងៃ វីតាមីន ឌី យ៉ាងណាក៏ដោយ ក៏ដំណើរទស្សនាប្រាង្គប្រាសាទនៅទឹកដីសៀមរាបអង្គរ ភ្ញៀវជាច្រើនរមែងត្អូញត្អែរពីការលំបាកទ្រាំនឹងកម្ដៅថ្ងៃខ្លាំងនាវេលារសៀល។
ជាការជួយបន្សាបកម្ដៅពុំចាំបាច់ជិះរាប់រយគីឡូម៉ែត្រទៅហែលទឹកនៅតំបន់ឆ្នេរសមុទ្រ ឆ្នេរសំដិលថ្ងៃសិប្បនិម្មិតត្រូវបានបង្កើតឡើងចេញពីគំនិតរបស់លោក ចេស ពេញ ជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្រុងសៀមរាបជាមួយមិត្ដភក្ដិចម្រុះជាតិសាសន៍ ៧ នាក់ទៀត។
អ្នកគ្រប់គ្រងទូទៅ Cambo Beach Club ដែលទើបបើកសម្ពោធទទួលភ្ញៀវកាលពីចុងឆ្នាំទៅនេះបាននិយាយថា៖ «យើងមានគំនិតផ្ដួចផ្ដើមជាមួយមិត្ដភក្ដិបរទេសដោយមើលឃើញថាភ្ញៀវខ្លះទៅទស្សនាប្រាសាទពេលព្រឹក រួចត្រឡប់មកវិញអត់មានទីកន្លែង [relax]។ អ៊ីចឹងយើងក៏បង្កើតឆ្នេរមួយដូចសមុទ្រដើម្បីគាត់មកពីប្រាសាទវិញក្ដៅ គាត់អាចសម្រាកលើឆ្នេរទីនេះ»។
ស្ថិតនៅចម្ងាយតែ ៨ គីឡូម៉ែត្រពីប្រាសាទអង្គរវត្ដ និង ៥០០ ម៉ែត្រពីតំបន់ផាប់ស្ទ្រីតខេមបូ ប៊ីច ក្លិប រំលេចនូវអាងហែលទឹកធំទទឹង ៨ ម៉ែត្រ និងបណ្ដោយ ៣០ ម៉ែត្រដែលមានជម្រៅ ១,៥ ម៉ែត្រនៅកន្លែងសម្រាប់ភ្ញៀវហែល និងជម្រៅ ៤,២០ ម៉ែត្រ នៅកន្លែងជ្រៅសម្រាប់ភ្ញៀវហក់លោតពីលើរបារខ្ពស់។
ព័ទ្ធជុំវិញអាងទឹករំលេចក្រឡាបាតអាងយ៉ាងស្រស់ស្អាត ឆ្នេរខ្សាច់ដែលក្រាលដោយខ្សាច់ពណ៌សក្បុសបន្ថែមគ្រែសំដិល ឆត្រ តង់ និងដើមដូងដាំថ្មីៗ ដើម្បីបាំងបិទកម្ដៅថ្ងៃខ្លាំងបានអន្ទងចិត្ដភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិមកសម្រាកលម្ហែស្រូបយកពន្លឺវីតាមីនឌី និងស្ដាប់ភ្លេងបែបបស្ចិមប្រទេសពីរោះរណ្ដំ។
អែបសងខាងអាងទឹក គឺជាបារ៍ ២ ដែលបម្រើភេសជ្ជៈគ្រប់មុខចាប់ពីទឹកក្រូច ស្រាបៀរ ស្រាក្រឡុក និងទឹកក្រឡុកដើម្បីបន្សាបការស្រេកទឹកនៅក្រោមកម្ដៅថ្ងៃព្រមទាំងមុខម្ហូបទាំងអាស៊ី និងអឺរ៉ុប។
ម្ចាស់ហ៊ុន ខេមបូប៊ិក ម្នាក់ក្នុងចំណោមមិត្ដភ័ក្ដិចម្រុះជាតិសាសន៍ទាំងនោះ បានបន្ដថា៖ «ក្រៅពីឆ្នេរ និងអាងទឹកធំជាគោលដៅទាក់ទាញភ្ញៀវ យើងនៅមានទីលានបាល់ទះលើឆ្នេរខ្សាច់ តុស្នូកឃ័រពីរ តុប៉េងប៉ុង ១ និងផ្ទះម៉ាស្សា ១ ថែមទៀត ជាពិសេសបន្ទប់ទឹកដែលរចនាឡើងពីគ្រឿងយានយន្ដដ៏គួរឲ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវរបស់យើង»។
យោងតាមសម្ដីរបស់លោក ចេស ពេញ បានឲ្យដឹងថាស្ថិតនៅលើផ្ទៃដី ៥០២២ ម៉ែត្រការ៉េ ខេមបូ ប៊ីច ឆ្នេរសិប្បនិម្មិតថ្មី និងតែមួយគត់នៅក្រុងសៀមរាបទទួលភ្ញៀវបានរហូតដល់ ១ ពាន់នាក់សម្រាប់ទទួលរៀបចំកម្មវិធីជប់លៀងផ្សេងៗ។
លោកបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ជាធម្មតា ខេមបូ ប៊ីច ទទួលភ្ញៀវពី ៦០ ទៅ ៧០ នាក់ក្នុង ១ ថ្ងៃ តែចុងសប្ដាហ៍យើងមានច្រើនរហូតដល់ពី ១៥០ ទៅ ២៥០ នាក់ដែលភាគច្រើនជាភ្ញៀវក្នុងស្រុក»។
សំបុត្រចូលលេងឆ្នេរសិប្បនិម្មិត និងហែលទឹកមានតម្លៃ ៥ ដុល្លារសម្រាប់ភ្ញៀវម្នាក់អាចប្ដូរគូប៉ុងនោះយកម្ហូប និងភេសជ្ជៈមានតម្លៃស្មើវិញ។
លោក ចេស ពេញ បានឲ្យដឹងដែរថា៖ «មុខម្ហូបទាំងអាស៊ី និងបស្ចិមប្រទេសមានតម្លៃចាប់ពី ២,៥ ដុល្លាររហូតដល់ ៧ ឬ ៨ ដុល្លារ និងភេសជ្ជៈតម្លៃចាប់ពី ១,៥ ដុល្លារឡើង»។
ខេមបូ ប៊ីច ក្លិបស្ថិតក្នុងផ្លូវ Funky Lane ភូមិស្ទឹងថ្មី ឃុំស្ទឹងថ្មី ស្រុកសៀមរាប ចម្ងាយ ៥០០ ម៉ែត្រពីផាប់ស្ទ្រីត បើកទ្វារពីម៉ោង ១០ ព្រឹកដល់ម៉ោង ១១ យប់។ ទំនាក់ទំនងទូរស័ព្ទ ០៧៧ ៦៦២ ៦៨៤៕
វីដេអូ៖
No comments :
Post a Comment