Translate

Popular

Monday, May 6, 2019

វារីរតនៈ​ ទី​លម្ហែកាយ​ថ្មី​កៀក​បង្កើយ​ក្រុង​តែ ៣ គីឡូម៉ែត្រ​ពី​ក្រុង​បានលុង

No comments :
Content image - Phnom Penh Post
ទេសភាព​មើល​ពី​ខាង​លើ​នៃ​រមណីយដ្ឋាន​កែច្នៃ​ថ្មី វារី​រតនៈ​ស្ថិត​នៅ​ភូមិ​ថ្មដា សង្កាត់​បឹងកន្សែង​ចម្ងាយ ៣ គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទៅ​លម្ហែកាយ​។ ហេង ជីវ័ន
ក្រុងបានលុងៈ បណ្តុំ​ទេសភាព​ស្រស់ស្អាត​នៃ​ផ្ទៃ​បឹង​ដ៏ធំ​ល្វឹងល្វើយ​អម​ដោយ​ព្រៃឈើ​សង​ខាង​ពណ៌​ខៀវខ្ចី និង​ទឹកថ្លា​ឈ្វេង​អាច​ឆ្លុះ​មុខ​បាន​ត្រជាក់​ស្រេង​អាច​ចុះ​ងូត​លេង​បាន​មាន​ទីលម្ហែកាយ​ម្លប់​ក្យូស ប្រក់​ស្បូវ​សម្រាប់​អង្គុយ​ញ៉ាំ​បាយ​ចោល​ម្លប់​ត្រឈឹងត្រឈៃ​សប្បាយ​ចិត្ត​ទៅ​លេង​លក្ខណៈ​គ្រួសារ មិត្តភក្តិ និង​គូស្នេហ៍​នៅ​ទីលម្ហែកាយ​កែច្នៃ​ថ្មី​ទើប​បើក​បាន ១ ឆ្នាំ​គឺ​រមណីយដ្ឋាន​វារីរតនៈ​។
រមណីយដ្ឋាន​វារីរតនៈ​ស្ថិត​នៅ​ភូមិ​ថ្មដា សង្កាត់​បឹងកន្សែង ក្រុង​បានលុង ខេត្ត​រតនគិរី​ធ្វើ​ដំណើរ​ត្រឹម​តែ​ចម្ងាយ ៣ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រុង​បានលុង​ហួស​ពី​តំបន់​កម្សាន្ត​បឹងកន្សែង​បន្តិច​នៅ​លើ​ផ្ទៃ​បឹង​ទំហំ ៣ ​គីឡូម៉ែត្រ​។
លោក សែត ស៊ន អ្នកគ្រប់គ្រង​នៅ​រមណីយដ្ឋាន​វារីរតនៈ​បង្ហើប​ឲ្យ​ដឹង​ពី​ការកកើត​នៃ​តំបន់​នេះ និង​សេវាកម្ម​នានា​ថា​៖ «​ទីនេះ​ជា​តំបន់​កែច្នៃ​ផ្សំ​នឹង​ធម្មជាតិ​នៃ​បឹង​វារី​មាន​ទំហំ​ប្រមាណ ៣ គីឡូម៉ែត្រ​ទើប​តែ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៨​។ បឹង​នេះ​មាន​ទឹក​ថ្លាឈ្វេង ទេសភាព​ធម្មជាតិ ខ្យល់​បរិសុទ្ធ​បក់​មក​ត្រសៀកៗ​។ យើង​មាន​សេវាកម្ម ម្លប់​ក្យូស​ប្រក់​ស្បូវ​សម្រាប់​អង្គុយ​ទទួលទាន​អាហារ​គឺ​ស្ទើរតែ​ជុំវិញ​បឹង​វារី​។ កន្លែង​ខ្ញុំ​មាន​ក្យូស​អង្គុយ​ចំនួន ១៣ ក្យូស​ទាំង​តូច​ទាំង​ធំ​។ ក្យូស​តូច​អាច​ឲ្យ​ភ្ញៀវ​អង្គុយ​បាន​ចំនួន ៥ ឬ ៦ នាក់ ខណៈ​ឯ​ក្យុស​ធំ​អាច​អង្គុយ​គ្នា​ចំនួន​លើស​ពី​ ១០ ​នាក់​។ ក្រៅពី​នេះ​យើង​បាន​ធ្វើ​សួនផ្កា​ចម្រុះ​លម្អ ទុក​សម្រាប់​ទេសចរ​ថត​សែលហ្វ៊ី​លេង ឬ​ថត​ផ្តិតរូប​ដ៏ស្រស់ស្អាត ដើម្បី​រក្សា​ទុក​ជា​អនុស្សាវរីយ៍​ទៀត​ផង​ដែរ​»​។
ភ្ញៀវ​ដែល​ចូលចិត្ត​មក​លម្ហែកាយ​នៅ​រមណីយដ្ឋាន​វារីរតនៈ​នេះ​មាន​ច្រើន​គឺ​ទាំង​ទីជិត និង​ឆ្ងាយ ហើយ​មិន​ប្រកាន់​ថា ថ្ងៃ​ធម្មតា ឬ​ក៏​ចុង​សប្តាហ៍​នោះ​ឡើយ គឺ​មាន​ចេញចូល​ជាប់​ឥតឈប់​ដោយ​មាន​មុខម្ហូប​អាហារ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្នុងការ​ទទួលទាន​ដែរ នា​វេលា​អាហារ​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច​។
Content image - Phnom Penh Post
ក្រុម​ទេសចរ​អាច​គេង​លើ​អង្រឹង​កម្សាន្ត​តាម​ក្យូស​ប្រក់​ស្បូវ​។ ហេង ជីវ័ន
លោក សែត ស៊ន បន្ត​ឲ្យ​ដឹង​ថា​៖ «​ភ្ញៀវ​មក​រាល់ថ្ងៃ​មិន​ដាច់​ឡើយ ខណៈពេល​ខ្លះ​នោះ​គឺ​យើង​សឹងតែ​គ្មាន​កន្លែង​ទទួលភ្ញៀវ​។ ចំពោះ​ភ្ញៀវ​នៅ​ថ្ងៃ​បុណ្យទាន​នានា​វិញ យើង​បាន​បិទ​នូវ​ការ​កុម្ម៉ង់​ទុក​តាម​ទូរស័ព្ទ​មុន​របស់​ភ្ញៀវ​ដែល​ចង់​មក​កម្សាន្ត​នៅ​ទី​នេះ​ព្រោះ​ថា​ចំនួន​ភ្ញៀវ​មក​លេង​គឺ​ច្រើន​មែនទែន​ពិបាក​កំណត់​ចំនួន​។ ឯ​ម្ហូប​អាហារ​វិញ​ដូចជា​មាន​ទៅ​តាម​ការដែល​ចង់​កុម្ម៉ង់​របស់​ភ្ញៀវ​។ តែ​បើ​តាម​ការកត់សម្គាល់​នោះ​ភ្ញៀវ​ភាគច្រើន​និយម​កុម្ម៉ង់​ទឹកគ្រឿង​ខ្មែរ​ផ្ទាប់​ជាមួយ​បន្លែស្រស់​ដាំ​នៅ​ទី​នេះ មាន់​ស្រែ និង​ទា​ដុត​អំបិលម្ទេស ឬ​ដុត​ប្រឡាក់​ទឹក​អម្ពិល​ទុំ សាច់គោ សាច់ជ្រូក និង​សាច់​ត្រី​នានា​ដោយ​មិន​គិត​តម្លៃ​ជួល​ក្យូស​ទេ​។ សម្រាប់​មាន់ ឬ​ទា​ដុត​មូយ​ដែល​មាន​ទម្ងន់​ជាង​ ១ ​គីឡូក្រាម​តម្លៃ ៥ ​ម៉ឺន​រៀល និង​មាន់​ ១ ​ភ្ញៀវ​ក៏​អាច​​កុម្ម៉ង់​ចម្អិនម្ហូប​បាន ២ ​មុខ​ផង​ដែរ​»​។
ក្រៅពី​នេះ​រមណីយដ្ឋាន​វារីរតនៈ​ក៏​មាន​ទូក​ទា​ទឹក​សម្រាប់​ការ​ជិះ​កម្សាន្ត​លេង​នៅលើ​ផ្ទៃ​បឹង​បាន​ផង​ដែរ​ដោយសារ​សេវាកម្ម​គិត​តម្លៃ​ជួល​ជា​ម៉ោង​។
អ្នកគ្រប់គ្រង​នៅ​រមណីយដ្ឋាន​វារីរតនៈ​បញ្ជាក់​ដែរ​ថា​៖ «​យើង​មាន​សេវាកម្ម​ទូក​ទា ដើម្បី​ជិះ​លេង​កម្សាន្ត​ដែរ​គឺ​គិត ១ ម៉ោង តម្លៃ ៣ ​ដុល្លារ​។ តែ​យ៉ាងណា​ក៏​យើង​មាន​លក្ខខណ្ឌ​ផង​ដែរ​សម្រាប់​ក្រុម​ក្មេង​តូចៗ​មិន​អនុញ្ញាត​ឲ្យ​ជិះ​លេង​ឡើយ ខណៈ​មនុស្ស​ធំ​ត្រូវ​ពាក់អាវ​ពោង​សុវត្ថិភាព​ទើប​អាច​ជិះ​បាន​»៕
Content image - Phnom Penh Post
ក្យូស​តូចៗ​ដែល​បាន​សង់​ជាប់​នៅ​អែប​តាម​មាត់​បឹង​វារី​។ ហេង ជីវ័ន
វីដេអូ៖


No comments :

Post a Comment