Thursday, May 23, 2019
ការទិញ-លក់ អចលនទ្រព្យក្រុងព្រះសីហនុនៅតែកើនទិដ្ឋភាពចរាចរណ៍ និងសំណង់អគារ ដែលកំពុងដំណើរការសាងសង់នៅក្រុងព្រះសីហនុកាលពីខែ មេសា ឆ្នាំ ២០១៩។
ទិដ្ឋភាពចរាចរណ៍ និងសំណង់អគារ ដែលកំពុងដំណើរការសាងសង់នៅក្រុងព្រះសីហនុកាលពីខែ មេសា ឆ្នាំ ២០១៩។ |
ខេត្តព្រះសីហនុៈ សកម្មភាពនៃការទិញលក់ និងតម្លៃអចលនទ្រព្យនៅក្រុងព្រះសីហនុគិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ នេះនៅតែបង្ហាញពីកំណើន ខណៈសកម្មភាពនៃការសាងសង់សំណង់ធំៗកំពុងដំណើរការ។
អ្នកនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ធ្លាប់បានព្យាករថា សកម្មភាពទិញលក់ និងតម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុនឹងចាប់ផ្តើមឆ្អែត ឬថមថយពីឆ្នាំ ២០១៩ នេះទៅ ដោយសារតែវាបានផ្ទុះឡើងខ្លាំងរួចហើយក្នុងអំឡុងឆ្នាំ ២០១៧-២០១៨។
លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានប្រាប់ថា វិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុបានបន្តកំណើនកាន់តែខ្លាំងចាប់តាំងពីដើមឆ្នាំ ២០១៩ មក ដោយសកម្មភាពទិញលក់ និងតម្លៃដីបានកើនឡើងជាបន្តបន្ទាប់។ លោកបន្តថា ដោយសារតម្រូវការដីមានច្រើននោះបានធ្វើឲ្យតម្លៃដីនៅកណ្តាលក្រុង កើនឡើងក្នុងរង្វង់ជាង ១០ ភាគរយបើធៀបទៅនឹងដំណាច់ឆ្នាំ ២០១៨។
លោកថ្លែងថា៖ «ការរីកចម្រើននៃវិស័យអចលនទ្រព្យក្នុងក្រុងព្រះសីហនុនាពេលនេះអាចនិយាយថាមានភាពរឹងមាំ ព្រោះដីភាគច្រើនត្រូវបានវិនិយោគិនយកទៅសាងសង់ ឬបើកអាជីវកម្មឡើងភ្លាមៗ ដោយគេមិនសូវឃើញមានអ្នកទិញដីយកមកទុករង់ចាំលក់បន្ត ដើម្បីយកចំណេញទៀតទេ»។
បច្ចុប្បន្នតម្លៃដីនៅកន្លែងល្អបំផុតក្នុងក្រុងព្រះសីហនុ មានតម្លៃក្នុងរង្វង់ ៤ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ចំណែកតំបន់ជាយក្រុងអាចមានតម្លៃក្រោម ១ ០០០ ដុល្លារ។ នេះបើយោងតាមលោក ចណ្ណា។
កំណើននៃលំហូរចូលនៃអ្នកវិនិយោគចិន ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ច កំពង់ផែសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ លោក ចណ្ណា រំពឹងថា វិស័យនេះនឹងបន្តកើនឡើងទៀត។
លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត យល់ស្របនឹងការលើកឡើងរបស់លោក ឌឹត ចណ្ណា ដោយនិយាយថា សកម្មភាពទិញលក់ និងតម្លៃដីធ្លីនៅក្រុងព្រះសីហនុនៅតែបន្តមានកំណើន។ លោកបានថ្លែងថា៖ «ឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងក្រុងព្រះសីហនុនៅតែមានច្រើន ពិសេសតំបន់ជាយក្រុង»។
ទាក់ទងនឹងតម្លៃជួល លោក សន សៀប បានប្រាប់ថា មិនសូវប្រែប្រួលទេ ព្រោះអគារសម្រាប់ជួលភាគច្រើនត្រូវបានគេជួលតាំងពីឆ្នាំមុនមកម្ល៉េះ ហើយរយៈពេលនៃកិច្ចសន្យានោះក៏មានសុពលភាពយូរដែរ។ ទន្ទឹមនឹងនេះ អគារថ្មីៗដែលសាងសង់រួចដាក់ចូលក្នុងទីផ្សារក៏ចាប់ផ្តើមមានជាបណ្តើរៗដែរ។
បើតាមលោក សន សៀប បច្ចុប្បន្នផ្ទះ ១ ល្វែង ក្នុងតំបន់ពាណិជ្ជកម្មអាចមានតម្លៃចន្លោះពី ៥ ០០០ ទៅ ៨ ០០០ ដុល្លារក្នុង ១ ខែ។
ទោះបីយ៉ាងនេះក្តី ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ហាក់មានសុទិដ្ឋិនិយមទាបជាងគេ ដោយលោកប្រាប់ថា ដោយសារកាលពីឆ្នាំ ២០១៨ សកម្មភាពនៃការទិញលក់ និងតម្លៃអចលនទ្រព្យនៅក្រុងព្រះសីហនុ បានកើនឡើងខ្ពស់រួចទៅហើយនោះ ហេតុនេះតម្លៃមិនកើនឡើងលឿនទៀតទេពេលនេះ។
លោកបានថ្លែងថា៖ «នេះជាដំណាក់កាលមានការសាងសង់ច្រើន ដូច្នេះតម្លៃទិញលក់អចលនទ្រព្យមិនសូវកើនច្រើនទេ ព្រោះតម្លៃបានកើនឡើងខ្ពស់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ»៕LA
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment