ក្រុងសៀមរាបៈ ធ្វើដំណើរតាមផ្លូវក្រវាត់ក្រុងឆ្ពោះទៅកាន់វត្ដចក ចូលតាមច្រកផ្សារកន្ដ្រក ប្រមាណ ២ គីឡូម៉ែត្រ លោកអ្នកនឹងបានឃើញដើមឈើដង្គត់ទើបដុះពន្លកស្លឹកថ្មីឈរកណ្ដាលទ្រូងផ្លូវ ជាសញ្ញាប្រាប់ភ្ញៀវថា ដល់ទីតាំងរមណីយដ្ឋានធម្មជាតិភូមិស្លាហើយ។
ឯនាយខាងឆ្វេងដៃ ស្រះធំៗថ្លាឆ្លុះភ្នំក្រោមលើផ្ទៃទឹក ជួយបន្សាបកម្ដៅពេលភ្ញៀវចតយានយន្ដភ្លាម។ ប្រឡាយ ៣ ឆ្នូត សណ្ដូកខ្លួនប្របតាមផ្លូវដើរហែរហមដំណើរដោយដើមចេកឈរជាជួរទៅកាន់ក្យូស ១១ ខ្នង បង្កើនបរិយាកាសកាន់តែរមនា ខណៈដែលប្រឡាយទាំង ៣ ត្រូវបានតភ្ជាប់ដោយស្ពានឈើ ២ សម្រាប់ផ្ដល់ភាពងាយស្រួលដល់ភ្ញៀវដើរឆ្លងកាត់។
នៅខាងស្ដាំមានក្យូសធំ ២ ក្បែរគល់ស្ពានឈើ ភ្ជាប់ដោយស្ពានកាត់វាលស្រែ ទីគយគន់ទេសភាពរមណីយដ្ឋាន និងថតរូបសែលហ្វ៊ីដ៏ស័ក្ដិសម។
ដោយមិនពិបាកដើររកឆ្ងាយ បន្ទប់ទឹកស្អាត ២ គ្របដំបូលទូកក្រឡាប់ឈរចំកណ្ដាលរមណីយដ្ឋាន ក្បែរច្រកចូលធំ ដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវអង្គុយគ្រប់ក្យូស។
ស្ថិតនៅក្នុងភូមិកន្ត្រក ឃុំស្វាយដង្គំ មិនឆ្ងាយប៉ុន្មានពីភ្នំក្រោម រមណីយដ្ឋានធម្មជាតិភូមិស្លា ទើបតែស្វាគមន៍ភ្ញៀវនៅថ្ងៃទី ១៥ ខែវិច្ឆិកា នេះ ជាមួយនឹងសេវាកម្មមុខម្ហូបចម្អិនពីកសិផលប្រជាសហគមន៍ ដែលជាដំណាំ និងសាច់ចិញ្ចឹមបែបធម្មជាតិ។
លោក ខាំ សេរីចន្ថា ជំនួយការប្រឹក្សាយោបល់ទូទៅប្រចាំរមណីយដ្ឋានធម្មជាតិភូមិស្លា បាននិយាយថា៖ «យើងចូលរួមចំណែកបង្កើនទីផ្សារសហគមន៍តាមរយៈការប្រើប្រាស់បន្លែ និងសាច់គ្មានជាតិគីមី ដែលអាចជួយទ្រទ្រង់ដល់កសិផលសហគមន៍ និងគិតគូរទៅដល់សុខភាពភ្ញៀវមកកម្សាន្ដនៅភូមិស្លា»។
លោកបានបន្ដថា មាន់ ទាស្រែ ផ្ទាប់បន្លែស្រស់ៗពីសហគមន៍កសិកម្មសាមគ្គីចំរើនផល ប្រឡាក់អាំងទឹកឃ្មុំ និងអាម៉ុកខ្យង ជាមុខម្ហូបពិសេសប្រចាំតំបន់ភូមិស្លា ដែលនឹងផ្ដល់នូវរសជាតិជាប់ចិត្ដនៅក្នុងឱកាសបើក- សម្ពោធនេះតទៅ។
ក្រៅពីមុខម្ហូបស្រែ រមណីយដ្ឋានធម្មជាតិភូមិស្លា រំលេចនូវទស្សនីយភាពប្លែកដាច់ដោយឡែកជាមួយក្យូសធំៗ ៧ គន់ទេសភាពមាត់បឹងធម្មជាតិ និងផ្ទះបុរាណ ១ ខ្នង ព្រមទាំងក្យូសខ្នាតកណ្ដាលចំនួន ១៣ អមដោយសម្រស់វាលស្រែបៃតងស្រស់ ទិដ្ឋភាពភ្នំក្រោម ដោយទទួលខ្យល់ជំនោរត្រជាក់គ្រប់ពេលវេលា។
រមណីយដ្ឋានផ្ដើមទទួលភ្ញៀវពីម៉ោង ១០ ព្រឹកដល់ម៉ោង ៦ ល្ងាច ខណៈនៅពេលខាងភូមិស្លា ត្រៀមស្វាគមន៍ភ្ញៀវរហូតដល់ម៉ោង ៩ យប់ ជាមួយភ្លើងពណ៌រាត្រីយ៉ាងស្រស់បំព្រង និងផ្ទះលម្ហែថែមទៀត។
ក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ ភូមិស្លាក៏មានការបញ្ចុះតម្លៃ ១៥ ភាគរយចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ នៅពេលបញ្ចប់ការសាងសង់ ១០០ ភាគរយ ភូមិស្លា នៅមានហាងកាហ្វេ ភោជនីយដ្ឋានម៉ាស៊ីនត្រជាក់ ផ្ទះឈើបុរាណដែលគ្រោង ចប់សព្វគ្រប់នៅដើមឆ្នាំ ២០១៩។
សម្រាប់ព័ត៌មានលម្អិត និងការកក់ក្យូស ដែលទើបបានបើកសម្ពោធក្ដៅៗនេះអាចទាក់ទងតាមលេខទូរស័ព្ទ ០៧៧ ៩៣០ ០០០៕
វីដេអូ៖
No comments :
Post a Comment