Translate

Popular

Thursday, June 6, 2019

អាជ្ញាធរ​ចិន ​ពិន័យ​ក្រុមហ៊ុន Ford ជាង ២០ ​លាន​ដុល្លារ

No comments :
ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Ford ផលិតរថយន្តអាមេរិក និងក្រុមហ៊ុន Changan Automobile Group ដែលជារដ្ឋរបស់ចិន ត្រូវបានចោទពីបទ «​ការ​កំណត់​តម្លៃ​»។
ក្រុង​ប៉េកាំងៈ ប្រទេស ​ចិន ​កាល​​ពី​ថ្ងៃ​អង្គារ​​បាន​​​ពិន័យ​ ២៣,​៦ ​លាន​ដុល្លារ ​ចំពោះ​ក្រុមហ៊ុន Changan Ford Automobile ដែល​ជា​ក្រុមហ៊ុន​បណ្តាក់​ទុក​រួមគ្នា​រវាង​ក្រុមហ៊ុន Ford ​របស់​អាមេរិក​ ​និង​​ក្រុមហ៊ុន Changan Automobile របស់​ចិន​ពី​បទ​ «​ការ​កំណត់​តម្លៃ​» ក្នុង​ព្រឹត្តិការណ៍​​​ចុង​​ក្រោយ​បំផុត​របស់​ទីក្រុង​ប៉េកាំង​ដែល​កំណត់​ទិសដៅ​លើ​​​​ក្រុមហ៊ុន​អាមេរិក​​ក្នុង​គ្រា​កើត​​មាន​​​​សង្គ្រាម​ពាណិជ្ជកម្ម។​
ការ​ផាក​ពិន័យ ដែល​ស្មើ​នឹង ​៤ ​ភាគរយ ​នៃ​ការ​លក់​របស់​​ក្រុមហ៊ុន Changan Ford Automobile នៅ​ទីក្រុង​ Chongqing ភាគ​និរតី​ប្រទេស ​ចិន ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​​​ដោយសារ​​ការ​រំលោភ​​ច្បាប់​ប្រឆាំង​ភាព​ផ្ដាច់​មុខ​របស់​ប្រទេស ​ចិន​។​
រដ្ឋបាល​រដ្ឋ​ចិន​​ទទួល​បន្ទុក​​​គ្រប់គ្រង​ទីផ្សារ​​បាន​ឲ្យ​ដឹង​​​ក្នុង​សេចក្ដី​ថ្លែងការណ៍​​​មួយ​ថា ​ក្រុមហ៊ុន​ Changan Ford «​បាន​កំណត់​តម្លៃ​​​លក់​បន្ត​អប្បបរមា» ចាប់​តាំង​ពី​ឆ្នាំ ​២០១៣ មក​សម្រាប់​​រថយន្ត​ ដែល​លក់​នៅ​​ទីក្រុង​ Chongqing ដែល​ទង្វើ​​នេះ​ «​បាន​ដក​ហូត​សិទ្ធិ​ស្វ័យ​សម្រេច​ក្នុង​ការ​កំណត់​តម្លៃ​ពី​​​​ក្រុមហ៊ុន​ចែកចាយ និង​បាន​ធ្វើ​ឲ្យ​ខូច​​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព ​និង​​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​អតិថិជន»។
នៅ​​ចុង​សប្ដាហ៍​មុន ​អាជ្ញាធរ​ចិន​ក៏​បាន​កំណត់​ទិសដៅ​លើ​ក្រុមហ៊ុន​ដឹក​ជញ្ជូន FedEx របស់​អាមេរិក​ផង​ដែរ ដោយ​ទីភ្នាក់ងារ​​ព័ត៌មាន​រដ្ឋ​ចិន​​រាយការណ៍​​ពី​ការ​ប្រកាស​បើក​​​ស៊ើប​អង្កេត​មួយ​ទៅ​លើ​​​​ក្រុមហ៊ុន​នេះ​ដោយសារ​តែ​កញ្ចប់​ទំនិញ​របស់​ក្រុមហ៊ុន Huawei ត្រូវ​បាន​​បញ្ជូន​ខុស​ទិសដៅ​។​
ក្រុមហ៊ុន​ FedEx កន្លង​មក​បាន​​សុំទោស​ចំពោះ​​បញ្ហា​នៃ​ការ​បញ្ជូន​ទំនិញ​ខុស​ទិសដៅ​នេះ។ កាល​ពី​ខែ​មុន​ ក្រុមហ៊ុន Huawei ​ត្រូវ​បាន​ដាក់​បញ្ចូល​​​ក្នុង​បញ្ជី​ខ្មៅ​របស់​​អាមេរិក​ដោយ​​កាត់​ផ្ដាច់​​ក្រុមហ៊ុន​នេះ​ពី​ការ​ទទួល​បាន​ការ​ផ្គត់ផ្គង់​គ្រឿង​​បង្គុំ​ដែល​ផលិត​នៅ​អាមេរិក​៕ AFP/LA​

No comments :

Post a Comment