Wednesday, June 5, 2019
Huawei លក់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុនខ្សែកាប្លិ៍ក្រោមសមុទ្រ
ក្រុមហ៊ុន Huawei Marine Networks លក់ភាគហ៊ុនចំនួន ៥១ ភាគរយ ទៅអោយក្រុមហ៊ុន Hengtong Optic-Electric។ AFP |
ក្រុងស៊ាងហៃៈ ក្រុមហ៊ុន Huawei នឹងលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួនក្នុងក្រុមហ៊ុនខ្សែកាប្លិ៍ក្រោមសមុទ្ររបស់ខ្លួនក្នុងគ្រាដែលមានវិធានការដែលដឹកនាំដោយអាមេរិក ដើម្បីដាក់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះនៅឯកោពីបណ្តាញព័ត៌មានបច្ចេកវិទ្យាពិភពលោកដោយសារក្តីបារម្ភពីការលួចព័ត៌មានសន្តិសុខ។ នេះបើយោងតាមអតិថិជនដែលបានទិញភាគហ៊ុននេះកាលពីថ្ងៃចន្ទ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានវាយប្រហារក្រុមហ៊ុន Huawei ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយជំរុញឲ្យប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនធ្វើពហិកាផលិតផលរបស់ក្រុមហ៊ុនចិននេះ និងដាក់ក្រុមហ៊ុននេះក្នុងបញ្ជីខ្មៅដែលមិនអាចទិញសូហ្វវែរមួយចំនួនរបស់អាមេរិកបាន។
ខ្សែកាប្លិ៍ក្រោមសមុទ្រមានសារៈសំខាន់ខ្លាំងចំពោះចរាចរណ៍អ៊ីនធឺណិតពិភពលោក។
ភាគហ៊ុនចំនួន ៥១ ភាគរយ ក្នុងក្រុមហ៊ុន Huawei Marine Networks នឹងត្រូវទិញដោយក្រុមហ៊ុន Hengtong Optic-Electric ដែលជាក្រុមហ៊ុនផលិតខ្សែកាប្លិ៍អុបទិកមានមូលដ្ឋាននៅខេត្តជាំងស៊ូ ភាគខាងកើតប្រទេស ចិន។ នេះបើយោងតាមឯកសារដែលដាក់ជូនផ្សារហ៊ុនក្រុងស៊ាងហៃ។
ក្រុមហ៊ុន Huawei Marine Networks គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Global Marine Systems ដែលជាក្រុមហ៊ុនខ្សែកាប្លិ៍ក្រោមសមុទ្ររបស់អង់គ្លេស។
ក្រុមហ៊ុន Huawei Marine អះអាងនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមហ៊ុនធ្វើការងារលើគម្រោងប្រហែល ៩០ រាប់ចាប់ពីសមុទ្រប៉ាស៊ីហ្វិកដល់សមុទ្រអាត្លង់ទិក ដែលមានខ្សែកាប្លិ៍ក្រោមសមុទ្រប្រវែងសរុបជាង ៥០ ០០០ គីឡូម៉ែត្រ។
អ្នកនាំពាក្យក្រុមហ៊ុន Huawei បានឲ្យដឹងថា ក្រុមហ៊ុនមិនទាន់មានការអត្ថាធិប្បាយណាមួយទេអំពីក្រុមហ៊ុន Huawei Marine៕ AFP/KC
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment