សៀមរាប: ស្ពានឈើប្រវែងជាង ៥៤ ម៉ែត្រ សង់លយចូលទៅក្នុងបឹងធម្មជាតិមួយ ខណៈនៅខាងចុងស្ពាន រចនាជារូបបេះដូងយ៉ាងស្រស់ស្អាត គឺជាទីឋានសម្រាប់ថតរូបសែលហ្វ៊ី ដ៏សប្បាយរីករាយអមនឹងព្រៃធម្មជាតិដ៏ស្រស់ត្រកាល ដែលមានភាពទាក់ទាញសម្រាប់អ្នកទេសចរយ៉ាងខ្លាំង។
ស្ពានឈើនេះមានឈ្មោះថា ស្ពានបេះដូងស្ថិតនៅតំបន់រមណីយដ្ឋានធម្មជាតិបឹងត្រាវកុដិក្នុងភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង មានចម្ងាយ ២៣ គីឡូម៉ែត្រ ខាងជើងឆៀងខាងកើតក្រុងសៀមរាប។
លោក អ៊ូ សុផាន់ណារ៉ុង អាយុ ៥៣ ឆ្នាំ អនុប្រធានសហគមន៍រមណីយដ្ឋានធម្មជាតិត្រាវកុដិ បានប្រាប់ឲ្យដឹងថា គោលបំណងនៃការសង់ស្ពានបេះដូងនេះឡើង គឺដើម្បីទាក់ទាញបន្ថែមដល់ភ្ញៀវទេសចរ ជាពិសេសក្រុមយុវវ័យមកលេងកម្សាន្តនៅបឹងត្រាវកុដិនេះ។
លោកថ្លែងថា៖ «ស្ពានបេះដូងនេះ មានអត្ថន័យជានិស្ស័យរបស់មនុស្ស ជាបេះដូងនៃក្តីសង្ឃឹម ក្តីស្រមៃ និងការយល់ចិត្ត ការពេញចិត្តគ្នា ដែលជាបំណងរបស់មនុស្សគ្រប់គ្នា»។
លោកបានបន្តថា ស្ពាននេះទើបតែកសាងនៅក្នុងឆ្នាំ ២០១៨ នេះ ចំណាយថវិកាប្រមាណ ១ ម៉ឺនដុល្លារ ដែលជាថវិការបស់ក្រុមហ៊ុនអភិវឌ្ឍន៍មួយនៅតំបន់នោះ បន្ទាប់ពីមានការស្នើសុំពីសហគមន៍។
ស្ពានបេះដូងនេះមានទទឹងប្រមាណ ៣ ម៉ែត្រធំទូលាយ និងមានបង់ឈើសម្រាប់អង្គុយស្រូបយកខ្យល់ធម្មជាតិដ៏ស្រស់ថ្លាបរិសុទ្ធផងដែរ។ ភ្ញៀវទេសចរភាគច្រើនទៅថតរូបលេងកម្សាន្តនៅទីនោះនាពេលល្ងាច។
ក្រៅពីស្ពានបេះដូង នៅជុំវិញនោះ ក៏មានក្យូសលម្ហែជាច្រើនសម្រាប់ជួបជុំញ៉ាំអាហារនិងសម្រាកលម្ហែកាយ។
បឹងធម្មជាតិត្រាវកុដិ គឺជាទីកន្លែងដ៏មនោរម្យមួយសម្រាប់ក្រុមភ្ញៀវទេសចរពីឆ្ងាយមកកម្សាន្ត ពីព្រោះវាជាតំបន់អភិវឌ្ឍន៍ថ្មីបំផុតមួយ និងមានទេសភាពស្រស់ស្អាតដែល អាចទាក់ទាញក្រុមភ្ញៀវជាលក្ខណៈគ្រួសារមកកម្សាន្តជាមួយនឹងសកម្មភាពផ្សេងៗដូចជា ស្ទូចត្រី ជិះទូកលេង ហែលទឹក និងសកម្មភាពដទៃទៀតដូចជា ការបោះជំរំជាដើម។
ទិដ្ឋភាពកង់ហោះប៉ប្រះចុងជើង លើក្យូសលម្ហែរួមទាំងសកម្មភាពជិះខ្សែរ៉ក និងស៊ូភើមេនហោះឆ្លងកាត់បឹងនេះ ដែលអ្នកហាត់កីឡាលើអាកាសអាចគយគន់ទេសភាពភ្នំ ជាពិសេស បឹងត្រាវកុដិដ៏៏ធំល្វឹងល្វើយ ក៏ជាផ្នែកមួយនៃរមណីយដ្ឋានធម្មជាតិបឹងត្រាវកុដិផងដែរ។
សូមបញ្ជាក់ថា បឹងត្រាវកុដិ ដែលមានវិសាលភាពផ្ទៃបឹង ប្រមាណ ៦០ ហិកតាមានប្រវែង ២៨ គីឡូម៉ែត្រ មានព្រំប្រទល់ជាប់នឹងតំបន់ភ្នំគូលែន គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់ដែលមានតួនាទីជួយបង្កើតសេដ្ឋកិច្ចរបស់តំបន់ដាច់ស្រយាល។ ក្រៅពីជារមណីយដ្ឋានធម្មជាតិសម្រាប់ទេសចរ បឹងនេះក៏ជាអាងស្ដុកទឹកសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះធ្វើស្រែចម្ការផងដែរ៕
វីដេអូ៖
No comments :
Post a Comment