១.ប្រាសាទបាកាន ដ៏ធំធេងលាក់ខ្លួនកណ្ដាលព្រៃ
ព្រះវិហារៈ ជាទីកន្លែងលាក់ខ្លួនរបស់ព្រះបាទជ័យវរ្ម័នទី ៧ មុនពេលព្រះអង្គឡើងគ្រងរាជ្យនៅឆ្នាំ ១១៨១ ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ មានទីតាំងនៅក្នុងភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារមានចម្ងាយប្រហែលជា ១០៥ គីឡូម៉ែត្រពីក្រុងព្រះវិហារ ឬ ក៏អាចចូលតាមផ្លូវក្រួសក្រហមចំពីមុខសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បែកចេញពីផ្លូវជាតិលេខ ៦ ចម្ងាយ ៧៥ គីឡូម៉ែត្រ។
សភាពផ្លូវធ្វើដំណើរល្អគួរសម ដែលសម្រួលដល់រថយន្តគ្រប់ប្រភេទ បើកចូលទៅដល់បាន ប៉ុន្តែជារៀងរាល់ថ្ងៃ មានតែភ្ញៀវបរទេសតិចតួចមកមើលជាហូរហែ។
រីឯ ភ្ញៀវខ្មែរ មកលេងប្រាសាទនេះតែនៅរដូវបុណ្យទានធំៗ ដូចជាចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ដោយមិនសូវមាន អ្នកស្គាល់ប្រាសាទនេះទេ។ តម្លៃចូលទស្សនា ៥ ដុល្លារសម្រាប់ភ្ញៀវបរទេស រីឯភ្ញៀវខ្មែរមិនគិតថ្លៃទេ គឺអាស្រ័យលើទឹកចិត្ត។
២.ទឹកអូរធម្មជាតិរាក់ៗនៅឯផ្ទះស្នាក់បៃតង
សៀមរាបៈ ប្រភពទឹកពីស្រះដូនរីក ដែលហូរជ្រាបពីតំបន់ភ្នំគូលែនក្នុងសម្បុរពណ៌ក្រហមប្រវែងជាង ១០០ ម៉ែត្របានក្លាយជាគោលដៅទាក់ទាញភ្ញៀវមកពីគ្រប់ច្រកល្ហកជាពិសេសក្រុមគ្រួសារមានកូនចៅតូចៗ ដែលប្រាថ្នាងូតទឹកអូររាក់ៗ ក្រាលខ្សាច់ធម្មជាតិ។
មនុស្សធំអាចដំឡើងតុលើទឹកដងអូរ អង្គុយជុំគ្នាញ៉ាំអាហារ និងលើកកំប៉ុងភេសជ្ជៈជល់គ្នាលើផ្ទៃទឹកត្រជាក់ស្រេង អមដោយការថតរូប និងយោលអង្រឹងកាត់ទទឹងអូរយ៉ាងក្អាកក្អាយ។
ស្ថិតនៅលើផ្ទៃដីសរុប ១៤ ហិកតា រីសតផ្ទះស្នាក់បៃតង និងស្រះដូនរីកមាន ២០ ក្យូសសង់ជាប់មាត់អូរ នៅក្នុងភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ សម្រាប់ការកក់កន្លែង និងព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០១០ ៣៥ ០០ ៤។
៣.ទស្សនាសត្វព្រៃយ៉ាងកៀកកិត ផ្ដិតយកសម្រស់ផ្កាឈូករ័ត្ន
មណ្ឌលគិរី: ក្រៅពីភូមិជនជាតិដើមភាគតិច សម្រស់ទឹកធ្លាក់ ព្រៃភ្នំ ជ្រលងដងអូរ និងវាលស្មៅប្រែពណ៌តាមរដូវ ដែនដីក្រហមនៃភូមិភាគឦសានមណ្ឌលគិរី ក៏មានសួនសត្វព្រៃ មយូរ៉ា ទំហំជាង ១០ ហិកតា ដែលអាចឲ្យភ្ញៀវទស្សនា ប្រើស ប្រើសផ្កាយ ក្តាន់ ឈ្លូស ជ្រូកព្រៃ និងសត្វក្ងោក យ៉ាងកៀកកិតផងដែរ។
ភ្ញៀវត្រូវធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ឆ្ពោះទៅកាន់ស្រុកកោះញែក ចម្ងាយជិត ៣០ គីឡូម៉ែត្រ ស្ថិតក្នុងភូមិមេម៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងត្រូវបត់ចូលពីផ្លូវជាតិប្រមាណជា ៥ ០០០ ម៉ែត្រទៀត តាមផ្លូវលំរដិបរដុប ឆ្លងកាត់ចម្ការព្រៃកៅស៊ូ ដែលមានដាក់ស្លាកសញ្ញាបង្ហាញផ្លូវផងដែរ។
សួនសត្វព្រៃ មយូរ៉ា ក៏មានដាំផ្កាឈូករ័ត្នជាច្រើន សម្រាប់ទេសចរថតរូបលេងកម្សាន្តផងដែរ ហើយតម្លៃសេវាចូលទស្សនា គឺអាស្រ័យលើសទ្ធាពីភ្ញៀវទេសចរប៉ុណ្ណោះ។
៤.សហគមន៍ទេសចរណ៍ទឹកជួរតាចោរ
ក្រចេះ: បណ្តុំទេសភាពជាទីមនោរម្យនៃទឹកទន្លេមេគង្គត្រជាក់ស្រេង ថ្លាឆ្វង់អាចឆ្លុះមុខបាន ហូរខ្មួលខ្មាញ់ប្រដេញលេងនឹងផ្ទាំងថ្មផុសពីបាតទន្លេ និងលាយឡំដោយរុក្ខជាតិតូចធំពណ៌បៃតងខ្ចី ហាក់កម្រមានភ្ញៀវទេសចរទៅដល់ ដោយសារតែស្ថានភាពផ្លូវចូលមិនសូវអំណោយផល។ «សហគមន៍ទេសចរណ៍ទឹកជួរតាចោរក្រហម ក» មានទីតាំងស្ថិតក្នុងភូមិកំពង់ព្នៅ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។
ភ្ញៀវជិះម៉ូតូត្រូវចេញដំណើរតាមផ្លូវមាត់ទន្លេ ពីសាលាស្រុកសំបូរទៅតែម្តង ដោយមានចម្ងាយប្រមាណជាង ១៥ គីឡូម៉ែត្រ។
រីឯ ការធ្វើដំណើរតាមរថយន្តធុនខ្ពស់វិញ មានចម្ងាយឆ្ងាយជាង ដោយផ្ដើមពីផ្លូវជាតិលេខ ៧ នៅត្រង់ចំណុចភូមិស្រែត្រែង ហើយបត់ឆ្វេងចូលតាមផ្លូវក្រួសក្រហមអែបរបងវត្តខេត្តនារាម ហៅវត្តស្រែត្រែង ដែលមានចម្ងាយផ្លូវចូលសរុបទៅជិត ៣០ គីឡូម៉ែត្រឯណោះទើបអាចទៅដល់ទឹកជួរតាចោរ។
៥.ឡើងភ្នំជញ្ជាំង គយគន់ទេសភាពក្រុងសិរីសោភ័ណ ក្រោមពន្លឺស្រទន់នៃសុរិយាអស្ដង្គត
បន្ទាយមានជ័យ: ទាំងមានអំណោយផលល្អពីធម្មជាតិ និងស្ថិតនៅទីតាំងមិនឆ្ងាយពីទីប្រជុំជន រមណីយដ្ឋានធម្មជាតិភ្នំជញ្ជាំង មានបណ្តុំទេសភាពល្អប្លែកៗ ហើយថែមទាំងអាចគយគន់ទិដ្ឋភាពទីក្រុងទាំងមូលយ៉ាងច្បាស់។ រឹតតែលន្លង់លន្លោចទៅទៀតនោះ ភ្ញៀវទេសចរ ក៏អាចជ្រើសរើសវេលារសៀលជ្រាលជ្រេ អង្គុយមើលព្រះសុរិយាហៀបអស្តង្គត ចែងចាំងពន្លឺពណ៌មាសលើផ្ទៃទឹកស្ទឹងសិរីសោភ័ណទៀតផង។
ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចម្ងាយ ៣ ឬ ៤ គីឡូម៉ែត្រពីក្រុង ដោយចូលតាមខ្លោងទ្វារ វត្តកុឍ្ឍបព្វតា លើផ្លូវជាតិលេខ ៥ ស្របទិសដៅឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ភ្នំជញ្ជាំងគឺជារមណីយដ្ឋានធម្មជាតិ មានបណ្តុំផ្ទាំងថ្មធំៗ លាយឡំដោយព្រៃឈើតូចៗ កាំជណ្តើរឡើងទៅលើជាច្រើនរយកាំ អមដោយបង្កាន់ដៃដែកងាយស្រួលតោងឡើង។
៦.អន្លង់ខៀវ ទឹកធ្លាក់ថ្លាឈ្វេង គាប់ចិត្តអ្នកហែលលោតលេង នែបនិត្យធម្មជាតិស្ងប់ស្ងាត់
កំពត: ហ៊ុមព័ទ្ធដោយព្រៃឈើ ជាផ្នែកតូចមួយនៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ ល្បាក់ ទឹកហូរ ជ្រែកដុំថ្មតូចធំតាមជ្រលងដងអូរ មកដល់ត្រង់ចំណុចមួយមានលក្ខណៈជាអាង ស្ទើររាងមូល មុននឹងធ្លាក់ទៅខាងក្រោមគឺជាកន្លែងអំណោយផលដល់ទេសចរ ប្រាថ្នាហែលទឹកលេង នែបនិត្យធម្មជាតិស្រស់បំព្រង។
អាងទឹកធម្មជាតិ ដ៏ថ្លាយង់ ពណ៌ខៀវស្រងាត់ និងត្រជាក់ស្រេងនេះ គឺទឹកធ្លាក់ អន្លង់ខៀវ ស្ថិតនៅផ្នែកខាងលើនៃសហគមន៍ទេសចរណ៍ធម្មជាតិព្រែកត្នោត ឬ អន្លង់ធំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយធ្វើដំណើរចេញពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់ វាលរេញ ក្នុងចម្ងាយប្រមាណជិត ៣០ គីឡូម៉ែត្រ។
ភ្ញៀវទេសចរ ត្រូវមកដល់សហគមន៍ទេសចរណ៍ព្រែកត្នោត ឬ អន្លង់ធំ នេះសិន មុននឹងបន្តធ្វើដំណើរឡើងភ្នំ កាត់ព្រៃលើផ្លូវមានថ្មរដិបរដុបបន្តិចប្រមាណជា ១៥ នាទី ទើបបានទៅដល់ទីឋានរមនានោះ។
៧.រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល កំពង់ឆ្នាំង សំងំលាក់ខ្លួននៅតំបន់ភ្នំឱរ៉ាល់
កំពង់ឆ្នាំងៈ ពេលបានទៅដល់ តំបន់ធម្មជាតិទឹកធ្លាក់ថ្មក្រាលអ្នកដំណើរហាក់មានអារម្មណ៍ស្រស់ស្រាយ ដោយសារបណ្តុំនៃទេសភាពព្រៃឈើខៀវខ្ចី មានភ្នំធម្មជាតិនៅហ៊ុមព័ទ្ធជុំវិញ ក្រាលវាលស្រែពណ៌បៃតង និងមានផ្ទាំងធំៗច្រើនកន្លែងនៅមាត់ស្ទឹងដូចជាក្រាលថ្មអ៊ីចឹង។
តំបន់ទេសចរណ៍ធម្មជាតិនេះ មានទីតាំងស្ថិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស មានចម្ងាយជាង ២៨ គីឡូម៉ែត្រពីទីរួមស្រុកទឹកផុស ឬស្ថិតនៅប្រមាណជាង ៥០ គីឡូម៉ែត្រ ភាគខាងលិចនៃខេត្ត កំពង់ឆ្នាំង ដែលសម្បូរអ្នកស្រុកទៅលេងនារដូវបុណ្យទានមានចំនួនច្រើនគួរសម ខណៈអ្នកភូមិទីនោះក៏និយមហៅឈ្មោះក្រៅដែរថា «ទឹកធ្លាក់បរវាទ» ដែលបានដំណើរការប្រមាណជិត ២ ឆ្នាំមកហើយ។
នារដូវប្រាំងនេះ ទឹកធ្លាក់ថ្មក្រាល មានកម្រិតទឹកតិចល្មម រំលេចសម្រស់ធម្មជាតិនៅតែស្រស់ស្អាត និងទឹកថ្លាត្រជាក់ដែលហូរធ្លាក់ពីលើភ្នំឱរ៉ាល់។
៨.ទឹកធ្លាក់ថ្មដាតូច ហូរជាថ្នាក់ៗត្រជាក់ស្រេង ក្បែរផ្លូវជាតិកៀកបង្កើយ
ពោធិ៍សាត់: ជាទីឋានកម្សាន្តថ្មីសន្លាងជាមួយសម្រស់ព្រៃភ្នំធម្មជាតិល្អប្លែកស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ ៥៥ ទើបកសាងថ្មី ទឹកធ្លាក់ ថ្មដាតូច ឬហៅទឹកធ្លាក់ភ្នំ ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំនៃខេត្តពោធិ៍សាត់ឆ្ពោះ ទៅកាន់ច្រកថ្មដា នាព្រំប្រទល់ជាមួយខេត្ដត្រាតប្រទេសថៃ។
ធ្វើដំណើរលើវិថីពត់ពេន តាមជម្រាលភ្នំខ្ពស់ៗ ប្រមាណ ៥០ គីឡូម៉ែត្រពីទីរួមស្រុកវាលវែង ឬ ១៥៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ទឹកធ្លាក់នេះស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។
ចម្ងាយជាង ១០០ ម៉ែត្រ ដើរចុះពីផ្លូវជាតិលេខ ៥៥ ភ្ញៀវទេសចរនឹងបាន ឃើញទឹកហូរលើជម្រាលថ្មជាដំណាក់ ដូចកាំជណ្ដើរដែលត្រូវបានធម្មជាតិខិតខំឆ្លាក់រាប់សតវត្សរ៍ ផ្ដល់ភាពងាយស្រួលងូតកម្សាន្ដដល់ភ្ញៀវទេសចរអមដោយទេសភាពព្រៃព្រឹក្សា។
អ្វីដែលវិសេសសម្រាប់ឱកាសងូតទឹកលេងកម្សាន្ដមិនអាចខកខាននោះ គឺផ្ទៃទឹកមានសភាពថ្លាឈ្វេង ទោះបីស្ថិតក្នុងរដូវវស្សាយ៉ាងណាក៏ដោយ។ វាពិតជាមាន អារម្មណ៍ស្រស់ថា្ល និងរំភើបណាស់ នៅពេលដែលបានគយគន់សម្លឹង មើលព្រៃព្រឹក្សា ឮសូរសំឡេងសត្វព្រៃយំខ្ញៀវខ្ញារផងនោះ។
៩. រមណីយដ្ឋានធម្មជាតិ ភូមិស្លា ព័ទ្ធទឹកជុំជិត ទីលម្ហែគយគន់ទេសភាពប៉ាណូរ៉ាម៉ា
ក្រុងសៀមរាបៈ រមណីយដ្ឋានធម្មជាតិភូមិស្លា ពង្រាយក្យូស លម្ហែក្បែរស្រះទឹក ប្រឡាយទឹកខ្វាត់ខ្វែង អមដោយរុក្ខជាតិ ផ្កាភ្ញី វាលស្រែឆ្លុះទេសភាពភ្នំក្រោមដ៏ស្រស់ត្រកាល និងទទួលជំនោរត្រជាក់ល្ហឹម។
ធ្វើដំណើរតាមផ្លូវក្រវាត់ក្រុងឆ្ពោះទៅកាន់វត្ដចក ចូលតាមច្រកផ្សារកន្ដ្រក ប្រមាណ ២ គីឡូម៉ែត្រ លោកអ្នកនឹងបានឃើញដើមឈើដង្គត់ទើបដុះពន្លកស្លឹកថ្មីឈរកណ្ដាលទ្រូងផ្លូវ ជាសញ្ញាប្រាប់ភ្ញៀវថា ដល់ទីតាំងរមណីយដ្ឋានធម្មជាតិភូមិស្លាហើយ។
ស្ថិតនៅក្នុងភូមិកន្ត្រក ឃុំស្វាយដង្គំ មិនឆ្ងាយប៉ុន្មានពីភ្នំក្រោម រមណីយដ្ឋានធម្មជាតិភូមិស្លា ទើបតែស្វាគមន៍ភ្ញៀវថ្មីៗជាមួយនឹងសេវាកម្មមុខម្ហូបចម្អិនពីកសិផលប្រជាសហគមន៍ ដែលជាដំណាំ និងសាច់ចិញ្ចឹមបែបធម្មជាតិ។
១០.តោះ! ឡើងជណ្ដើរ ឈើប្រាសាទខ្នាល ១១៨១ កាំលើភ្នំដងរែកក្បែរព្រំដែនខ្មែរ-ថៃ
ក្រុងសំរោង: ជណ្ដើរឈើចំនួន ១១៨១ កាំ ដែលសង់សម្រាប់់កងកម្លាំងប្រើប្រាស់ក្នុងការដឹកជញ្ជូនស្បៀងឡើងចុះភ្នំដងរែកត្រង់ចំណុចប្រាសាទខ្នាល បានទាក់ទាញចំណាប់អារម្មណ៍ទេសចរជាតិ ចង់ទទួលបទពិសោធពីការដើរឡើងជណ្ដើរឈើរាប់ពាន់កាំ និងស្គាល់ពីតំបន់ខ្សែត្រៀមជួរមុខរបស់កងទ័ពខ្មែរ។
ឆ្លើយតបនឹងទុក្ខលំបាកត្រូវតោងថ្ម និងមែកឈើឡើងភ្នំរបស់បងប្អូនកងទ័ពឈរជើងនៅខ្សែត្រៀមជួរមុខលើភ្នំដងរែក ធ្លាប់ជាតំបន់ដែលប្រឈមចុងកាណុងកាំភ្លើងដាក់គ្នានឹងទាហានថៃ ស្ត្រីទី ១ កម្ពុជាបានផ្ដួចផ្ដើមគំនិតសង់ជណ្ដើរឈើឡើងប្រាសាទខ្នាលសម្រាប់ជាប្រយោជន៍ដល់កងកម្លាំងប្រចាំការតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ។
ប្រាសាទខ្នាលស្ថិតនៅលើផ្លូវពីក្រុងសំរោងឆ្ពោះទៅអូរស្មាច់បត់ឆ្វេងតាមផ្លូវប្រាសាទតាក្របី (ផ្លូវមូលនិធិបាយ័ន) ប្រមាណជាង ១០ គីឡូម៉ែត្រ រួចបត់ស្ដាំជាង ១ គីឡូម៉ែត្រ៕
No comments :
Post a Comment