សៀមរាប : អស់រយៈពេលជិត ១ ទសវត្សរ៍តាំងពីបើកសម្ពោធមក ធាមហៅស៍ ជាផ្ទះវិចិត្រសាលតាំងបង្ហាញព្រមទាំងលក់វត្ថុសិល្បៈ និងសិប្បកម្មខ្មែរបែបសហសម័យ រូបស្មូនម្រ័ក្សណ៍ខ្មុក សិល្បៈដេគ័រផ្ទៃក្នុងអគារ និងវត្ថុអនុស្សាវរីយ៍នានាដែលបើកទ្វារស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោកដោយមិនគិតកម្រៃអ្វីទាំងអស់។
ធាមហៅស៍ ឬផ្ទះលោក ធាម ជាផ្ទះផ្ទាល់ខ្លួនរបស់លោក លីម មួយធាម អតីតនាយកផ្នែកសិល្បៈនៅសិប្បករអង្គរ ឬ Artisans d’Angkor ដែលផ្ដល់នូវបទពិសោធជូនភ្ញៀវដូចបានវិលទៅកាន់ប្រវត្ដិសាស្ដ្រសិល្បៈកម្ពុជាពេលឈានជើងចូលសាលវិចិត្រនេះ។
លោក ធាម មើលឃើញពីការចំណាយច្រើនលើការថែទាំ ជួសជុលវិចិត្រសាល និងបន្ដដាក់បន្ថែមវត្ថុសិល្បៈឥតឈប់ឈររៀងរាល់ឆ្នាំពេលនេះ លោកទំនងជាចង់សម្រេចចិត្ដលក់សំបុត្រចូលទស្សនាពីភ្ញៀវនៅឆ្នាំក្រោយ។
លោកបានអះអាងថា៖ «ពេលនេះ អត់ទេ! តែក៏កំពុងពិចារណាឆ្នាំក្រោយ ចាប់ផ្ដើមលក់សំបុត្រដល់ភ្ញៀវដែលមានបំណងចង់ឃើញវត្ថុសិល្បៈខ្មែរ ដោយសារឥឡូវនេះយើងនៅបន្ដរៀបចំកែលម្អថែមទៀត»។
លោក ធាម បានលើកឡើងថា៖ «យើងនៅបន្ដផ្សែផ្សំទិញសម្ភារថែម និងចំណាយលើជាងឈើ ជាងភ្លើង ១២ នាក់ដើម្បីមើលថែរក្សារបស់ទាំងអស់នោះ។ ខ្ញុំពិចារណាមើលទៅថា ទិញ ឬមិនទិញ ភ្ញៀវមកថត ពេញចិត្ដ ធ្វើអ៊ីចេះ ធ្វើអ៊ីចុះ ត្រូវចំណាយប្រាក់ច្រើន។ បើភ្ញៀវជួយគាំទ្រ ជួយទិញអីវ៉ាន់ អូខេ យើងអាចទប់ទល់បាន។ តែភ្ញៀវមួយចំនួនក៏អត់ចង់ទិញ គ្រាន់តែពេញចិត្ដដោយខ្វះថវិកា ឬពិបាកកាន់ស្ពាយយកទៅវិញ»។
អ្នកសិល្បៈដែលប្រកាន់ខ្ជាប់នូវគោលការណ៍សិល្បៈរស់ជាចម្បងរូបនេះបានបញ្ជាក់ថាយ៉ាងណាមិញលោកមិនបើកសារមន្ទីរផ្ទះ ដើម្បីតែប្រាក់ចំណូលមួយមុខនោះឡើយឲ្យតែសិល្បៈបានរស់។
លោក លីម មួយធាម បាននិយាយថា៖ «បំណងខ្ញុំមិនផ្ដោតលើការរកចំណូលធ្វើអ្នកមានទេ ឲ្យតែបានរស់ទាំងអស់គ្នាខាងសិល្បៈវិញទេ។ យើង [បុគ្គលិក] មិនបាច់ទៅធ្វើការ ធ្វើស្រែ ហើយខ្ញុំក៏មិនបាច់ទៅធ្វើការជួយគូសប្លង់អីទេ»។
ជាមួយនឹងគោលបំណងបើកទូលាយចង់ឲ្យភ្ញៀវជាតិ និងអន្ដរជាតិបានស្គាល់នូវសិល្បៈខ្មែរ និងស្វែងយល់ពីការផ្ទេរចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយដោយមិនផ្ដោតចម្បងលើការលក់ដូរ អ្នកសិល្បៈដែលបានសិក្សាឌីហ្សាញផ្ទៃក្នុង និងសិល្បៈនៅសាលាបារាំង École des Beaux-Arts រូបនេះបានប្រាប់ថាស្នាដៃកូនខ្មែរពិតជាល្អអស្ចារ្យ លើសពីការកោតស្ញប់ស្ញែង។
លោក ធាម បាននិយាយថា៖ «ជាមួយគ្រឿងចម្លាក់ គំនូរ និងរូបស្មូនដែលខ្លះជាស្នាដៃថ្មីៗរបស់កូនជាងខ្ញុំប្រមាណជាង ៣០ នាក់ និងផលិតផលទិញពីតាមសហគមន៍នានាទូទាំងប្រទេសដំបូង ខ្ញុំអត់លក់ទេតែដោយសារចង់ផ្សព្វផ្សាយអំពីស្នាដៃសិល្បៈកូនខ្មែរដល់ភ្ញៀវទើបយើងសម្រេចចិត្ដផលិតលក់ជូនភ្ញៀវជាអនុស្សាវរីយ៍។ តែយើងនៅតែរក្សារចនាប័ទ្មដដែលពីព្រោះវាពិតជាអស្ចារ្យណាស់»។
បុរសដែលកើតនៅទឹកដីខ្មែរ និងបន្ដរស់នៅក្រុងប៉ារីសពេលភៀសខ្លួនក្នុងសម័យប៉ុលពតរូបនេះបានបន្ដថា៖ «ជាក់ស្ដែងចម្លាក់ស្ពាន់ត្រូវបានឆ្លាក់កន្លុកគន្លាក់យ៉ាងស្រស់ស្អាត។ បរទេសហ៊ានឲ្យតម្លៃខ្ពស់មែនទែន ប៉ុន្ដែកូនខ្មែរយើងអត់ទាន់ឲ្យតម្លៃដោយសារវាជាវត្ថុដែលវិសេសពេក»។
លោក សុខ លុក បម្រើការនៅ ធាមហៅស៍ ជាងកន្លះឆ្នាំជាមគ្គុទ្ទេសក៍បានប្រាប់ថាក្នុងការជូនភ្ញៀវទស្សនាវត្ថុសិល្បៈនៅធាមហៅស៍ត្រូវចំណាយពេលចាប់ពី ២០ ទៅ ៤០ នាទីអាស្រ័យលើភ្ញៀវត្រូវថតរូបតិច ឬក៏ច្រើនដោយដំណើរនាំភ្ញៀវចាប់ពីឆ្វេងដៃច្រកចូលនៃជីវប្រវត្ដិម្ចាស់ផ្ទះ រូបថត វត្ថុបុរាណ វត្ថុសិល្បៈ ព្រះពុទ្ធបដិមាផលិតពីឈើ ឧបករណ៍ភ្លេងបុរាណ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ គំនូរ រូបស្មូនចម្រុះពណ៌ សម្ភារផ្ទះបាយចាស់ៗ រោងជាង និងបញ្ចប់ដំណើរទស្សនានៅហាងកាហ្វេចំកណ្ដាលបរិវេណ។
លោក ធាម ជាអ្នកឌីហ្សាញផ្ទៃក្នុង និងគំនូរសិល្បៈនៅសណ្ឋាគារប្រណីតរចនាប័ទ្មទសវត្សរ៍ឆ្នាំ ៦០ បានប្រាប់ពីការនាំភ្ញៀវថា៖ «យើងអត់អាចធ្វើការជាមួយសណ្ឋាគារណាដែលនាំភ្ញៀវមកច្រើនៗឡើយ។ ខ្ញុំធ្វើការតែជាមួយអូតែលណានាំភ្ញៀវក្រុមតូចៗចាប់ពី ២ ទៅ ៤ នាក់ក្នុង ១ ក្រុម។ ពេលព្រឹក ៣-៤ ឡាន និងល្ងាច ៣-៤ ឡានអស់ហើយស្មើប្រមាណជាង ២០ នាក់។ Low season ក៏មានពេលព្រឹក ២-៣ ឡាន និងល្ងាច ២-៣ ឡាន ប្រហាក់ប្រហែលគ្នា»។
សាលវិចិត្រ ធាមហៅស៍ ស្ថិតនៅចម្ងាយ ៥០ ម៉ែត្រពីវិទ្យាល័យ ហ៊ុន សែន សៀមរាបលើវិថី ៣០ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបចាប់បើកពីម៉ោង ៨ ព្រឹកដល់ម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃ៕
វីដេអូ៖
No comments :
Post a Comment