Translate

Popular

Tuesday, May 28, 2019

ក្រុមហ៊ុន​ថ្នាំ​អ៊ីស្រាអែល​បង់​​​ពិន័យ $​៨៥ ​លាន​ ​ក្នុង​បណ្តឹង​សារធាតុ​ញៀន

No comments :
ក្រុមហ៊ុន​ផលិត​ឱសថ​ Teva​ ដ៏​ធំ​របស់​ប្រទេស ​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង់​ប្រាក់​ចំនួន ៨៥ លាន​ដុល្លារ ក្នុង​បណ្តឹង​សារធាតុ​ញៀន។ 

ក្រុង​វ៉ាស៊ីនតោនៈ ក្រុមហ៊ុន​ផលិត​ឱសថ​ Teva​ ដ៏​ធំ​របស់​ប្រទេស ​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង់​ប្រាក់​ចំនួន ៨៥ លាន​ដុល្លារ ​ឲ្យ​រដ្ឋាភិបាល​រដ្ឋ​អូក្លាហូម៉ា​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ដោះស្រាយ​បណ្តឹង​មួយ​ដែល​ចោទ​ប្រកាន់​ក្រុមហ៊ុន​នេះ​​ពី​បទ​ជំរុញ​ឲ្យ​មាន​ការ​រីក​រាលដាល​ការ​ប្រើប្រាស់​សារធាតុ​អូពីអយ (opioid) ក្នុង​រដ្ឋ​នេះ។ នេះ​បើ​យោង​តាម​អគ្គ​មេធាវី​របស់​រដ្ឋ​អូក្លាហូម៉ា។
សេចក្តី​ប្រកាស​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន Purdue Pharma ដែល​ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ OxyContin ដែល​មាន​សារធាតុ​អូពីអយ និង​​ជា​កត្តា​សំខាន់​មួយ​នៃ​វិបត្តិ​នេះ ដែល​បង្ក​ឲ្យ​មាន​​ការ​ស្លាប់​របស់​​មនុស្ស​រាប់​ម៉ឺន​នាក់​​នៅ​សហរដ្ឋ​អាមេរិក​នោះ បាន​ឈាន​ដល់​​ដំណោះ​ស្រាយ​មួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ២៧០ លាន​ដុល្លារ ​ជាមួយ​រដ្ឋ​នេះ​កាល​ពី​ខែ​មីនា។
អគ្គ​មេធាវី​លោក Mike Hunter បាន​ឲ្យ​ដឹង​នៅ​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ដំណោះ​ស្រាយ​របស់​ក្រុមហ៊ុន Teva បាន​បង្ហាញ​ថា៖ «សេចក្តី​សម្រេច​របស់​រដ្ឋ​អូក្លាហូម៉ា​ គឺ​ឲ្យ​ចុង​​ចម្លើយ​ទទួល​​ខុស​ត្រូវ​លើ​កម្រិត​ថ្នាំ​អូពីអយ​​លើស​កម្រិត (overdose) ដែល​កំពុង​កើត​មាន​ឡើង និង​ការ​រីក​រាលដាល​ការ​ញៀន​សារធាតុ​​ថ្នាំ​នេះ​ដែល​បន្ត​ឆក់​យក​​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ក្នុង ​១ ឆ្នាំ»។
លោក Hunter បាន​ថ្លែង​ថា ទឹក​ប្រាក់​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋ​អូក្លាហូម៉ា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​សារធាតុ​អូពីអយ​នេះ ដោយ​នឹង​មាន​សេចក្តី​ប្រកាស​មួយ​ដែល​នឹង​បង្ហាញ​ថា តើ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​​ក្នុង​ថ្ងៃ​អនាគត?។
ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​មួយ​នេះ​ឈ្មោះ Johnson & Johnson គ្រោង​នឹង​ចូល​សវនាការ​​ក្នុង​រដ្ឋ​អូក្លាហូម៉ា​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ក្រុមហ៊ុន​នេះ​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ​ថា ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​ដើម្បី​លក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែល​មាន​​សារធាតុ​អូពីអយ បើ​ទោះ​ជា​ដឹង​ថា​​​មាន​ហានិភ័យ​នៃ​ការ​កើត​មាន​ការ​ញៀន​​នឹង​សារធាតុ​នេះ​ក្តី។
ភាព​លើស​កម្រិត​ពី​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​តាម​វេជ្ជបញ្ជា និង​ហេរ៉ូអ៊ីន ដែល​ជា​​ថ្នាំ​ខុស​ច្បាប់​ចុង​ក្រោយ​មួយ​សម្រាប់​សារធាតុ​ញៀន​អូពីអយ បាន​ផ្ទុះ​ឡើង​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​ចុង​ក្រោយ​​នេះ។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​ទទួល​បន្ទុក​ការ​ញៀន​ថ្នាំ។
មនុស្ស​ប្រហែល ៤ សែន​នាក់ ​បាន​ស្លាប់​ពី​ការ​ប្រើ​ថ្នាំ​លើស​កម្រិត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចេញ​វេជ្ជបញ្ជា ឬ​សារធាតុ​អូពីអយ​ខុស​ច្បាប់។ នេះ​បើ​យោង​​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC)។
តារា​ចម្រៀង​ប៉ុប Prince ដ៏ល្បី និង​តារា​ចម្រៀង​រ៉ុក Tom Petty គឺ​ជា​ជន​រងគ្រោះ​ពី​ការ​រីករាល​ដាល​សារធាតុ​​ញៀន​នេះ៕ AFP/KC

No comments :

Post a Comment