ភ្នំពេញ: ធ្លាប់ត្រូវបានមិត្ដភក្ដិបបួលដើរឆ្លងភ្នំ ទស្សនាសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ភ្នំនូវែលសេឡង់រយៈពេល ៤ ម៉ោងជាវេលាដ៏វែងឆ្ងាយបំផុតក្នុងឆាកជីវិតរបស់យុវតីកម្ពុជាដែលកំពុងសិក្សានៅបរទេស កញ្ញា ជុំ សុពុទ្ធីពិសី ធ្លាប់បានត្អូញត្អែរថា ខ្លាចស្បែកខ្មៅ ហើយដំណើរក៏អត់សប្បាយអីបន្ដិចសោះព្រមទាំងខឹងដល់អ្នកបបួលថែមទៀត។
ប៉ុន្ដែពេលនេះកញ្ញាបានក្លាយជាអ្នកដើរឡើងភ្នំជាច្រើនរួមទាំងភ្នំខ្ពស់ៗបំផុតនៅកម្ពុជាដែលស្ដ្រីខ្មែរភាគតិចណាស់អាចធ្វើបាន។ កញ្ញាថែមទាំងប្រាថ្នាឡើងកំពូលភ្នំ គីណាបាលូ នៅម៉ាឡេស៊ីកម្ពស់ ៤០៩៥ម៉ែត្រ ឬភ្នំអេវើរ៉េស កម្ពស់ ៨៨៤៨ ម៉ែត្រនៃជួរភ្នំហេមពាន្ដរវាងនេប៉ាល់ និងចិន។
ត្រឡប់មកកម្ពុជាវិញឆ្នាំ ២០១៧ កញ្ញា ពិសី ដែលបានសិក្សាភាសាអង់គ្លេសឯសាកលវិទ្យាល័យវីកតូរៀ ក្រុងវែលីងតុន ក្នុងឆ្នាំ ២០១៥ បានចាប់ផ្ដើមដំណើរផ្សងព្រេងឡើងភ្នំឱរ៉ាល់ដ៏ខ្ពស់បំផុតនៅកម្ពុជាកម្ពស់ ១៨១៣ ម៉ែត្រ។ ទោះបារម្ភពីបញ្ហាសុវត្ថិភាពដែលត្រូវដេកព្រៃ ២ យប់ក្ដីក៏កញ្ញានៅតែរីករាយជាមួយក្រុមមិត្ដភក្ដិចេះជួយយកអាសាគ្នាគ្រប់ពេលវេលា។
កញ្ញា ជុំ សុពុទ្ធីពិសី បានរៀបរាប់ពីការបោះជំរំលើភ្នំឱរ៉ាល់ថា៖ «ទោះដំណើរនេះមាននារីៗតែ ២ នាក់ក្ដី តែពិតជារីករាយពេលដែលមិត្ដភក្ដិប្រុសៗ ១៨ នាក់តែងតែយកចិត្ដទុកដាក់ជួយយើង។ នេះជាលើកទី ១ ដែលខ្ញុំដើរឡើងភ្នំ និងគេងពេលយប់នៅស្រុកខ្មែរ។ កាលនោះយើងគេង ២ យប់ទើបឡើងដល់កំពូល។ យប់ទី ២ យើងគេងនៅលើផ្ទះដែលត្រូវបានសង់សម្រាប់ទទួលភ្ញៀវ។ នៅក្នុងខែកក្កដាពេលនោះត្រជាក់មែនទែនប្រហែលជាចុះដល់ ១០ អង្សាសេអីនោះ»។
ភ្នំទំព័រជាភ្នំខ្ពស់លំដាប់ទី ៣ នៅកម្ពុជាជាមួយកម្ពស់ ១៥១៥ ម៉ែត្រស្ថិតនៅជួរភ្នំក្រវាញជាតំបន់ជ្រលងថ្មចោទខ្ពស់ដែលពិបាកឡើងបំផុត ហើយទាមទារការពុះពារខ្លាំង។
កញ្ញា ពិសី ដែលរួមដំណើរជាមួយមិត្ដភក្ដិស្រីៗ ៤ នាក់ និងប្រុសៗ ៩ នាក់ក្នុងខែមករា ឆ្នាំ ២០១៩ បាននិយាយថា៖ «ពិតជាលំបាកខ្លាំង បើនិយាយពីដឺក្រេ វាស្ទើរតែជាមុំកែង ៩០ ដឺក្រេទៅហើយ។ បើសិនជាស្បែកយើងអត់ត្រូវជង្គង់យើងខ្សោយ យើងឆាប់ហត់ យើងឡើងអត់រួច ពីព្រោះយើងត្រូវវារឡើងអ៊ីចឹងរហូត ហើយកន្លែងខ្លះយើងត្រូវតោងដើមឈើឡើង។ សមាជិកខ្លះ យើងត្រូវចងខ្សែទម្លាក់ដើម្បីឲ្យពួកគាត់តោងឡើងតាមក្រោយ»។
ឧបសគ្គមួយទៀតភ្នំទំព័រមិនមានប្រភពទឹកសម្រាប់ក្រុមឡើងភ្នំរបស់កញ្ញាស្វែងរកដើម្បីបំពេញថាមពលនោះទេ ខណៈដំណើរនេះពួកគេត្រូវចំណាយពេលគេងលើភ្នំចំនួន ១ យប់មុនដំណើរវិលមកក្រោមវិញ។
នៅក្នុងខែកុម្ភៈកន្លងទៅកញ្ញា ពិសី ជាមួយនារី ៦ នាក់ និងបុរស ១០ នាក់បានបន្ដឡើងភ្នំខ្ពស់បំផុតលំដាប់ទី ២ នៅកម្ពុជាគឺភ្នំសំកុស កម្ពស់ ១៧១៧ ម៉ែត្រលើជួរភ្នំក្រវាញ។
ភ្នំសំកុសមានសណ្ឋានប្រហែលនឹងភ្នំឱរ៉ាល់ តែខុសត្រង់ថា ភ្នំឱរ៉ាល់មានផ្លូវគេត្រួសត្រាយងាយស្រួល និងប្រភពទឹកស្អាតគ្រប់គ្រាន់ ខណៈភ្នំសំកុសជាផ្លូវមិនសូវមានអ្នកទៅដល់ ជាពិសេសក្រុមនេះជាក្រុមស្ដ្រីខ្មែរដំបូងដែលបានឡើងដល់កំពូលភ្នំ។
កញ្ញា ពិសី ដែលភាគច្រើនចំណាយពេលលុកលុយព្រៃខេត្ដកំពង់ស្ពឺ និងពោធិ៍សាត់ក៏បានឆ្លងកាត់ជ្រាវតំបន់ខាងលើ ឱម៉ាល់ វាលពួច ត្បែងមានជ័យ តោងឡើងភ្នំរមាស ជួរភ្នំគិរីរម្យ និងអារ៉ែងជាដើម។ នៅនូវែលសេឡង់ កញ្ញាដើរបាន ៥ ភ្នំ និងទីតាំងមួយចំនួនទៀតនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឡាវ និងវៀតណាម។
ចំពោះដំណើរផ្សងព្រេងនៅម៉ាឡេស៊ី កញ្ញាគ្រោងដោតទង់ជាតិកម្ពុជាលើកំពូលភ្នំ គីណាបាលូ កម្ពស់ ៤០៩៥ ម៉ែត្រ ឬភ្នំអេវើរ៉េស កម្ពស់ ៨៨៤៨ ម៉ែត្រនៅថ្ងៃណាមួយ។
កញ្ញានិយាយថា៖ «ខ្ញុំកំពុងសិក្សាមើលថា តើនឹងជ្រើសរើសគីណាបាលូ ឬអេវើរ៉េស ដោយសារតែភ្នំទាំង ២ នេះមានកម្ពស់ខ្ពស់ដូចគ្នា។ ដោយសារខ្ញុំចាញ់ត្រជាក់ ខ្ញុំប្រហែលជាជ្រើសយកគីណាបាលូ។ ខ្ញុំមើលឃើញថាកញ្ចប់សេវាកម្មទៅគីណាបាលូមានតម្លៃជិត ១០០០ ដុល្លារ ខណៈដំណើរទៅកាន់អេវើរ៉េសត្រូវចាយជិត ៣០០០ ដុល្លារ។ វារាងថ្លៃបន្ដិច»។
បុគ្គលិកមន្ដ្រីរាជការរូបនេះបានបន្ថែមថា៖ «សំខាន់ វាបានជួយសុខភាពផ្លូវចិត្ដ ខណៈសង្គមខ្មែរយើងរាល់ថ្ងៃត្រូវការសុខភាពនេះផង។ សរុបមក sense of achievement ខ្ញុំទទួលបានពីការដើរបែបនេះ»។
កញ្ញាលើកទឹកចិត្ដឲ្យនារីខ្មែរដែលចូលចិត្តដំណើរកម្សាន្ដបែបផ្សងព្រេងហ៊ានពុះពារការលំបាកដោយផ្ដើមពីការឡើងភ្នំទាបៗរហូតដល់ខ្ពស់។
កញ្ញាបានប្រាប់ឲ្យត្រៀមសម្ភារចាំបាច់មួយចំនួនដែលស្ពាយជាប់ខ្លួនមិនលើសពី ៧ គីឡូក្រាមមានដូចជា ឧបករណ៍ច្រោះទឹក អាហារប៉ូវកម្លាំង ស្បែកជើងសម្រាប់ឡើងភ្នំ សម្ពាយសម្រាប់ដំណើរផ្សងព្រេង ថ្នាំសម្លាប់សត្វល្អិត អាវដើរទៅ ១ កំប្លេ ខោអាវគេង ១ កំប្លេ និងខោអាវត្រឡប់វិញ ១ កំប្លេ និងមួកការពារកម្ដៅ។ ចំពោះសមត្ថភាពរាងកាយ កញ្ញាហ្វឹកហាត់ធ្វើលំហាត់ប្រាណសមល្មមប្រចាំថ្ងៃ តែមិនញ៉ាំភេសជ្ជៈជាតិស្ករ។
កញ្ញារៀបរាប់ទៀតថា៖ «ការដើរភ្នំថ្ងៃទី ១ រាងសម្បូរបែបបន្តិចដោយយើងមានចេកញ៉ាំ ហើយបន្ដបន្ទាប់មកយើងញ៉ាំអាហារក្រៀមៗ ដូចជា សាច់គោ សាច់ត្រីងៀត នំប៉័ង។ អ្វីដែលសំខាន់បំផុតគឺទឹក។ ចំពោះការគេងភាគច្រើននៅតាមភ្នំដែលមិនអាចបោះតង់បានគឺយើងគេងក្នុងអង្រឹង។ ភ្លើងត្រូវឆេះជាប់រហូត ហើយការគេងក្នុងព្រៃ វាខុសពីទីក្រុង។ យើងអាចគេងត្រឹម ២ ទៅ ៣ ម៉ោងក៏មានអារម្មណ៍ស្កប់ឆ្អែតល្មម»។
កញ្ញាផ្ដែផ្ដាំដល់អ្នកដើរកម្សាន្ដទាំងអស់មិនថាដំណើរទៅកាន់កន្លែងណា សូមជួយថែរក្សាបរិស្ថានដោយសម្អាតរាល់កាកសំណល់ក៏ដូចជាដបប្លាស្ទិកត្រូវច្រកយកត្រឡប់មកផ្ទះវិញ៕
No comments :
Post a Comment