រមណីយដ្ឋានបឹងលំកុដ មានទីតាំងនៅភូមិសមុទ្រ (សមុត) ក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដោយមានចម្ងាយជាង ៦០ គីឡូម៉ែត្រពីក្រុងបានលុង ឬចេញពីផ្លូវកែងនៃប៉ុស្តិ៍ប៉េអឹមលើដងផ្លូវឆ្ពោះទៅកាន់ផ្សារបកែវ ចម្ងាយ ១៤ គីឡូម៉ែត្រ និងចូលតាមក្លោងទ្វាវត្តគិរីវង្គត់ចម្ងាយប្រមាណ ១-២ គីឡូម៉ែត្រ។
បឹងលំកុដ ឬអ្នកស្រុកហៅបឹងគិរីវង្គត់ គឺជាការហៅភ្ជាប់ជាមួយនឹងឈ្មោះរបស់ទីអារាមមួយនៅក្បែរនោះមានឈ្មោះថា «វត្តគិរីវង្គត» មានទឹកថ្លាឆ្វង់ ពណ៌ខៀវដូចទឹកសមុទ្រមានផ្ទៃបឹងធំទូលាយអមដោយព្រៃតូចធំ ស្ងាត់ជ្រងំ សម្រាប់ក្រុមទេសចរដែលចូលចិត្តទីស្ងាត់អាចចុះហែលទឹកលេងកម្សាន្តយ៉ាងត្រជាក់កាយ និងអាចស្ទូចត្រីកម្សាន្តបានផងដែរ។
លោក លៀង អូន ស្មៀនឃុំសេដាបានឲ្យដឹងថា ភ្ញៀវក្នុងតំបន់គេបានស្គាល់ និងមកលេងនោះចាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ជាពិសេសរដូវកាលបុណ្យទានធំនានាតែប៉ុណ្ណោះ ដូចជាបុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរ បុណ្យភ្ជំបិណ្ឌដែលអាចមានចំនួនអ្នកមកលេងដល់ទៅរាប់ពាន់នាក់។
លោកបានបង្ហើបឲ្យដឹងការកើនឡើងចំនួនទេសចរមកកម្សាន្តនៅទីនេះយ៉ាងដូច្នេះថា៖ «ក្រោយពីការបង្ហោះវីដេអូតាមបណ្តាញ YouTube របស់ក្រសួងបរិស្ថានមកឃើញថាមានទេសចរនៅទីឆ្ងាយៗបានស្គាល់ និងមានចំនួនច្រើនបានមកលេងនៅឆ្នាំ ២០១៨ កន្លងមកនេះ»។
លោក លៀង អូន បានបន្តថា៖ «បឹងលំកុដ មានរាងដូចជាបេះដូង ទើបធ្វើឲ្យបងប្អូនខ្មែរយើងមានការភ្ញាក់ផ្អើលពេលបានឃើញរូបរាងវាតាមវីដេអូឃ្លីបក្នុង YouTube របស់ក្រសួងបរិស្ថានមក។ បើតាមការប៉ាន់ស្មានដោយប្រើឧបករណ៍ ដ្រូនបង្ហោះសំកាំងពីលើបឹងរបស់មន្ត្រីក្រសួងបរិស្ថានកាលពីឆ្នាំ ២០១៨ វាមានទំហំធំជាងបឹងយក្សឡោម (គឺផ្ទៃបឹងលំកុដមានទំហំ ១១០ ហិកតា) ហើយសម្រស់ធម្មជាតិក៏នៅល្អជាងដែរ តែការរៀបចំឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្កានុពលនៅពុំទាន់មានការរៀបចំល្អនៅឡើយទេ ខណៈកាលពីមុនមិនមានគេស្គាល់ និងបានទៅលេងដោយសារតែផ្លូវពិបាកធ្វើដំណើរ»។
ក្រៅពីការទស្សនាបណ្ដុំទេសភាពស្រស់ត្រកាលនៃធម្មជាតិនៅបឹងលំកុដ ភ្ញៀវទេសចរលក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្តិក៏អាចវេចខ្ចប់អាហារនាំយកមកអង្គុយទទួលទានលម្ហែកាយ និងគយគន់ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលព្រមទាំងអាចស្ទូចត្រីលេងកម្សាន្តទៀតផង។
គណៈកម្មការវត្តគិរីវង្គត់ និងក្រុមអាជ្ញាធររៀបចំបានកំណត់តម្លៃចូលលេងកម្សាន្តយ៉ាងសមរម្យដោយគិតតម្លៃ ១០០០ រៀលសម្រាប់ម៉ូតូ ខណៈរថយន្តមួយ ៥០០០ រៀលដោយថវិកាទាំងនោះត្រូវបានយកមកប្រើប្រាស់ក្នុងការជួលអ្នកថែទាំអនាម័យ និងរៀបចំសណ្តាប់ធ្នាប់៕
វីដេអូ៖
By www.postkhmer.com
By www.postkhmer.com
No comments :
Post a Comment