ភ្នំពេញៈ មន្ត្រីនគរបាលម្នាក់ដែលស្ថិតក្នុងជួរថ្នាក់ដឹកនាំនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃត្រូវបានតុលាការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោយពីជននេះដកកាំភ្លើងបាញ់រះ ៥ គ្រាប់ ទៅលើរថយន្តពលរដ្ឋ ១ គ្រឿង កាលពីសប្តាហ៍មុន។
លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរំលងអ្រធាត្រឈានចូលថ្ងៃទី ២ ឧសភា ដែលលោកស្ថិតក្នុងស្ថានភាពស្រវឹង បានដកកាំភ្លើងបាញ់ចំនួន ៥ គ្រាប់ទៅលើរថយន្តប្តីប្រពន្ធ ២ នាក់ ក្នុងអំឡុងពេលធ្វើដំណើរស្របគ្នានៅសង្កាត់ច្បារអំពៅទី ១ ខណ្ឌច្បារអំពៅ។
ពាក់ព័ន្ធនឹងការប្រព្រឹត្តកំហុសនេះ លោកវរសេនីយ៍ទោ ឌួង ណាគ្រី ក៏ត្រូវបានអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បញ្ជាឲ្យចាត់ការតាមវិន័យកងកម្លាំង និងមានការសម្របសម្រួលជាមួយភាគីជនរងគ្រោះ ដោយការសុំទោស និងសងសំណងដែលជាសំណងរដ្ឋប្បវេណី។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ «តំណាងអយ្យការបាន សម្រេចបើកការស៊ើបសួរដោយចោទប្រកាប់ពីបទ ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត»។
ជាមួយនឹងការចោទប្រកាន់នេះ នៅរសៀលថ្ងៃទី ៤ ខែ ឧសភា តុលាការរាជធានីភ្នំពេញ ក៏បានបញ្ជូនមន្ត្រីនគរបាលលោក ឌួង ណាគ្រី ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) រង់ចាំនីតិវិធីបន្តផងដែរ។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចេញដោយ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូង។
យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ បទ «ប៉ុនប៉ងមនុស្សឃាត» នៃក្រមព្រហ្មទណ្ឌកម្ពុជា គឺលោកវរសេនីយ៍ទោ ឌួង ណាគ្រី អាចប្រឈម នឹងការជាប់ពន្ធនាគារចន្លោះពី ១០ ឆ្នាំទៅ ១៥ ឆ្នាំ។
មាត្រា ២០ ប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ គឺជនសង្ស័យអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ២ ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជា ប្រាក់ពី ៥០ ម៉ឺនរៀលដល់ ២ លានរៀល បើតុលាការសម្រេចថា មានទោស។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុដ និយាយថា ចំណាត់ការនេះ បើកុំតែមានប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ម្ល៉េះជនសង្ស័យជាមន្ត្រីប៉ូលិសរូបនេះ អាចរស់នៅក្រៅសំណាញ់ច្បាប់ ដោយគ្រាន់តែផ្តល់សំណងរដ្ឋប្បវេណីទៅជនរងគ្រោះជាការបញ្ចប់រឿងបាត់ទៅហើយ។
លោក ករុណា បន្តថា វាគឺជាបញ្ហានិទ្ទណ្ឌភាព ដែលតែងឃើញមានជាបន្តបន្ទាប់ក្នុងសង្គមកម្ពុជា ហើយនៅពេលកើតឡើង គឺពុំមានចំណាត់ការនោះទេ ដោយរង់ចាំបញ្ជាពីថា្នក់លើ ឬមតិរះគន់ច្រើន ទើបមានចំណាត់ការ។
លោកថា៖ «ករណីដែលកើតមានហើយ យើងមិនគួរប្រើវប្បធម៌ ចាំបញ្ជាពីថ្នាក់លើអីទេ យើងគួរតែមានយន្តការទៅតាមផ្លូវច្បាប់ ដែលមានជាធរមានទៅ ព្រោះបើមិនអ៊ីចឹងទេ យើងនឹងទទួលរងការរិះគន់ដែលធ្វើឲ្យការអនុវត្តច្បាប់របស់យើងមាននិទ្ទណ្ឌភាព»។
លោកបន្ថែមថា៖ «បញ្ហានេះ យើងគួរតែមានការកែទម្រង់ ឲ្យច្បាស់ទៅលើមន្ត្រីអនុវត្តច្បាប់ អស់ហ្នឹង កុំឲ្យមានអំពើបែបហ្នឹងបន្តទៀត ព្រោះបើសិនជារឿងមួយចំនួនហ្នឹង មិនត្រូវបានបែកធ្លាយ ហើយមានការលាក់ បាំងអ៊ីចឹង វាមិនជាអំពើមួយត្រូវរួចទោសទៅហើយ»។
លោក ស៊ឹង សែនករុណា បានអះអាងដែរថា ក្នុងនាមលោកជាសង្គមស៊ីវិល នឹងតាមឃ្លាំមើលចំណាត់ការបន្តរបស់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសតុលាការ ដើម្បីឲ្យប្រាកដថា ជនសង្ស័យពិតជាទទួលទោសកំហុសតាមការប្រព្រឹត្តរបស់ខ្លួនឬយ៉ាងណា?
ប៉ុន្តែលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថា ការគិតយ៉ាងណារបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋ គឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែទោះយ៉ាងណា អាជ្ញាធរបានធ្វើការតាមនីតិវិធីរបស់ខ្លួនត្រឹមត្រូវក្នុងករណីនេះ។
លោកបញ្ជាក់ថា៖ «នគរបាលជាតិជាកងកម្លាំង ដូច្នេះមុននឹងចាប់ដាក់គុក ត្រូវដោះឯកសណ្ឋាន ដកស័ក្ដិចេញសិនទាំងអស់ ទើបយើងរុញទៅឲ្យតុលាការកាត់ទោស ទោះគាត់ស្រែកមិនស្រែកក៏យើងធ្វើដែរ»។
លោក គឹម ខឿន បន្តថា៖ «អ៊ីចឹងយើងយកទៅអង្គភាពតម្រួតបទបញ្ជា ដើម្បីសួរនាំជួនកាលមិនមែនគាត់បាញ់ ហើយយើងមិនដឹងច្បាស់ថាបាញ់ (កាំភ្លើង) មូលហេតុអ្វីផង ដែលនាំគ្នាសន្និដ្ឋានមុនរឿងទាំងអស់ ដែលយើងត្រូវហៅគាត់ទៅសួរនាំ។ បើឃើញថាគាត់ល្មើសច្បាប់ហើយ យើងត្រូវបណ្តេញគាត់ចេញពីក្របខ័ណ្ឌសិន ហើយបានយកទៅតុលាការ ព្រោះយើងមិនអាចចាប់មនុស្សពាក់ស័ក្តិ ៥ ទៅដាក់គុកទេ»៕
No comments :
Post a Comment