ភ្នំពេញៈ ក្រៅពីឧស្សាហ៍ឃើញហោះហើរចុះឡើងប្រទេសថៃញឹកញាប់នោះក៏ស្រាប់តែថ្មីៗនេះ តារាសម្តែងស្រីស្រស់ស្អាត និងអតីតជា Freshie Girl លេខ ១ ប្រចាំឆ្នាំ ២០១៤ កញ្ញា ស៊ីន យូប៊ីន ត្រូវបានផលិតករថៃជ្រើសជាតួឯកស្រីក្នុងកុនខ្នាតធំថៃរឿង «The Protect» បង្កការភ្ញាក់ផ្អើលមហាជនខ្មែរ។
តារារលកក្រោយកំពុងល្បីមានរាសីឡើងក្រឺតៗកញ្ញា ស៊ីន យូប៊ីន ដែលបានឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមប្រចាំកម្មវិធីមហោស្រពភាពយន្តជាតិលើកទី ៥ កាលឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ នាងត្រូវផលិតកម្ម ៤ ក្នុងស្រុកបានកក់ទុកឲ្យថតកុនភាគពេញ ១ ឆ្នាំ។
ទោះបីទើបប្រឡូកសិល្បៈមែនក្តី ស្រីស្រស់ ស៊ីន យូប៊ីន មានប្រជាប្រិយភាពយ៉ាងខ្លាំងដោយទទួលបានការគាំទ្រទាំងទស្សនិកជនក្នុង និងក្រៅស្រុក តួយ៉ាងថ្មីៗនេះដំណឹងមួយអាចនិយាយបានថាជាមានមោទនភាពចំពោះអ្នកសិល្បៈខ្មែរដែលនាងត្រូវផលិតករថៃជ្រើសឲ្យសម្តែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំមួយមានចំណងជើងថា «The Protect» ឬ «Bodyguard»។
ពាក់ព័ន្ធនឹងដំណឹងនេះ តារាស្រីមានស្រុកកំណើតនៅខេត្តកណ្តាលកញ្ញា ស៊ីន យូប៊ីន មិនបានឲ្យដឹងពីមូលហេតុអ្វីខ្លះដែលផលិតករថៃជ្រើសនាងជាតួឯករឿងនេះយ៉ាងណានោះឡើយដោយសារប្រព័ន្ធទូរស័ព្ទនាងមិនអាចទំនាក់ទំនងបានទេ។
ដោយឡែកបើតាមកញ្ញា លក្ខិណា ដែលជាជំនួយការផ្ទាល់របស់កញ្ញា ស៊ីន យូប៊ីន ក៏មិនដឹងច្បាស់ដែរ ដោយនាងគ្រាន់តែបានបញ្ជាក់ថា៖ «គាត់ [យូប៊ីន] ពិតជាត្រូវបានផលិតករថៃជ្រើសធ្វើជាតួឯកនៅក្នុងរឿង«The Protect» មែន!តែមូលហេតុដែលជ្រើសនោះក៏នាងខ្ញុំមិនទាន់បានជ្រាបច្បាស់ដែរ ហើយពេលនេះគាត់ក៏កំពុងតែមានវត្តមាននៅឯប្រទេសថៃនោះដែរ។ ចំពោះរឿងនេះ នាងខ្ញុំនឹងព្យាយាមទាក់ទងទៅគាត់ ដើម្បីសួរនាំឲ្យដឹងពីមូលហេតុ ហើយជម្រាបខាងបងឲ្យបានដឹងពេលក្រោយ»។
បើតាមប្រភពព័ត៌មានថៃដែលផ្សព្វផ្សាយនាថ្ងៃក្រុងពាលីខ្សែភាពយន្តខ្នាតធំ «The Protect» នោះមានការបញ្ជាក់ថាខ្សែភាពយន្តខ្នាតធំខាងលើជាភាពយន្តមួយមានកម្រិតអន្តរជាតិ ដោយមានតារាខ្មែរ ស៊ីន យូប៊ីន ទទួលបានកិត្តិយសសម្តែងជាតួឯករួមជាមួយនឹងតារាថៃគឺលោក Mum Jokmok និង លោក P'Dim Tatto Colour Petchtai Wongkamlao ព្រមទាំងមានសិល្បករ-សិល្បការិនីថៃ ជាច្រើនរូបទៀតផងដែរ។
គួររំឭកដែរថា នេះមិនមែនជាលើកទី ១ នោះទេដែលសិល្បការិនីខ្មែរ កញ្ញា ស៊ីន យូប៊ីន ត្រូវបានផលិតករថៃ និងត្រូវទស្សនិកជននៅក្រៅស្រុកមានការចាប់អារម្មណ៍ និងផ្តល់កិត្តិយសឲ្យនាងចូលរួមសម្តែង ខណៈកាលពីលើកមុននាងក៏ធ្លាប់ចូលរួមសម្តែងភាពយន្តក្រៅស្រុកផងដែរ តែលើកនេះមានលក្ខណៈអន្តរជាតិ៕
No comments :
Post a Comment