បន្ទាប់ពីសាលារាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តនូវសេចក្តីជូនដំណឹង ដើម្បីសណ្តាប់ធ្នាប់តាមដងផ្លូវ ១១ ខ្សែមកទល់ពេលនេះ អស់រយៈពេល ៤ ខែ មកហើយនៅតែមិនទាន់ឃើញចេញរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តទៅតាមផែនការដោះស្រាយបញ្ហាការរំលោភចិញ្ចើមផ្លូវនៅត្រីមាសដំបូងសោះ។ តើមានអ្វីប្លែកទេ? មានបានបូកសរុបលទ្ធផល តាមបណ្តាខណ្ឌនីមួយៗ នៅរាជធានីភ្នំពេញ ធ្វើបានអ្វីខ្លះ? ផ្លូវខ្សែណាធ្វើបានប៉ុន្មានហើយ? អ្វីខ្លះដែលធ្វើមិនទាន់បាន?
នៅក្នុងរបាយការណ៍ប្រចាំត្រីមាសនេះគួរតែបង្ហាញទីតាំងផែនទីកន្លែងណាខ្លះដែលមានកន្លែងចំណតសាធារណៈ ចំណតមុខផ្ទះចំណតយកលុយឯកជន និងអគារសម្រាប់ចតយកលុយតែម្តង។ ម្យ៉ាងទៀត ទីតាំងកន្លែងលក់ដូរនៅលើចិញ្ចើមថ្នល់ គឺសាលារាជធានី ឬក៏ដូចជាសាលាខណ្ឌមិនទាន់បានបង្ហាញយុទ្ធសាស្ត្ររៀបចំកន្លែងទីធ្លា នៅក្បែរផ្លូវសម្រាប់ហាងលក់ម្ហូបអាហារដែលនៅជុំគ្នាហើយមានកន្លែងចតនៅខាងក្នុងបរិវេណនោះនៅឡើយទេ។
ឧទាហរណ៍ ដូចជានៅហាងនៅជុំគ្នាក្បែរមណ្ឌលកម្សាន្តស្ប៉ាក «Spark» គឺមានហាងម្ហូបជាច្រើន នៅខាងកើតមានម្ចាស់ខុសៗគ្នា តែមានកន្លែងចតរថយន្ត និងម៉ូតូនៅជុំគ្នាតែ ១ នៅខាងក្នុងបរិវេណ មិននៅលើចិញ្ចើមផ្លូវនោះទេ។ គំរូបែបនេះគឺនៅប្រទេស ថៃ គេបានរៀបចំបែបនេះ បើគេលក់ម្ហូបនៅលើផ្លូវវិញគឺបានតែលក្ខណៈតូចតាចទិញវេចខ្ចប់ គឺអាចទុកផ្លូវដើរបានផងដែរ។
រីឯការចតវិញ គឺក្រុមហ៊ុន ឬក៏ស្ថាប័នរដ្ឋខ្លះ គឺចតយកកន្លែងដើរអស់តែម្តងគឺគ្មានកន្លែងដើរ បើចង់ដើរគឺដើរនៅលើផ្លូវតែម្តង ព្រោះកន្លែងលើចិញ្ចើមផ្លូវ គឺបាំងដោយចំណតអស់ហើយ សូម្បីតែអ្នកពិការភ្នែកវិញក៏ដើរមិនបានដែរ ហើយបើទោះបីជាមហាវិថីខ្លះ បានរៀបចំសម្រាប់អ្នកពិការដើរក៏ដើរបុកឡានដែរ។
ចំពោះបញ្ហាលក់ដូរមុខផ្ទះផ្ទាល់ខ្លួន ដែលដាក់លក់នៅតាមចិញ្ចើមផ្លូវវិញ គឺត្រូវកាត់ស្លាក និងរើតូបដែលលយចេញពីផ្ទះមកដាក់លក់អីវ៉ាន់នោះផងដែរ។ កន្លងមកថ្មីៗនេះ ឃើញមានខណ្ឌខ្លះ អនុវត្តភ្លាមៗ គឺកាត់ចេញនូវបង្គោលស្លាកឈ្មោះក្រុមហ៊ុនរកស៊ីដែលលយចូលមកពេញអស់ផ្លូវដើរលើចិញ្ចើមនោះ និងប្រមូលរបស់របរលក់ខោអាវនៅលើចិញ្ចើមផ្លូវ តែអាជ្ញាធរខណ្ឌនោះ ធ្វើបានតែ ៤ ឬ ៥ កន្លែងតែបណ្ណោះ តែមកដល់ឥឡូវនៅដដែល គឺគ្មាននរណាចាត់វិធានការធ្វើបន្តទៀតនោះទេ។
អ៊ីចឹងហើយ បានជាបញ្ហានេះ គឺមិនមានតម្លាភាពនោះទេ ដោយសារតែអនុវត្តដោយកន្លែងៗ មិនមានសូចនាករពិតប្រាកដ និងយុទ្ធសាស្ត្រជាក់លាក់។ ជាងនេះទៅទៀត ការផ្សព្វផ្សាយពីការចាត់វិធានការ ដើម្បីសណ្ដាប់ធ្នាប់នេះក៏នៅមិនទាន់ទូលំទូលាយដែរហើយធ្វើឈប់ នឹកឃើញធ្វើទៀតបែបនេះ បណ្តាលឲ្យមានការច្រណែនគ្នា ពលរដ្ឋខ្លះថា អាជ្ញាធរធ្វើយកមុខយកមាត់តែខណ្ឌឯង ឯខណ្ឌគេដទៃទៀតមិនធ្វើផង។
រីឯបញ្ហាសែស្រឡាយវិញ ក៏មានប៉ះពាល់ដែរនៅពេលដែលម្ចាស់អ្នកលក់ក្តី អ្នកចតនៅលើចិញ្ចើមផ្លូវក្តី មានបុណ្យស័ក្តិធំ មានអំណាចជាងអាជ្ញាធរទៅទៀតធ្វើឲ្យប៉ះពាល់ដល់ការដោះស្រាយបញ្ហាសណ្តាប់ធ្នាប់នេះ។ យ៉ាងណាមិញ មានផ្ទះពលរដ្ឋខ្លះគឺសង់លយមកបន្ថែមចូលថ្នល់តែម្តងតើអាជ្ញាធរហ៊ានកាត់ដែរ ឬទេ?
អ្វីដែលជាបញ្ហាចំណតរាល់ថ្ងៃនេះនៅក្នុងសាលារៀន ឬក៏មន្ទីរពេទ្យ ត្រូវបានគេជួលចតឡានយកលុយបង់ខែពេលយប់ តែព្រឹកឡើងខ្លះនៅតែចតចោលទាំងយប់ទាំងថ្ងៃ ឡើងពេញសាលារៀន និងមន្ទីរពេទ្យ រកតែកន្លែងកូនសិស្សយកទីធ្លាសាលារត់លេងលែងបាន ហើយចង្អៀតនៅមន្ទីរពេទ្យ សុទ្ធតែឡានចំណតយកលុយទាំងយប់ទាំងថ្ងៃមិនមែនឡានរបស់លោកគ្រូ អ្នកគ្រូនិងគ្រូពេទ្យនោះទេ។
បើផ្អែកទៅលើច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា ៣២ ស្តីពីការអនុញ្ញាតឲ្យអ្នកថ្មើរជើងដើរលើចិញ្ចើមផ្លូវ ដោយច្បាប់មិនឲ្យអ្នកថ្មើរជើងលើផ្លូវនោះទេ។ ចុះបើនាំគ្នាយកចិញ្ចើមផ្លូវ យកមកធ្វើកន្លែងចតនិងកន្លែងដាក់លក់ដូរ និងយកធ្វើជារបស់ផ្ទាល់ខ្លួន តើឲ្យអ្នកថ្មើរជើងដើរតាមណា?
ហេតុដូច្នេះហើយ សាលារាជធានីភ្នំពេញ គួរតែបញ្ចេញរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ បានលទ្ធផលអ្វីខ្លះហើយចំពោះការដោះស្រាយបញ្ហាសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈនេះ? បើមិនដូច្នេះទេគឺសេចក្តីជូនដំណឹងនេះគ្មានប្រយោជន៍ទេ ធ្វើគ្រាន់តែយកមុខយកមាត់តែមួយភ្លែតតែប៉ុណ្ណោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
No comments :
Post a Comment