Translate

Popular

Tuesday, May 7, 2019

សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន អាច​ផ្ទុះ​ឡើង​វិញ

No comments :

Content image - Phnom Penh Post
ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ​ត្រាំ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​អាមេរិក​នឹង​បង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​ពី​ប្រទេស ​ចិន ​ដែល​​មាន​តម្លៃ ​២០០ ​ពាន់​លាន​ដុល្លារ ​ជា​ការ​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ដល់​ទីក្រុង​​ប៉េកាំង។ AFP



ក្រុង​វ៉ាស៊ីនតោនៈ ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ​ត្រាំ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​អាមេរិក​នឹង​បង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​ពី​ប្រទេស ​ចិន ​ដែល​​មាន​តម្លៃ ​២០០ ​ពាន់​លាន​ដុល្លារ ​ជា​ការ​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ដល់​ទីក្រុង​​ប៉េកាំង មុន​ពេល​ជំនួប​ចុង​ក្រោយ​នៃ​ការ​ចរចា​រវាង​​ភាគី​ទាំង ​២ ​នឹង​ត្រូវ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។
ការ​ព្រមាន​ជា​ថ្មី​របស់​លោក​ ត្រាំ នៅ​ពេល​នេះ​ត្រូវ​​គេ​មើល​ឃើញ​ថា ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​​ទាំង ២ ​អាច​នឹង​ផ្ទុះ​ជា​ថ្មី​ឡើង​វិញ​។
ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស ​ចិន ​ឲ្យ​ខ្លាំង​​​បន្ថែម​ទៀត​ឲ្យ​ទទួល​យក​ការ​ទាមទារ​របស់​អាមេរិក​ លោក ត្រាំ ​បាន​គំរាម​កំហែង​ជា​ថ្មី​ថា ​នឹង​យក​ពន្ធ​នាំចូល​​លើ​ការ​នាំចូល​ទាំង​អស់​របស់​ចិន​ទៅ​អាមេរិក​ ដែល​មាន​តម្លៃ​ ៥៣៩,៥ ​ពាន់​លាន​​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។​
កាសែត ​The ​Wall ​Street ​Journal ​បាន​រាយការណ៍​ដោយ​លើក​ឡើង​ប្រភព​​មួយ​ដែល​បាន​សង្ខេប​បញ្ហា​នេះ​​ថា ​នៅ​ពេល​នេះ​ប្រទេស ​ចិន ​កំពុង​ពិចារណា​​ការ​​​លុប​ចោល​​ជុំ​បន្ទាប់​នៃ​ការ​ចរចា​ ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ពុធ​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​
កាសែត​នេះ​បាន​ដក​ស្រង់​ប្រភព​ដោយ​​លើក​ឡើង​ថា​៖ ​«​ប្រទេស ​ចិន ​មិន​​គួរ​ចរចា​​ដោយ​មាន​កាំភ្លើង​​ភ្ជង់​ក្បាល​​​ខ្លួន​នោះ​ទេ»​។ ​កាសែត​នេះ​បាន​បន្ថែម​ថា ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​​ទេ​។​
លោក​ ត្រាំ ​បាន​ឲ្យ​ដឹង​ថា ​លោក​នឹង​បង្កើន​ពន្ធ​​នាំចូល​មួយ​ចំនួន​ ដោយសារ​តែ​ការ​ចរចា​ពាណិជ្ជកម្ម​កំពុង​ដំណើរ​ «យឺត​ពេក​»។​ ​លោក ​ត្រាំ ​បាន​សរសេរ​នៅ​លើ​ទំព័រ​ Twitter ​ថា៖ «​ក្នុង​រយៈពេល ​១០ ​ខែ ​ប្រទេស ​ចិន ​បាន​បង់​ពន្ធ​ទំនិញ​នាំចូល​ទៅ​​អាមេរិក​ ចំនួន ​២៥ ​ភាគរយ​ទៅ​លើ​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​ដែល​មាន​តម្លៃ ៥០ ​ពាន់​លាន​ដុល្លារ ​និង ​១០ ​ភាគរយ ​លើ​ទំនិញ​ផ្សេង​ទៀត​ដែល​មាន​​តម្លៃ ​២០០ ​ពាន់​លាន​ដុល្លារ​» ។​
លោក ​ត្រាំ ​បាន​សរសេរ​ថា៖​ «​១០ ​ភាគរយ​នឹង​កើន​ឡើង​ដល់ ​២៥ ​ភាគរយ​នៅ​ថ្ងៃ​សុក្រ​»។​
ភាគី​ទាំង ​២ នេះ​បាន​យក​​ពន្ធ​នាំចូល​​លើ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​​ដែល​មាន​តម្លៃ ៣៦០ ​ពាន់​លាន​ដុល្លារ​ចាប់​តាំង​ពី​ឆ្នាំ​មុន​។​ ប៉ុន្តែ​លោក ​ត្រាំ ​និង​លោក ស៊ី ជីនភីង ​បាន​យល់​ព្រម​ផ្អាក​បណ្តោះ​អាសន្ន​កាល​ពី​ខែ​ធ្នូ​ ដើម្បី​បញ្ឈប់​ការ​កើន​ឡើង​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​។​
កាល​ពី​សប្ដាហ៍​មុន ​អាមេរិក ​បាន​ពណ៌នា​ការ​ចរចា​ពាណិជ្ជកម្ម​នេះ​ថា ​កំពុង​ដំណើរការ​ល្អ​ប្រសើរ​។​ ​លោក ត្រាំ ​បាន​ត្អូញត្អែរ​ថា​៖ «​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស ចិន ​បន្ត ប៉ុន្តែ​យឺត​ពេក ​ដោយសារ​ពួក​គេ​មាន​បំណង​ក្នុង​ការ​ចរចា​​ជា​ថ្មី»​។​
លោក​ ត្រាំ ​ឲ្យ​ដឹង​ថា ​លោក​ចង់​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាមេរិក ជាមួយ​ប្រទេស ​ចិន​ ដែល​កាល​ពី​ឆ្នាំ ​២០១៨ ​មាន​ចំនួន​សរុប​ ៣៧៨,​៧៣ ​ពាន់​លាន​ដុល្លារ ​ដោយ​រួម​ទាំង​ពាណិជ្ជកម្ម​ខាង​សេវា​ផង​ដែរ។​
ក្រៅ​ពី​ការ​បើក​ចំហ​កាន់​តែ​ធំ​នៃ​ទីផ្សារ​ចិន​ដល់​ទំនិញ​អាមេរិក ​លោក ​ត្រាំ ​កំពុង​ដាក់​សម្ពាធ​ឲ្យ​ទីក្រុង​ប៉េកាំង​​ផ្លាស់​​ប្តូរ​រចនា​សម្ព័ន្ធ​ ដូច​ជា​​ត្រូវ​បញ្ចប់​ការ​អនុវត្ត​ដោយ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ដែល​ប្រតិបត្តិការ​​នៅ​ក្នុង​ប្រទេស ​ចិន ​ត្រូវ​ចែក​រំលែក​បច្ចេកវិទ្យា​របស់​ខ្លួន​ជា​ដើម​។​ លោក ​ត្រាំ ​ក៏​កំពុង​ទាមទារ​ឲ្យ​ចិន​​បញ្ឈប់​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ និង​ការ​ឧបត្ថម្ភធន​ដល់​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ផង​ដែរ។
លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ បាន​​បញ្ជាក់​នៅ​ក្នុង​នីតិវិធី​នេះ​ថា លោក​នឹង​​​មិន​ទទួល​យក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ទន់​ខ្សោយ​នោះ​ទេ​ ហើយ​​រដ្ឋ​ការ​របស់​លោក​ បាន​ព្រមាន​នៅ​​ពេល​ថ្មីៗ​ថា ការ​ចរចា​ពាណិជ្ជកម្ម​មិន​អាច​បន្ត​ទៅ​មុខ​រហូត​ដោយ​ងាយ​ស្រួល​នោះ​ទេ​។​
ប្រសិន​បើ​ការ​ចរចា​ជុំ​បន្ទាប់​​​កើត​ឡើង គេ​នឹង​អាច​មើល​ឃើញ​ថា វា​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​ត្រាំ ​និង​​​លោក​ប្រធានាធិបតី ​ស៊ី ​ជីនភីង ​បើ​មិន​អ៊ីចឹង​ទេ ​សង្គ្រាម​ពាណិជ្ជកម្ម​អាច​ចាប់​ផ្ដើម​បន្ត​ទៀត ​និង​កាន់​តែ​អាក្រក់​ខ្លាំង​ឡើងៗ។
ពេល​នេះ​រដ្ឋការ​​លោក ​ត្រាំ ​បញ្ជាក់​ថា ​សង្គ្រាម​ពាណិជ្ជកម្ម​​មិន​បាន​ធ្វើ​​ឲ្យ​សេដ្ឋកិច្ច​របស់​អាមេរិក​ខូចខាត​​នោះ​ទេ ​មិន​ដូច​​សេដ្ឋកិច្ច​ចិន ​ដែល​កាល​ពី​ឆ្នាំ​មុន ​បាន​បង្ហាញ​កំណើន​យឺត​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ជិត ​២០ ​ឆ្នាំ​នោះ​ទេ​។
លោក ​ត្រាំ​ បញ្ជាក់​ថា ​មក​ដល់​ពេល​នេះ ​ពន្ធ​នាំចូល​ដែល​លោក​បាន​​យក​​​លើ​ទំនិញ​របស់​​ចិន «បាន​រួម​ចំណែក​មួយ​​ផ្នែក​» ​សម្រាប់​សេដ្ឋកិច្ច​អាមេរិក​ដ៏​រឹងមាំ​ដែល​កាល​ពី​ត្រីមាស​ទី១ ​បាន​កើន​​ឡើង​ក្នុង​​អត្រា​ប្រចាំ​ឆ្នាំ ​៣,២ ​ភាគរយ។​ ​ប៉ុន្តែ​ក្រុម​សេដ្ឋវិទូ​បារម្ភ​អំពី​ផល​ប៉ះពាល់​រយៈពេល​វែង​​លើ​សេដ្ឋកិច្ច​អាមេរិក។
លោក Liu He ​ឧបនាយក​រដ្ឋមន្ដ្រី​ដែល​​ជា​អ្នក​ចរចា​នាំមុខ​គេ​របស់​ប្រទេស​ ​ចិន​ និង​​​សហការី​របស់​លោករំពឹង​ថា ​នឹង​មក​​​ដល់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ពុធ​ ប្រសិន​​បើ​ការ​ចរចា​បន្ត​ដំណើរការ​​​​៕ AFP/LA​

No comments :

Post a Comment