Translate

Popular

Tuesday, May 7, 2019

Boeing ដឹង​ពី​បញ្ហា​សុវត្ថិភាព ១ ​ឆ្នាំ ​មុន​គ្រោះ​ថ្នាក់

No comments :


Content image - Phnom Penh Post


ក្រុង​វ៉ាស៊ីនតោនៈ ក្រុមហ៊ុន Boeing ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្រុម​វិស្វករ​របស់​​ខ្លួន​បាន​រក​ឃើញ​កំហុស​មួយ​ជាមួយ​នឹង​ប្រព័ន្ធ​ព្រមាន​​​អ្នក​បើកបរ​​នៅ​លើ​យន្តហោះ​ 737 MAX កាល​ពី​ឆ្នាំ ​២០១៧ ពោល​​​គឺ​ ១ ឆ្នាំ​មុន​ពេល​មាន​ការ​​ធ្លាក់​យន្តហោះ​​របស់​ក្រុមហ៊ុន Lion Air ដែល​បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់​។​
ក្រុមហ៊ុន​ Boeing ឲ្យ​ដឹង​ថា ថ្នាក់​គ្រប់គ្រង​របស់​ក្រុមហ៊ុន​​​មិន​បាន​ដឹង​​ពី​បញ្ហា​នេះ​ទេ រហូត​​ដល់​មាន​​ការ​ធ្លាក់​យន្តហោះ​​នៅ​​​ឥណ្ឌូនេស៊ី ដែល​បាន​សម្លាប់​​មនុស្ស​ ១៨៩ នាក់ ហើយ​​​​យន្តហោះ​ជា​ច្រើន​​មិន​ត្រូវ​បាន​ហាម​ឃាត់​ហោះហើរ​ថែម​ទៀត​ផង​​រហូត​ទាល់​តែ​មាន​​​ការ​​ធ្លាក់​យន្តហោះ​​ប្រភេទ​នេះ​​មួយ​ផ្សេង​​ទៀត ដែល​​ប្រតិបត្តិការ​​ដោយ​​ក្រុមហ៊ុន​អាកាស​ចរណ៍ Ethiopian Airlines កាល​ពី​ខែ​មីនា ដែល​​បណ្ដាល​​ឲ្យ​មនុស្ស​ ១៥៧ ​នាក់​ស្លាប់។​
យោង​តាម​ក្រុមហ៊ុន Boeing បាន​ឲ្យ​ដឹង​ថា ប្រហែល​ជា​មាន​បំណែក​ឧបករណ៍​ស្ដង់ដារ​មួយ​មិន​បាន​ដំណើរ​ការ​ត្រឹមត្រូវ​។​ ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀត​​​ថា ឧបករណ៍​នោះ​មាន​តួនាទី​​​​ប្រាប់​អ្នក​បើកបរ​អំពី​ភាព​មិន​ចុះ​​សម្រុង​គ្នា​​​រវាង​ឧបករណ៍​ចង្អុល​បង្ហាញ​ពី​មុម​វាយ​ប្រហារ (AOA Disagree) ដែល​វាស់​វែង​​មុម​របស់​យន្តហោះ​ធៀប​នឹង​កម្លាំង​ខ្យល់​ដែល​បក់​មក​ដល់ ដើម្បី​ព្រមាន​ពី​ការ​រលត់​​ម៉ាស៊ីន​ដែល​នឹង​កើត​មាន​​។
ក្រុមហ៊ុន​បន្ថែម​ថា ដើម្បី​ឲ្យ​បំណែក​ឧបករណ៍​នោះ​ដំណើរការ​បាន​ត្រឹមត្រូវ​វិញ ​ក្រុមហ៊ុន​អាកាស​ចរណ៍​​ត្រូវ​ទិញ​​ឧបករណ៍​​​ចង្អុល​បង្ហាញ​ជម្រើស​​បន្ថែម​​មួយ​ទៀត​​យក​មក​ប្រើប្រាស់។​
បញ្ហា​នោះ​បាន​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន ដែល​​មិន​បាន​ទិញ​ឧបករណ៍​ជម្រើស​នេះ ដែល​រួម​មាន​ទាំង​ក្រុមហ៊ុន Lion Air និង​ក្រុមហ៊ុន Ethiopian Airlines ​គ្មាន​លក្ខណ​ពិសេស​​ផ្នែក​​សុវត្ថិភាព​។​
ឧបករណ៍​បង្ហាញ​ពី​​មុម​វាយ​ប្រហារ​ដែល​​មិន​ត្រឹមត្រូវ ប្រហែល​​ជា​អាច​ដើរ​តួនាទី​មួយ​​​ក្នុង​ការ​បង្ក​ឲ្យ​ធ្លាក់​យន្តហោះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ទាំង ​២ នេះ ដែល​បណ្ដាល​​ឲ្យ​ប្រព័ន្ធ​​ប្រឆាំង​ការ​រលត់​ម៉ាស៊ីន​របស់​យន្តហោះ 737 MAX មិន​ដំណើរការ​ដោយ​យល់​ថា​មិន​មាន​ភាព​ចាំបាច់ ​ និង​ជំរុញ​​ឲ្យ​​យន្តហោះ​ដាំ​ក្បាល​ចុះ​ក្រោម បើ​ទោះ​បី​ជា​ក្រុម​អ្នក​បើកបរ​​​បាន​តស៊ូ​​​​រក្សា​រយៈ​កម្ពស់​​ហោះហើរ​ក៏​ដោយ​។​
ក្រុមហ៊ុន​ផលិត​យន្តហោះ​មួយ​នេះ​បាន​ឲ្យ​ដឹង​​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​កាល​​ពី​ឆ្នាំ ​២០១៧ ក្នុង​រយៈពេល​ជា​ច្រើន​ខែ​បន្ទាប់​ពី​​​ចាប់​ផ្ដើម​ការ​ចែកចាយ​យន្តហោះ​ 737 MAX ក្រុម​វិស្វករ​​​ក្នុង​ក្រុមហ៊ុន Boeing បាន​រក​ឃើញ​ថា ​សូហ្វវែរ​ប្រព័ន្ធ​បង្ហាញ​របស់​យន្តហោះ ​737 MAX ​មិន​បាន​ឆ្លើយតប​ត្រឹមត្រូវ​ទៅ​​នឹង​លក្ខខណ្ឌ​តម្រូវ​ប្រកាស​អាសន្ន​ AOA Disagree​»៕ AFP/LA​

No comments :

Post a Comment