Translate

Popular

Tuesday, May 7, 2019

អាស៊ី​អាគ្នេយ៍ ​មាន​សម្ទុះ​ទូទាត់​តាម​ឧបករណ៍​ចល័ត​ខ្លាំង​

No comments :
Content image - Phnom Penh Post
រូបថតបង្ហាញពីការទូទាត់តាមទូរស័ព្ទដៃតាមរយៈការស្គែនកម្មវិធីក្នុងទូរស័ព្ទដៃ។ AFP

ក្រុង​បាងកកៈ តំបន់​អាស៊ី​អាគ្នេយ៍​​បាន​នាំមុខ​គេ​​​​ខាង​ផ្នែក​​​​ការ​​ផ្លាស់ប្តូរ​របស់​អតិថិជន​​ងាក​ទៅ​រក​ការ​ទូទាត់​ការ​ចំណាយ​​​​តាម​ឧបករណ៍​អេឡិច​ត្រូនិក​​ចល័ត (ការ​ទូទាត់​តាម​ឧបករណ៍​​ចល័ត) ក្នុង​ហាង​ទំនិញ។ នេះ​បើ​យោង​តាម​របាយការណ៍​នៃ​ការ​អង្កេត​អ្នក​ប្រើប្រាស់​ពិភព​លោក​ឆ្នាំ ​២០១៩។
របាយការណ៍​​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន PwC ដែល​អង្កេត​​លើ​អ្នក​ឆ្លើយ​តប​ជាង ២១ ពាន់​នាក់ ​មក​ពី​ប្រទេស​ និង​​ដែនដី​ចំនួន ២៧ ក្នុង​ពិភព​លោក បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស​ និង​ដែន​ដី​​​​ដែល​មាន​អតិថិជន​​​​​ទូទាត់​តាម​ឧបករណ៍​ចល័ត​ក្នុង​ហាង​ទំនិញ​ច្រើន​ជាង​គេ​ទាំង ១០ (Top 10) ​មាន​ប្រទេស​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​​ចំនួន ៦។
ប្រទេស​ទាំង ១០ នេះ​រួម​មាន ប្រទេស ​ចិន ដែល​មាន​អតិថិជន​​ទូទាត់​តាម​ឧបករណ៍​ចល័ត​នៅ​ក្នុង​ហាង​ទំនិញ​ច្រើន​ជាង​គេ (៨៦ ភាគរយ ​នៃ​អតិថិជន​សរុប) បន្ទាប់​មក​គឺ​ប្រទេស ថៃ (៦៧ ភាគរយ) ទីក្រុង​ហុងកុង (៦៤ ភាគរយ) វៀតណាម (៦១ ភាគរយ) ឥណ្ឌូនេស៊ី (៤៧ ភាគរយ) សិង្ហបុរី (៤៦ ភាគរយ) តំបន់​មជ្ឈិមបូព៌ា (៤៥ ភាគរយ) ហ្វីលីពីន (៤៥ ភាគរយ) រុស្ស៊ី (៤៥ ភាគរយ) និង​ម៉ាឡេស៊ី (៤០ ភាគរយ)។
បើ​គិត​​ពី​កំណើន​វិញ ចំនួន​អ្នក​ធ្វើ​ការ​ទូទាត់​តាម​ឧបករណ៍​​ចល័ត​នៅ​ប្រទេស ​វៀតណាម ​បាន​កើន​ឡើង​ខ្លាំង​ជាង​គេ ពោល​គឺ​​ ២៤ ភាគរយ​ពី ៣៧ ភាគរយ​នៅ​ឆ្នាំ ២០១៨ ដល់​ ៦១ ភាគរយ​នៅ​ឆ្នាំ ២០១៩ បន្ទាប់​មក​គឺ​ទីក្រុង​ហុងកុង ដែល​​មាន​កំណើន ២២ ភាគរយ​ពី ៤២ ភាគរយ​ដល់ ៦៤ ភាគរយ ខណៈ​ដែល​​​​មជ្ឈិមបូព៌ា​ទទួល​បាន​កំណើន​ខ្ពស់​ទី​៣ ដែល​​កើន​ឡើង​ពី ២៥ ភាគរយ​ដល់ ៤៥ ​ភាគរយ។
សម្រាប់​ប្រទេស​ផ្សេង​ទៀត​នៅ​​អាស៊ី​អាគ្នេយ៍ កំណើន​​ទូទាត់​​តាម​ឧបករណ៍​ចល័ត​នៅ​ប្រទេស ​ថៃ ​បាន​កើន​ឡើង ១៩ ភាគរយ ម៉ាឡេស៊ី ១៩ ភាគរយ ហ្វីលីពីន ១៤ ភាគរយ​ សិង្ហបុរី ១២ ភាគរយ និង​ឥណ្ឌូនេស៊ី ៩ ភាគរយ។
បើ​គិត​តែ​ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​វិញ ប្រទេស ​ថៃ ទទួល​បាន​​កំណើន​ខ្ពស់​ខ្លាំង​ទី​២ សម្រាប់​​ការ​ទូទាត់​​តាម​ឧបករណ៍​អេឡិចត្រូនិក​​ចល័ត (mobile payment) បន្ទាប់​ពី​ប្រទេស ​វៀតណាម។
កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដក​ស្រង់​សម្ដី​របស់​លោក​ស្រី Vilaiporn Taweelappontong ដៃគូ​​ផ្តល់​ប្រឹក្សា​ឈាន​មុខ​ប្រចាំ​ក្រុមហ៊ុន PwC Thailand ខណៈ​ថ្លែង​ថា វា​មិន​ចម្លែក​ទេ​ដែល​ប្រទេស ​ថៃ ​គឺ​ជា​ប្រទេស​មួយ​​ក្នុង​ចំណោម​ប្រទេស​ដែល​ឈាន​មុខ​គេ​ទាក់ទង​នឹង​កំណើន​​ដ៏​លឿន​នៃ​ការ​ទូទាត់​តាម​ឧបករណ៍​ចល័ត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ។
ហេតុ​ផល​សម្រាប់​ការ​ទទួល​បាន​កំណើន​ខ្ពស់​នេះ រួម​មាន​ការ​កើន​ឡើង​ការ​ប្រើប្រាស់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ប្រជាជន​ថៃ​ក្នុង​ការ​ទិញ​ទំនិញ ព្រម​ទាំង​ឋានៈ​របស់​ប្រទេស ​ថៃ ​ក្នុង​នាម​ជា​ទីផ្សារ​មួយ​នៃ​ទីផ្សារ​បណ្តាញ​សង្គម​ធំ​ជាង​គេ​ក្នុង​ពិភព​លោក។
កត្តា​នេះ​បាន​លើក​កម្ពស់​ទាំង​ការ​លក់​រាយ​ខ្នាត​ធំ​ និង​ខ្នាត​​តូច​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ការ​ទិញ​ទំនិញ​តាម​អនឡាញ ដោយ​ប្រកួត​ប្រជែង​គ្នា​​តាមរយៈ​ការ​ប្រូម៉ូសិន និង​ការ​លក់​ចុះ​ភាគរយ។
ធនាគារ​ថៃ​ជា​ច្រើន​បាន​បោះបង់​ចោល​កម្រៃ​សេវា​ប្រតិបត្តិការ​ឌីជីថល ដែល​ជួយ​ជំរុញ​កំណើន​​ការ​ទូទាត់​​អនឡាញ។
លោក Shirish Jain នាយក​​ផ្នែក​ការ​ទូទាត់​នៃ​​ក្រុមហ៊ុន PwC Strategy បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ទ្វីប​អាស៊ី​នៅ​តែ​ជា​តំបន់​ខ្លាំង​មួយ​ដែល​ឈាន​មុខ​គេ​ខាង​ផ្នែក​ការ​ផ្លាស់​ប្តូរ​របស់​អតិថិជន​ឆ្ពោះ​ទៅ​​រក​ការ​ទូទាត់​តាម​ឧបករណ៍​ចល័ត ដោយ​ប្រទេស​អាស៊ី​ចំនួន ៨ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០ ដែល​ក្នុង​នោះ ប្រទេស​ចំនួន ៦ មក​ពី​អាស៊ី​អាគ្នេយ៍។
វៀតណាម​ដែល​មាន​កំណើន​ទាប​កាល​ពី​ឆ្នាំ ២០​១៨ បាន​ទទួល​កំណើន​ខ្ពស់​បំផុត ខណៈ​​ដែល​ការ​ទូទាត់​តាម​ឧបករណ៍​ចល័ត​បង្ហាញ​ពី​​កើន​ឡើង​សារៈសំខាន់​នៃ​ភាព​ងាយ​ស្រួល​ជា​មធ្យោបាយ​ធ្វើ​ពាណិជ្ជកម្ម​តាម​បែប​ប្រពៃណី៕ KC

No comments :

Post a Comment