សៀមរាប: ក្រុមបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងបន្តធ្វើកំណាយស្រះបុរាណ នៅខាងជើងប្រាសាទអង្គរវត្ត ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធស្រះបុរាណ ទ្រង់ទ្រាយស្រះ ហើយក្រោយពីធ្វើកំណាយរួច និងស្តារព្រមទាំងរៀបចំស្រះនេះឲ្យបានស្អាត។
លោក ឡុង កុសល់ អ្នកនាំពាក្យនិងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា ការកំណាយក្នុងស្រះបុរាណខាងជើងប្រាសាទអង្គរវត្តនេះ ដោយសារក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាចង់ដឹងពីបច្ចេកទេស ស្វែងយល់ពីរចនាសម្ព័ន្ធស្រះបុរាណទ្រង់ទ្រាយ និងស្រទាប់ដីដែលចាក់បង្គរក្នុងស្រះ ដែលជាស្នាដៃដូនតាបានបន្សល់ទុករាប់រយឆ្នាំកន្លងមកនេះ។
លោក កុសល់ បានថ្លែងថា៖ «មន្ត្រីជំនាញយើង បានជូនដំណឹងរួចហើយ ហើយនៅថ្ងៃទី ២០ ខែ កុម្ភៈ កន្លងមក យើងបានចាប់ផ្ដើមធ្វើវាបណ្ដើរៗ ប៉ុន្ដែខ្ញុំមិនទាន់ដឹងថាបញ្ចប់វិញនៅពេលណាទេ។ ចំនួនទឹកប្រាក់ដែលយើងត្រូវប្រើប្រាស់សម្រាប់កំណាយនេះ គឺខ្ញុំអត់ច្បាស់ដែរ ខ្ញុំអត់ហ៊ានប្រាប់ទេ»។
លោកបន្តថា៖ «អ្នកបុរាណវិទ្យាយើងសម័យនេះ គេចង់ដឹង ចង់ឮអ្វីដែលប្លែក ជាពិសេសគឺគេចង់ដឹងពីស្រទាប់ដីដែលក្រាលបាតស្រះហ្នឹង តើដូនតាយើងបានក្រាលបាតស្រះមានបង្កប់ដាក់អ្វីខ្លះ? ស្រះបុរាណហ្នឹងពីមុនមក គឺវាជ្រៅជាងនេះ ដោយសារតែដីចេះតែហូរចូលបន្ដិចម្ដងៗ ក៏ធ្វើឲ្យកន្លែងហ្នឹងរាក់ទៅៗ ហើយ ក៏មានដើមឈូកដុះ។ ស្រះហ្នឹងអត់មានប្រើប្រាស់អ្វីទេ គឺភ្ញៀវទេសចរមក គាត់ថតរូបប្រាសាទភ្ជាប់ជាមួយស្រមោលទឹកហ្នឹង»។
លោកបានបន្ថែមថា ការងារកំណាយ គេមិនអាចរក្សាទុកទឹកនៅក្នុងស្រះទេ ទាល់តែបង្ខះទឹកនោះឲ្យរីងស្ងួតល្អទើបគេអាចធ្វើការជីកកកាយបាន។ ក្រោយពេលកំណាយ ហើយបានដឹងពីរចនាសម្ព័ន្ធបុរាណស្រះទឹកនេះ ក្រុមមន្ត្រីជំនាញនឹងរៀបចំស្ដារដីទីតាំងនោះឲ្យស្អាតដើម្បីថែរក្សាសម្បត្តិមរតកជាតិរបស់ដូនតាជំនាន់មុន។
លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យានៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថាលោកមិនបានចូលរួមធ្វើកំណាយនេះទេព្រោះវាជាការងារថ្នាក់ក្រោមជាតិ ប៉ុន្ដែលោកគាំទ្រចំពោះសកម្មភាពនេះ ដើម្បីជាការស្រាវជ្រាវចងក្រងឯកសារសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ លោកបន្តថា កំណាយនេះ នឹងធ្វើឲ្យប្រព័ន្ធទឹកអាចហូរចេញចូលក្នុងស្រះនោះ ដើម្បីកុំឲ្យប៉ះពាល់ដល់កន្លែងបុរាណនានាទៀត។
លោកបញ្ជាក់ថា៖ «កំណាយហ្នឹងវាអត់មានប៉ះពាល់អ្វីទេ គឺយើងគ្រាន់តែមើលរចនាសម្ព័ន្ធហ្នឹង វាអត់មានអីទេ ព្រោះកាលពីប៉ុន្មានឆ្នាំមុន ក៏មានក្រុមជំនាញបារាំងធ្លាប់ជីកមើលម្ខាងរួចហើយហើយឥឡូវយើងជីកម្ខាងទៀត ដើម្បីមើលឲ្យជាក់លាក់បន្ថែមទៀត បើជីកទៅរកមិនឃើញមានអ្វីសំខាន់ទេ យើងអាចលុបវិញ ឬស្ដារវាឲ្យជ្រៅជាងនេះ»។
តាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចុះថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ដីពី «ការធ្វើកំណាយបុរាណ វិទ្យានៅស្រះខាងជើងប្រាសាទអង្គរវត្ត» បានបង្ហាញថា នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នឹងធ្វើកំណាយបុរាណវិទ្យា នៅស្រះខាងជើង ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធបុរាណស្រះទ្រង់ទ្រាយស្រះ និងស្រទាប់ដីចាក់បង្គរក្នុងស្រះ។
អាជ្ញាធរជាតិអប្សរាបន្តថា ក្នុងពេលធ្វើកំណាយផ្នែកខ្លះនៃស្រះខាងជើងនឹងត្រូវបិទជាបណ្ដោះអាសន្ន ដើម្បីផ្ដល់ភាពងាយស្រួល ដល់ក្រុមការងារនិងអ្នកស្រាវជ្រាវ។
អាជ្ញាធរជាតិអប្សរា បន្តថា៖ «ការងារនេះចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ រហូតដល់បញ្ចប់ការងារដើម្បីផ្ដល់ឱកាសដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិផ្ដិតយករូបភាពឆ្លុះកំពូលប្រាសាទអង្គរវត្តក្នុងទឹក អាជ្ញាធរជាតិអប្សរាបានបំពេញបរិមាណទឹកស្រះខាងត្បូងក្នុងកម្រិតអតិបរមារួចរាល់អស់ហើយ»៕
No comments :
Post a Comment