Tuesday, May 7, 2019
វិចិត្រករសិង្ហបុរី ២ រូប បើកពិព័រណ៍លើប្រធានបទ «នៅក្រោមដើមពោធិ៍»
ភ្នំពេញៈ ស្នាដៃដំឡើងជារូបថតចំនួន ២០ សន្លឹក និងខ្សែវីដេអូ ២ ប៉ុស្តិ៍របស់វិចិត្រករ និងអ្នកថតជាតិសិង្ហបុរី ២ រូបបង្ហាញពីអាសនៈបូជា នៅក្រោមដើមឈើនៃរូបព្រះជាច្រើនដែលបានរកឃើញនៅតាមឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសសិង្ហបុរីកំពុងដាក់តាំងក្នុងរាជធានីភ្នំពេញក្នុងវិចិត្រសាលស-ស ក្រោមប្រធានបទមួយថា «នៅក្រោមដើមពោធិ៍» មានរយៈពេលចំនួន ២ ខែ គឺតាំងថ្ងៃទី ២៦ ខែមេសាបន្តដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខ។
បើតាមសេចក្តីបរិយាយគេហទំព័រនៃវិចិត្រសាលស-ស បានឲ្យដឹងថា៖ «រូបចម្លាក់ និងរូបភាពទាំងនេះភាគច្រើនស្តីពីសាសនាហិណ្ឌូ សាសនាព្រះពុទ្ធ សាសនាតៅ និងសាសនាក្លាយក្នុងស្រុក ហើយជាញឹកញាប់មានទម្រង់ជាព្រះគណេស ព្រះឥសូរ ហនុមាន ព្រះពុទ្ធ ព្រះម៉ែគង់ស៊ីអ៊ីម (ព្រះលោកេស្វរៈ) តាឥសី និង តួអង្គព្រះផ្សេងទៀត។ សិល្បករសិង្ហបុរី ២ រូបគឺលោក ជូ ហាវផី និងលោក លី ឆាងមីង ទាំង ២ រូបនេះបានចងក្រងជាឯកសាររូបភាព និងវីដេអូស្តីពីវត្តមានបណ្តោះអាសន្នរូបចម្លាក់ និងរូបភាពព្រះដែលគេបំបោះបង់ នៅតាមក្រោមដើមឈើនានា។ អាសនៈមិនផ្លូវការទាំងនេះតាមធម្មតាត្រូវបានបង្កើតឡើងជាអនាមិកពេលដែលគេប្រទះឃើញរូបព្រះ រសាត់តាមសមុទ្រមកទើរនៅឆ្នេរនៃប្រទេសសិង្ហបុរី។ បន្ទាប់មកគេក៏រើសយកវាទៅដាក់នៅក្រោមដើមពោធិ៍នៅក្បែរៗនោះជាការគោរព។
គេជឿថារូបព្រះទាំងនេះត្រូវបានគេបំបោះបង់ចោលដោយហេតុផលផ្សេងៗជាច្រើនដូចជាការផ្លាស់ប្តូររូបព្រះថ្មី ឬការប្តូរសាសនាជាដើម។ ទោះជាយ៉ាងណាវត្តមានរបស់រូបព្រះទាំងនេះគឺមានរយៈពេលខ្លី ព្រោះតែគេចាត់ទុកថាការដាក់រូបព្រះនៅតាមដើមឈើនោះគឺជាទង្វើខុសច្បាប់ ដូច្នេះហើយរដ្ឋាភិបាលសិង្ហបុរីតែងសម្អាតវាចេញជាញឹកញាប់។ ការសម្អាតរូបព្រះទាំងនេះបង្កើតឲ្យមានសំណួរសំខាន់មួយសម្រាប់សិល្បករថា៖ «ព្រោះវាបង្ហាញថា ប្រហែលជាគ្មានទីកន្លែង ដើម្បីគោរពប្រណិប័តន៍ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដែលក្រៅពីស្ថាប័នសាសនា និងទីអាសនៈជាប់លាប់នោះទេមើលទៅ?»។
តើកត្តានេះមានឥទ្ធិពលយ៉ាងណាទៅបុគ្គល និងសហគមន៍ក្នុងទំនាក់ទំនង និងអត្ថន័យជាមួយទីកន្លែង?
សេចក្តីបរិយាយបន្តថា៖ «ពិព័រណ៍នៅក្រោមដើមពោធិ៍គឺឆ្លុះបញ្ចាំងពីរចនាសម្ព័ន្ធវប្បធម៌សង្គមសាសនា ជាតិសាសន៍ ក៏ដូចជាទីភូមិសាស្ត្រនយោបាយរបស់ប្រទេសសិង្ហបុរី។ វាក៏ចង្អុលបង្ហាញផងដែរ ពីភាពតានតឹង និងជម្លោះរវាងការអនុវត្តនូវវប្បធម៌ដែលបានចាក់ឫសគល់ដ៏រឹងមាំ និងការព្យាយាមគ្រប់គ្រងសណ្តាប់ធ្នាប់នៅសម័យសង្គមទំនើប។ ស្នាដៃរបស់ ហាវផី និង ឆាងមីង គឺជាភ័ស្តុតាងមួយ ឬភ្នាក់ងារ និងភាពរឹងមាំនៃការអនុវត្តជំនឿដែលអាចធ្វើដំណើរទៅផុតហួសពីព្រំដែននៃពេលវេលា និងទីកន្លែងផងដែរ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment