Tuesday, May 7, 2019
ឧបករណ៍ភ្លេងភ្លយជនជាតិជង ត្រូវបានអភិរក្ស និងបង្រៀនបន្ត
ក្រុងខេមរភូមិន្ទៈ ទីបំផុតបុរសវ័យ ៨៥ ឆ្នាំជាជនជាតិភាគតិចជង ដែលកំពុងតែរស់នៅក្នុងតំបន់សហគមន៍អារ៉ែង និងជាម្ចាស់ដើមនៃឧបករណ៍ភ្លេង «ភ្លយ» នោះបានយល់ព្រមទទួលបង្រៀនជំនាញរបស់ខ្លួនបន្តដល់ក្មេងៗជំនាន់ក្រោយ បន្ទាប់ពីលោកតាខំសំងំលាក់បាំងចំណេះនេះជាយូរយារមកក៏ព្រោះតែគ្មានការពេញនិយម និងឲ្យតម្លៃនោះ។
ភ្លយ គឺជាឧបករណ៍ភ្លេងរបស់ជនជាតិភាគតិចអម្បូរ «ជង» ដែលកំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា ខណៈពេលសព្វថ្ងៃនេះវាស្ទើរតែបាត់ឈ្មោះ និងលែងមានការពេញនិយមពីអ្នកស្រុកភូមិទៅហើយដែរ ព្រោះថាឧបករណ៍ភ្លេងមួយនេះត្រូវបានប្រគំសម្រាប់ផ្លុំថ្វាយ និងបន់ស្រន់ទៅដល់អ្នកតាម្ចាស់ស្រុកតាមជំនឿនៃជនជាតិខ្លួនតែប៉ុណ្ណោះ។
តែនារយៈពេល ១ ឆ្នាំចុងក្រោយនេះគឺឆ្នាំ ២០១៨ បន្ទាប់ពីមានការជួយសម្របសម្រួល និងជ្រោមជ្រែងពីក្រុមរថយន្តតន្ត្រីទិព្វខ្មែរ និងសហគមន៍អេកូទេសចរណ៍អារ៉ែងមកនោះក៏មានការបើកវគ្គបណ្តុះបណ្តាល ឬបង្រៀនសិស្ស ជាក្មេងជំនាន់ក្រោយឲ្យរៀនជំនាញឧបករណ៍ភ្លេងភ្លយ ដើម្បីជួយអភិរក្ស និងរក្សាបន្តនូវកេរដំណែលវប្បធម៌សិល្បៈ ដែលស្ទើរបាត់បង់នៅតំបន់សហគមន៍អារ៉ែងស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង។
អ្នកស្រី ថន សីម៉ា ជាប្រធានគ្រប់គ្រងផលិតកម្មវិធី និងជាសហស្ថាបនិកនៃក្រុមរថយន្តតន្ត្រីទិព្វខ្មែរ បានប្រាប់ពីការបើកបង្រៀនឧបករណ៍ភ្លេងភ្លយនេះថា៖ «យើងបានជួយរៀបចំឲ្យមានការបង្រៀនឧបករណ៍នេះបានចំនួន ១ ឆ្នាំហើយក៏ដោយសារតែមានការយល់ព្រមបង្រៀនបន្តពីលោកតា ដួង ញឹក ដែលជាជនជាតិជង និងជាម្ចាស់ដើមនៃឧបករណ៍ភ្លេងភ្លយនោះ។ ព្រោះតែនេះជាការបើកវគ្គដំបូង ហើយក៏មិនសូវសម្បូរ មានអ្នកចាប់អារម្មណ៍ពីសំណាក់ក្មេងជំនាន់ក្រោយរៀននោះ ទើបការបង្រៀនវគ្គដំបូងទទួលបានសិស្សតែ ៣ នាក់ប៉ុណ្ណោះ ដែលពួកគេគឺសុទ្ធតែជាសិស្សរស់នៅឆ្ងាយៗពីផ្ទះលោកតាទៀតគឺថាផ្ទះរបស់សិស្សទាំងនោះខ្លះមានចម្ងាយ ៣០ គីឡូម៉ែត្រ និងអ្នកខ្លះមានចម្ងាយ ៤០ គីឡូម៉ែត្រឯណោះ ដោយពួកគេត្រូវជិះម៉ូតូឆ្លងកាត់ផ្លូវពិបាកផងដែរដើម្បីមករៀនជំនាញដែលខ្លួនស្រឡាញ់។ រីឯការបង្រៀននេះគឺ ១ សប្តាហ៍មានចំនួន ២ ថ្ងៃគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខណៈ ១ ថ្ងៃមានបង្រៀនតែចំនួន ២ ម៉ោងទេ»។
ប្រធានគ្រប់គ្រងផលិតកម្មវិធី និងជាសហស្ថាបនិកនៃក្រុមរថយន្តតន្ត្រីទិព្វខ្មែរ អ្នកស្រី ថន សីម៉ា ក៏បានបន្តថា៖ «សំណាងណាស់ យើងមានលោកគ្រូ ដួង ញឹក គឺជាជនជាតិជងតែមួយគត់ដែលគាត់ចេះទាំងបង្កើត និងលេងឧបករណ៍ភ្លេងភ្លយនេះបាន ខណៈគាត់មានវ័យ ៨៥ ឆ្នាំទៅហើយដែរ។ ក្រោយពីយើងបានព្យាយាមសម្របសម្រួលជាមួយនឹងសហគមន៍អេកូទេសចរណ៍អារ៉ែង ដែលជាមូលដ្ឋានផ្ទាល់របស់លោកតា ដួង ញឹក មកគាត់ក៏បានយល់ព្រមទទួលបង្រៀនជំនាញនេះបន្តដល់ក្មេងជំនាន់ក្រោយដោយក្តីរីករាយ ហើយយើងក៏បានជួយឧបត្ថម្ភថ្លៃបង្រៀនដល់គាត់ផងដែរ សម្រាប់ជីវភាព។ លើសពីនេះយើងក៏បានរៀបចំឲ្យមានកម្មវិធីមួយមានឈ្មោះថា «តន្ត្រីផ្ទះខ្ញុំ» មាននៅតំបន់សហគមន៍អារ៉ែងផងដែរ ដើម្បីជាការជួយទៅដល់គាត់ និងសិស្ស ព្រមទាំងក្រុមអុ្នកសិល្បៈនានានៅក្នុងសហគមន៍ទាំងស្រុងអាចមានកម្មវិធីលេងជំនាញតន្ត្រីរបស់ខ្លួនសម្រាប់ទទួលភ្ញៀវដែលមកកម្សាន្ត ហើយក៏អាចរកប្រាក់កម្រៃបន្ថែមបានខ្លះដែរពីសិល្បៈរបស់ខ្លួននោះ»។
ឧបករណ៍ភ្លេងភ្លយនេះសំឡេងរបស់វាគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងសំឡេងរបស់សត្វកន្លង់ ដោយគេយកបំពង់ឫស្សី ៣ ដើម ប៉ុនៗគ្នាមករៀបជាដំណាក់មានចន្លោះដូចជាឧបករណ៍ខ្លុយរបស់ខ្មែរដែរ។ តែគេភ្ជាប់ផ្លែឃ្លោក និងបិទយ៉ាងជិតដោយគ្រាន់តែទុកចំហមាត់ឃ្លោក រួចគេអាចផ្លុំបញ្ចេញសំឡេងវាតាមមាត់ឃ្លោកនោះតែម្តង ដែលមើលវាស្រដៀងគ្នាទៅនឹងការផ្លុំឧបករណ៍ភ្លេងគែនដែរ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment