Monday, May 20, 2019
ចិនពង្រីកផ្ទៃដីដាំដុះសណ្តែកសៀង កាត់បន្ថយការនាំចូល
ចម្ការសណ្ដែកសៀង ក្នុងកំឡុងពេលប្រមូលផលនាពេលកន្លងមក។ |
ក្រុងហាប៊ីនៈ អ្នកដាំសណ្តែកសៀងក្នុងប្រទេស ចិន កំពុងពង្រីកការដាំដុះ ដើម្បីសម្រេចបានកំណើនឆាប់រហ័សនៃការផ្គត់ផ្គង់សណ្តែកសៀងគុណភាពខ្ពស់នៅឆ្នាំនេះ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលរបស់ប្រទេសនេះ។
ការដាំសណ្តែកសៀងកំពុងធ្វើឡើងនៅខេត្តហេឡុងជាំង និងជីលីន តំបន់ស្វយ័តអ៊ីនន័រម៉ុងហ្គោលី និងភាគកណ្តាលនៃខេត្តហេណាន ដោយមានការប៉ាន់ប្រមាណថា អត្រាពង្រីកការដាំដុះមានជាង ១០ ភាគរយនៅឆ្នាំនេះ។
យោងតាមរបាយការណ៍អភិវឌ្ឍន៍វិស័យកសិកម្មចិនឆ្នាំ ២០១៩ ដែលបានចេញផ្សាយនៅសប្តាហ៍មុន បានឲ្យដឹងថា ការនាំចូលសណ្តែកសៀងរបស់ចិនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ។ ទំហំនាំចូលមាន ៨៨,៣ លានតោន នៅឆ្នាំមុន ធ្លាក់ចុះ ៧,៩ ភាគរយ ធៀបនឹងឆ្នាំ ២០១៧។
ឈ្មួញសណ្តែកសៀងបានបង្ហាញក្តីបារម្ភអំពីការកើនឡើងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងប្រទេស ចិន។
ប្រទេស ចិន កាលពីថ្ងៃចន្ទសប្តាហ៍មុនបានប្រកាសថា ខ្លួននឹងដំឡើងអត្រាពន្ធបន្ថែមទៀតលើផលិតផលរបស់អាមេរិកនាំចូលមកប្រទេស ចិន ចាប់ពីថ្ងៃទី ១ ខែ មិថុនា ទៅ។ ការសម្រេចចិត្តនេះបានកើតមានឡើងបន្ទាប់ពីអាមេរិកបានដំឡើងពន្ធលើទំនិញចិនដែលមានតម្លៃ ២០០ ពាន់លានដុល្លារពី ១០ ភាគរយ ទៅ ២៥ ភាគរយ គិតចាប់ពីថ្ងៃទី ១០ ខែ ឧសភា មក។
មន្ទីរកសិកម្មខេត្តហេឡុងជាំង បានប៉ាន់ប្រមាណថា ផ្ទៃដីដាំដុះសណ្តែកសៀងបានកើនឡើងជាង ១០ ភាគរយ នៅឆ្នាំនេះពីចំនួន ៣,៦ លានហិកតា កាលពីឆ្នាំមុន។
នៅតំបន់អ៊ីនន័រម៉ុងហ្គោលី មានផែនការបន្ថែមផ្ទៃដីដុះដាំសណ្តែកសៀងចំនួន ១៣៣ ៣៣៣ ហិកតានៅឆ្នាំនេះ ដែលធ្វើឲ្យផ្ទៃដីដាំដុះសរុបមានចំនួន ១,២ លានហិកតា។
នៅក្នុងខេត្តសានទុង សាលាវិទ្យាសាស្រ្តកសិកម្មកំពុងចូលរួមក្នុងសកម្មភាពបង្កាត់ពូជសណ្តែកសៀងថ្មី ដែលមានសមត្ថភាពទប់ទល់នឹងទឹកច្រើន និងដង្កូវ និងកត្តាផ្សេងទៀត៕ People's Daily/KC
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment