Translate

Popular

Thursday, May 30, 2019

អាមេរិក​ដាក់​ប្រទេស​អាស៊ាន ៣ ​ក្នុង​បញ្ជី​ឃ្លាំមើល

No comments :
អតិថិជន​កំពុង​រាប់​ប្រាក់​ដុល្លារ​សិង្ហបុរី បន្ទាប់​ពី​ដក​ចេញ​ពី​ម៉ាស៊ីន​អេធីអឹម​​។
ក្រុង​វ៉ាស៊ីនតោនៈ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ដាក់​បញ្ចូល​ប្រទេស ​សិង្ហបុរី ម៉ាឡេស៊ី និង​វៀតណាម ​ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​ការ​គ្រប់គ្រង​រូបិយប័ណ្ណ (currency manipulation) ដោយ​ដាក់​​គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់​របស់​ប្រទេស​ទាំង​នោះ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg។
Bloomberg បាន​រាយការណ៍​ដោយ​ដក​ស្រង់​សម្ដី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថា សិង្ហបុរី​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​​បញ្ជី​នេះ​ដោយសារ​អតិរេក​គណនី​ចរន្ត​​ដ៏​ច្រើន​របស់​ប្រទេស​នេះ និង​ការ​ទិញ​​រូបិយប័ណ្ណ​បរទេស​សុទ្ធ​ដែល​មាន​​យ៉ាង​ហោច​ណាស់ ១៧ ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ ២០១៨ ដែល​ស្មើ​នឹង ៤,៦ ភាគរយ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។
ចំណែក​ឯ​ការ​ដាក់​បញ្ចូល​​​ម៉ាឡេស៊ី និង​វៀតណាម​ទៅ​ក្នុង​បញ្ជី​នេះ​ដោយសារ​​​ត្រូវ​បាន​​លើក​ឡើង​ថា ដោយសារ​អតិរេក​ពាណិជ្ជកម្ម​ទ្វេភាគី និង​អតិរេក​គណនី​ចរន្ត​របស់​ប្រទេស​ទាំង ​២។
ប្រទេស​ដែល​មាន​អតិរេក​គណនី​ចរន្ត​ជាមួយ​អាមេរិក ស្មើ​នឹង ២ ភាគរយ​នៃ ផ.ស.ស ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នេះ ដែល​ធ្លាក់ចុះ​ពី ៣ ភាគរយ។ កម្រិត​កំណត់​ផ្សេង​ទៀត​រួម​មាន ការ​ធ្វើ​អន្តរាគមន៍​ដែល​កើត​មាន​ជា​យូរ​​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​របស់​ប្រទេស​មួយ និង​អតិរេក​ពាណិជ្ជកម្ម​​ដែល​មាន​យ៉ាង​ហោច​ណាស់ ២០ ពាន់​លាន​ដុល្លារ។ ប្រទេស​ដែល​ឆ្លើយ​តប​ទៅ​នឹង​លក្ខណ​វិនិច្ឆ័យ​ចំនួន ២ ក្នុង​ចំណោម​លក្ខណ​វិនិច្ឆ័យ​ទាំង ៣ នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​នេះ។
ការ​ដែល​ត្រូវ​បាន​ហៅថា​​ជា​អ្នក​គ្រប់គ្រង​​រូបិយប័ណ្ណ មិនមែន​បណ្តាល​ឲ្យ​មាន​ការ​​​ដាក់​ពិន័យ​ភ្លាមៗ​​ទេ ប៉ុន្តែ​អាច​​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ។
Bloomberg បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ឲ្យ​ដឹង​ថា សិង្ហបុរី​គួរ​អនុវត្ត​កំណែ​ទម្រង់​ដែល​នឹង​ជួយ​ឲ្យ​បន្ទាប​អត្រា​ការ​ប្រាក់​សន្សំ​ខ្ពស់​របស់​​ខ្លួន និង​បង្កើន​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ដែល​មាន​កម្រិត​ទាប ខណៈ​​​​ព្យាយាម​​ធានា​ថា អត្រា​ប្តូរ​ប្រាក់​ពិត​របស់​ប្រទេស​នេះ​មាន​ភាព​ស្រប​គ្នា​ទៅ​នឹង​​មូលដ្ឋាន​សេដ្ឋកិច្ច ដើម្បី​ជួយ​ធ្វើ​ឲ្យ​រួម​​តូច​ជាង​មុន​នូវ​អតិរេក​ខាង​ក្រៅ​ដែល​មាន​ទំហំ​ធំ និង​​កើត​មាន​ជា​យូរ​របស់​ខ្លួន។
ធនាគារ​កណ្តាល​សិង្ហបុរី​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ខ្លួន​មិន​បាន​គ្រប់គ្រង​រូបិយប័ណ្ណ​របស់​ខ្លួន ​ដើម្បី​អត្ថប្រយោជន៍​នាំចេញ​ឡើយ»។ ធនាគារ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​​រូបិយវត្ថុ​សិង្ហបុរី​ដែល​ជា​ធនាគារ​កណ្តាល​របស់​ប្រទេស​នេះ ប្រើប្រាស់​អត្រា​ប្តូរ​ប្រាក់​ដើម្បី​ធានា​បាន​ស្ថិរភាព​ថ្លៃ និង​មិន​អាច​ប្រើប្រាស់​អត្រា​ប្តូរ​ប្រាក់​នេះ ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​នាំចេញ ឬ​ដើម្បី​សម្រេច​បាន​អតិរេក​គណនី​ចរន្ត​ទេ។
ម៉ាឡេស៊ី​ត្រូវ​បាន​លើក​ឡើងថា ​មាន​អតិរេក​ពាណិជ្ជកម្ម​ទ្វេភាគ​ចំនួន ២៧ ពាន់​លាន​ដុល្លារ​ជាមួយ​អាមេរិក​កាល​ពី​ឆ្នាំ​មុន ហើយ​អតិរេក​គណនី​ចរន្ត​មាន ២,១ ភាគរយ ​នៃ​ ផ.ស.ស៕ KC

No comments :

Post a Comment