Translate

Popular

Thursday, May 30, 2019

ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន ១៣ ទាមទារ​សំណង​ពី Boeing

No comments :
យន្តហោះ​ 737 Max របស់ក្រុមហ៊ុន Boeing។
ក្រុង​ប៉េកាំងៈ ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​ប្រទេស ​ចិន ​ចំនួន ១៣ កំពុង​ស្វែងរក​សំណង​ពី​​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ដោយសារ​តែ​ការ​ចត​ចោល​​​យន្តហោះ​ 737 Max របស់​ខ្លួន​ និង​ពន្យារ​ពេល​ការ​ចែកចាយ​យន្តហោះ​ 737 MAX​។
យន្តហោះ​ Boeing 737 Max របស់​ក្រុមហ៊ុន Boeing ត្រូវ​បាន​ចត​ទុក​ចោល​​​ជុំវិញ​​ពិភព​លោក​កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ បន្ទាប់​​ពី​​មាន​ការ​ធ្លាក់​យន្តហោះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ​២ លើក ​នៅ​ក្នុង​ប្រទេស ​ឥណ្ឌូនេស៊ី និង​ប្រទេស ​អេត្យូពី​។​
ក្រុមហ៊ុន​អាកាស​ចរណ៍​ដឹក​អ្នក​ដំណើរ ​9Air ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ក្វាងចូវ ខេត្ត​ក្វាងទុង ប្រទេស ​ចិន ត្រូវ​បាន​រាយការណ៍​​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍៍​មុន​ថា នឹង​ចូលរួម​ជាមួយ​​ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​​​ប្រទេស ​ចិន ​ចំនួន​ ១២ ​ផ្សេង​ទៀត ដើម្បី​ស្វែងរក​សំណង​ពី​ក្រុមហ៊ុន Boeing។​
បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាស​ចរណ៍​ទាំង​អស់​របស់​ប្រទេស ចិន​ ដែល​ប្រតិបត្តិការ​យន្តហោះ​​​ 737 Max-8 បាន​ដាក់​ពាក្យ​​បណ្ដឹង​ប្រឆាំង​នឹង​​ក្រុមហ៊ុន​ផលិត​​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ​​។​
ទន្ទឹម​នឹង​នេះ​ សមាគម​ដឹក​​ជញ្ជូន​​ផ្លូវ​អាកាស​របស់​ប្រទេស ចិន (CATA)​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​​ប្រទេស ​ចិន ​ទាំង​នេះ ​អាច​ខាត​បង់​ ៤ ពាន់​លាន​យន់ (៥៨០​ លាន​ដុល្លារ​អាមេរិក​) ប្រសិន​បើ​ការ​ផ្អាក​ហោះហើរ​​យន្តហោះ ​737 Max នេះ​ មាន​រយៈពេល​រហូត​ដល់​ខែ​​មិថុនា​ ហើយ​ការ​​ខាតបង់​នេះ​នឹង​បន្ត​​កើន​ឡើង ប្រសិន​បើ​ការ​ហាម​​ឃាត់​នេះ​មាន​រយៈពេល​ហួស​ពី​ពេល​នេះ។
CATA បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​គាំទ្រ​ និង​ជួយ​ដល់​ក្រុមហ៊ុន​អាកាស​ចរណ៍​ជា​សមាជិក​របស់​ខ្លួន​ ក្នុង​ការ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន Boeing។​
ប្រទេស ​ចិន​ គឺ​ជា​ប្រទេស​ប្រើប្រាស់​យន្តហោះ ​737 Max-8 របស់​ក្រុមហ៊ុន Boeing ​ច្រើន​ជាង​គេ ដោយ​យន្តហោះ​ Boeing MAX-8 ចំនួន ៩៦ ​គ្រឿង​ស្ថិត​ក្នុង​ដំណើរការ​​​ផ្តល់​សេវា​ហោះហើរ​​​ក្នុង​ប្រទេស​នេះ​។​
ប្រទេស ​ចិន ​គឺ​ជា​ប្រទេស​ទី១ ដែល​បាន​​ផ្អាក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​យន្តហោះ Boeing 737 Max-8 ​ទាំង​អស់​ បន្ទាប់​ពី​​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ Ethiopian Airlines កាល​ពី​ខែ​មីនា​ ដែល​បាន​សម្លាប់​មនុស្ស​​នៅ​​លើ​យន្តហោះ​ទាំង​អស់​ចំនួន ​១៥៧​ នាក់​។
កាល​ពី​ខែ​តុលា ​ឆ្នាំ​មុន យន្តហោះ ​737 MAX-8 បាន​ធ្លាក់​នៅ​ទីក្រុង​ហ្សាការតា​ប្រទេស ​ឥណ្ឌូនេស៊ី លើ​ជើង​ហោះហើរ​​ក្នុង​ស្រុក​​មួយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​លើ​យន្តហោះ​ទាំង​អស់ ​១៨៩ ​នាក់​បាន​ស្លាប់ ៕​ People's Daily/LA​

No comments :

Post a Comment