Translate

Popular

Thursday, May 30, 2019

Alibaba សម្លឹង​ចុះ​បញ្ជី​នៅ​ផ្សារហ៊ុន​ហុងកុង

No comments :
លោក Jack Ma ប្រធាន​ក្រុមហ៊ុន Alibaba។
ក្រុង​ស៊ាងហៃៈ ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក Alibaba Group របស់​ប្រទេស ​ចិន​ កំពុង​ស្វែងរក​ការ​ចុះ​បញ្ជី​​បោះផ្សាយ​ភាគហ៊ុន​លើក​ទី២​ ក្នុង​ទីក្រុង​ហុងកុង ដែល​អាច​ប្រមូល​ប្រាក់​ចំនួន ២០ ពាន់​លាន​ដុល្លារ ខណៈ​ដែល​ទីក្រុង​ប៉េកាំង​ព្យាយាម​លើក​ទឹក​ចិត្ត​ឲ្យ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​ខ្លួន​ចុះ​បញ្ជី​ក្នុង​ទីផ្សារ​​នៅ​ប្រទេស​​កំណើត​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ។
ទីភ្នាក់ងារ​ព័ត៌មាន Bloomberg News បាន​រាយការណ៍​​​ដោយ​ដក​ស្រង់​ប្រភព​ដែល​បាន​ដឹង​ពី​ផែនការ​នេះ​ថា ក្រុមហ៊ុន Alibaba ដែល​ចុះ​បញ្ជី​​នៅ​សហរដ្ឋ​អាមេរិក មាន​គោល​បំណង​ដាក់​​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​នៅ​ក្នុង​ទីក្រុង​ហុងកុង​នៅ​​ឆមាស​ទី២ ក្នុង​ឆ្នាំ ២០១៩ នេះ។
ការ​ចុះ​បញ្ជី​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​​គោល​បំណង​បើក​ចំហ​បណ្តាញ​មូលនិធិ​ថ្មីៗ​សម្រាប់​ក្រុមហ៊ុន Alibaba ដែល​ការ​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​ក្រុង​ញូវយ៉ក​​កាល​ពី​ឆ្នាំ ២០១៤ បាន​ប្រមូល​និធិ​ចំនួន ​២៥ ពាន់​លាន​​ដុល្លារ ​ក្នុង​ការ​បោះផ្សាយ​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង​ដែល​ធំ​បំផុត​ក្នុង​ពិភព​លោក។
អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Alibaba បាន​បដិសេធ​អត្ថាធិប្បាយ​មក​កាន់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​បាន​និយាយ​ថា ក្រុមហ៊ុន​មិន​ឆ្លើយ​តប​ទៅ​កាន់ ​«ពាក្យ​ចចាម​អារ៉ាម​ពី​ទីផ្សារ» ឡើយ។
ប្រទេស ​ចិន ​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​នាពេល​បច្ចុប្បន្ន ​និង​អនាគត​របស់​ប្រទេស​ខ្លួន​ឲ្យ​ចុះ​បញ្ជី​នៅ​ក្នុង​ទីផ្សារ​នៅ​ជិតៗ​ប្រទេស​កំណើត រួម​ទាំង​តាមរយៈ​ការ​​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​បច្ចេកវិទ្យា​ដែល​គ្រោង​បង្កើត​ឡើង​មួយ​ក្នុង​ទីក្រុង​ស៊ាងហៃ ដែល​នឹង​ជា​ផ្សារហ៊ុន​មួយ​ឆ្លើយ​តប​ទៅ​កាន់​ផ្សារហ៊ុន Nasdaq របស់​អាមេរិក ។
ព័ត៌មាន​នេះ កើត​មាន​ឡើង​ក្នុង​គ្រា​ដែល​ប្រទេស ​ចិន និង​សហរដ្ឋ​អាមេរិក​បាន​ជាប់​គាំង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​ឡើង​កម្តៅ​មួយ ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ហាម​ឃាត់​​ក្រុមហ៊ុន​អាមេរិក​មិន​ឲ្យ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ និង​ផលិត​ទូរស័ព្ទ Huawei របស់​ចិន ៕ AFP/KC

No comments :

Post a Comment