Wednesday, May 8, 2019
កំពូលតម្កល់ទោស ២៣ ឆ្នាំ ដល់បុរសរំលោភសម្លាប់ក្មេងស្រី
ជនជាប់ចោទពេលនាំមកសាលាឧទ្ធរណ៍កន្លងមក |
ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានប្រកាសសាលដីកាកំបាំងមុខជនជាប់ចោទម្នាក់ដោយតម្កល់ទោស ២៣ ឆ្នាំ តាមការសម្រេចរបស់សាលាឧទ្ធរណ៍ដដែល ពាក់ព័ន្ធនឹងករណីរំលោភសម្លាប់ក្មេងស្រីអាយុ ១០ ឆ្នាំ ម្នាក់នៅភូមិខ្យោកជើងឃុំពពឹស ស្រុកស្វាយអន្ទរខេត្តព្រៃវែង កាលពីឆ្នាំ ២០១៦។
នៅក្នុងបន្ទប់សវនាការ ខណៈអវត្តមានជនជាប់ចោទនិងឪពុកម្តាយក្មេងស្រីរងគ្រោះ លោកស្រី ចៅក្រម គិម សត្ថាវី បានអានសាលដីកាថា សំណុំរឿងដែលមានជនជាប់ចោទឈ្មោះ ទ្រី គឹមឈាង អាយុ ៣០ ឆ្នាំ ដែលបានជំនុំជម្រះកាលពីថ្ងៃទី ២៤ មេសា ឆ្នាំ ២០១៩ នោះក្រុមប្រឹក្សាយល់ថា៖ «ការសម្រេចរបស់សាលាឧទ្ធរណ៍ដែលផ្តន្ទាទោសដល់ជនជាប់ចោទ ២៣ ឆ្នាំ នោះគឺតុលាការសម្រេចតម្កល់ទណ្ឌកម្មទោសនៅដដែល»។
ទោះយ៉ាងណា លោក ព្រឹម សុវណ្ណ ជាឪពុកក្មេងស្រីរងគ្រោះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅក្រៅបន្ទប់សវនាការ ខណៈមកមិនទាន់ពេលប្រកាសថា តាមពិតលោកមិនពេញចិត្តនឹងការសម្រេចឲ្យជនជាប់ចោទនៅតែជាប់ពន្ធនាគារ ២៣ ឆ្នាំ នោះទេ តែលោកចង់ឲ្យផ្តន្ទាទោសអស់ ១ ជីវិតទើបសមនឹងការប្រព្រឹត្ត។
លោកថា៖ «ខ្ញុំខំចិញ្ចឹមកូនខ្ញុំរហូតដល់ធំប៉ុណ្ណឹងហើយ ត្រូវជនជាប់ចោទសម្លាប់បែបនេះខ្ញុំជាឪពុកម្តាយនៅតែក្តុកក្តួលអាណិតកូនខ្ញុំ។ មិនថា តែខ្ញុំទេទឹកចិត្តឪពុកម្តាយដូចតែគ្នាហ្នឹង បើកូនខ្លួនខំចិញ្ចឹមបីបាច់ហើយទើបមានអាយុ ១០ ឆ្នាំ ដែលកំពុងស្រឡាញ់ហើយត្រូវគេសម្លាប់បែបនេះគ្មានឪពុកម្តាយណាទប់ចិត្តបានទេ»។
ទោះយ៉ាងណាក្ដី លោក ព្រឹម សុវណ្ណ បានបញ្ជាក់ថា លោកក៏ព្រមទទួលយកសាលដីកានោះដែរ ព្រោះជាការសម្រេចរបស់តុលាការ។
គួររំឭកថា តាមកំណត់ហេតុតុលាការបង្ហាញថា កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៦ ឪពុកក្មេងស្រីរងគ្រោះបានទៅបូមទឹកដាក់ស្រែចម្ងាយពីភូមិប្រមាណ ៣ គីឡូម៉ែត្រ ហើយក៏មានវត្តមានជនជាប់ចោទនៅទីនោះដែរ។
លុះដល់ម៉ោង ១២ ថ្ងៃត្រង់ ក្រោយពីក្មេងស្រីរងគ្រោះឈ្មោះច.ស.ឃ អាយុ ១០ ឆ្នាំ ចេញពីសាលារៀន នាងបានទិញកាហ្វេយកជូនឪពុកនៅស្រែនោះ។ បន្ទាប់មក ឪពុកនាងបានចេញទៅមើលស្រែមួយ ទៀតដោយទុកនាងនិងប្អូនស្រីតូចម្នាក់ទៀតឲ្យនៅជាមួយជនជាប់ចោទ ព្រោះសំអាងថា ពួកគេជាពូជីទួតមួយនឹងគ្នា។
ប៉ុន្តែក្រោយឪពុករបស់ក្មេងស្រីរងគ្រោះមកផ្ទះ ឃើញតែកូនស្រីប្អូនក៏សួរកូនទើបនាងប្រាប់ថា បងស្រីត្រូវបានពូឈាងនាំចូលក្នុងព្រៃថា ទៅរកឃ្មុំ។ ដោយបាត់កូនយូរពេកឪពុកក្មេងស្រីរងគ្រោះបានជិះកង់ដើររកតែរកមិនឃើញ ក៏ប្តឹងនគរបាលប៉ុស្តិ៍ឃុំពពឹសតែម្តង។
ក្រោយទទួលបានបណ្តឹងនគរបាលក៏ចាត់កម្លាំងចូលរកក្នុងព្រៃក្បែរវាលស្រែដែលជនជាប់ចោទបូមទឹកដាក់ស្រែ។ បន្ទាប់មកក៏បានរកឃើញសាកសពក្មេងស្រី ត្រូវគេសម្រាតខោត្រឹមជង្គង់ និងកាច់បំបាក់ក ទើបឈានដល់ការចាប់ខ្លួនជនជាប់ចោទតែម្ដង៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment