Translate

Popular

Wednesday, May 8, 2019

ជួប សម្លាប់ សារភាព​ពី​ការបាញ់​សម្លាប់​លោក កែម ឡី ប៉ុន្ដែ​សុំ​តុលាការ​កំពូល​សម្រាល​ទោស

No comments :
ជនជាប់ចោទឈ្មោះ​ អឿត អាង​ ហៅ​ ជួប​ សម្លាប់ ពេល​ត្រូវ​បាន​នាំ​ចូលសវនាការ​ នៅ​តុលាការ​កំពូល​ កាលពីថ្ងៃ​ម្សិលមិញ​
ភ្នំពេញៈ ជនជាប់ចោទ​ឈ្មោះ​ អឿ​ត អាង ហៅ ជួប សម្លាប់ កាល​ពី​សវនាការ​ម្សិលមិញ បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​បាញ់​សម្លាប់​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី ១០ ខែ​ កក្កដា ឆ្នាំ ២០១៦ ពិត​មែន ប៉ុន្តែ​ជន​ជាប់​ចោទ​បាន​សុំ​តុលាការ​កំពូល​ឲ្យ​សម្រាល​ទោស​ដល់​ខ្លួន ក្រោយ​ពី​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ១ ជីវិត។
ក្នុងស្ថានភាព​អារម្មណ៍​របស់​ជនជាប់ចោទ គឺ​ហាក់ដូច​មិនល្អ​ឈរ​នៅក្នុង​រង្វង់​ក្រចក​សេះ ដែល​ចាំតែ​ឆ្លើយ​សំណួរ​ពី​ចៅក្រម និង​លើក​ដៃ​ម្ខាង​ចង្អុល​ទៅ​ក្បាល។ ស្ថិត​ក្នុង​សកម្មភាព​បែបនេះ​ហាក់​ជា​សញ្ញា​បង្ហាញ​ថា ជន​ជាប់​ចោទ​ឈ្មោះ ​អឿត អាង មិន​សូវ​ចងចាំ ខណៈ​អវត្តមាន​ដើម​បណ្តឹង​អ្នកស្រី​ ប៊ូ រចនា ជា​ភរិយា​របស់​លោក​ កែម ឡី ហើយ​ក៏​គ្មាន​មេធាវី​ខាង​ជន​រង​គ្រោះ​ផង​នោះ។
នៅក្នុង​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល​កាលពី​ម្សិលមិញ ឈ្មោះ ​អឿ​ត អាង ហៅ​ជួប​សម្លាប់​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា​ឈ្មោះ​របស់​គាត់​មិន​មែន​ឈ្មោះ​ អឿត អាង ដូច​ការហៅ​នោះ​ទេ ប៉ុន្តែ​តាម​ការពិត គាត់​ឈ្មោះ​ជួប សម្លាប់។ ចំពោះ​សំណុំ​រឿង​របស់​គាត់​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​លោក​ កែម ឡី នោះ គាត់​អះអាង​ថា គាត់​បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ពិត​ប្រាកដ​មែន។
អឿ​ត អាង​ និយាយថា៖ «ខ្ញុំ​ប្តឹង​មកនេះ​ដោយសារ​តុលាការ​ទាំង ២ ថ្នាក់​កាត់​ទោស​ខ្ញុំ​ច្រើន​ពេក។ ខ្ញុំ​បាន​ដឹង​កំហុស​ខ្ញុំ​ហើយ»។
ទោះយ៉ាងណា​លោក​ព្រះរាជអាជ្ញា​ ជុំ សំបាន តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា តាម​ការ​ពិត​នៅ​ក្នុង​សំណុំ​រឿង​របស់​ជន​ជាប់​ចោទ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ត្រឹមត្រូវ​ហើយលោក​ថ្លែង​ថា​៖ «​ជន​ជាប់​ចោទ​បាន​បាញ់​ជន​រងគ្រោះ​ឈ្មោះ​ កែម ​ឡី ​នៅ​ក្នុង​ស្តារម៉ាត​ហើយ​ប៉ូលិស​ចាប់​ជន​ជាប់​ចោទ​ជាក់​ស្តែង​ជា​មួយ​កាំ​ភ្លើង​ខ្លី​ផង​។ ការ​សម្រេច​របស់​សា​លា​ឧទ្ធរណ៍​ផ្អែក​តាម​អង្គ ហេតុ​ត្រឹម​ត្រូវ​ដូច្នេះ​ខ្ញុំ​ស្នើ​សុំ​តម្កល់​សាល​ដីកា​របស់​សា​លា​ឧទ្ធរណ៍​ទុក​ជា​បានការ»។​
លោក​ អុឹម​ ម៉ាច​ មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ ​អឿត​ អាង ​បាន​សន្និដ្ឋាន​ដែរ​ថា​ កូន​ក្តី​លោក​ប្តឹង​មក​តុ​លាការ​កំ​ពូល​ពេល​នេះ​ក៏​ព្រោះ​តែ​គាត់​ជំ​ទាស់​នឹង​ទណ្ឌកម្ម​ទោស ​១ ជីវិត។ ​ប៉ុន្តែ​គាត់​បាន​ទទួល​ស្គាល់​កំ​ហុស​របស់​គាត់​ហើយ​ដែរ​ ហើយ​មូល​ហេតុដែល​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​ទោស​ ១ ជីវិត​ តាម​សាលក្រម​របស់​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​នោះ​ក៏​ព្រោះ​ឧទ្ធរណ៍​យល់​ថា​ កូន​ក្តី​របស់​លោក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ដោយ​មាន​លក្ខណៈ​ឃោរឃៅ។
ទោះ​យ៉ាង​ណា​ លោក​មេ​ធាវី​ប្រាប់​ចៅ​ក្រម​ថា​ តាម​ពិត​កូន​ក្តី​លោក​មិន​បាន​សម្លាប់​ជន​រង​គ្រោះ​ក្នុង​រូប​ភាព​មាន​លក្ខណៈ​ឃោរ​ឃៅ​ដូច​ការ​យល់​ឃើញ​របស់​សា​លាឧទ្ធរណ៍​ទេ​។​ វា​ខុស​ពី​ជន​ល្មើស​ផ្សេង​ទៀត​ដែល​ធ្វើ សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​បណ្តាល​ឲ្យ​ជនរង​គ្រោះ​មាន​គ្រោះ​ថ្នាក់​រហូត​ស្លាប់ ​ដែល​មាន​លក្ខណៈ​ឃោរឃៅ​ជាង​កូន​ក្តី​របស់​លោក​ទៅ​ទៀត​ ប៉ុន្តែ​មិន​ឃើញ​តុលាការ​ផ្តន្ទាទោស​ជន​នោះ​ដាក់​ពន្ធនាគារ​អស់ ១ ជីវិត​ផង​ទេ។

លោក​ អុឹម ម៉ាច ​បញ្ជាក់ថា​៖ «​កូន​ក្តី​ខ្ញុំ​សុំ​បដិសេធ​ដែល​ថា​គា​ត់​ធ្លាប់​បួស​ជា​សង្ឃ​គាត់​ជា​មន្រ្តី​បរិស្ថាន​គាត់​ធ្លាប់​ធ្វើ​ជា​យោ​ធា​។​ ដោយ​តាម​រយៈ​ធ្លាប់​ធ្វើ​ការងារ​ទើប​ឧទ្ធរណ៍​យល់​ថា​ គាត់​មាន​ការ​យល់​ដឹង​ច្រើន​មិន​គួរ​សម្លាប់​មនុស្ស​បែប​នេះ​ទេ​។​ ការ​យល់​របស់​សាលា​ឧទ្ធរណ៍​នេះ​ទើប​មិន​​បន្ថយ​​ទោស​ដល់​កូន​ក្តី​ខ្ញុំ​ទោះ​យ៉ាងណា​ខ្ញុំ​ក៏​សុំ​ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​​តុ​លា​កា​រកំ​ពូល​មេត្តា​សម្រាល​ទោស​ដល់​កូនក្តី​ខ្ញុំ​ផង»។
ជន​ជាប់​ចោទ​ឈ្មោះ​ អឿត​ អាង​ ហៅ​ ជួប​ សម្លាប់​ បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ​ កែម​ ឡី​ នៅ​ក្នុង​ស្តារម៉ាត​ស្តុប​បូក​គោ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ​១០​ ខែ ​ក​ក្ក​ដា​ ឆ្នាំ ​២​០​១​៦ ​ហើយ​សមត្ថកិច្ច​បាន​ដេញ​ចាប់​ជន​ជាប់​ចោទ​ក្រោយ​ធ្វើ​សកម្មភាព​បាញ់​លោក ​កែម​ ឡី​ ប៉ុន្មាន​នាទី​ក្រោយ។​
សំ​ណុំ​រឿ​ង​នេះ​ត្រូវ​បាន​សា​លាដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​ប្រ​កាស​សាល​ក្រម​នៅ​ថ្ងៃ​ទី ​២​៣ ​ខែ​ មី​នា ​ឆ្នាំ​ ២​០​១​៧​ សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​រូប​នេះ​ដាក់​ពន្ធនា​គារ​អស់​ ១ ​ជី​វិត ​ដោយ​ចោទ​តាម​មាត្រា​ ២០០ និង​មាត្រា ៤៩០​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ពី​បទ​ឃាត​កម្ម​គិត​ទុក​ជា​មុន​ និង​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់។​
សំ​ណុំ​រឿង​នេះ​ត្រូវ​បាន​ជនជាប់​ចោទ​ផ្តល់​សិទ្ធិ​ឲ្យ​លោក​មេ​ធា​វី​ យុង​ ផា​និត ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ដោយ​សារ​មិន​សុខ​ចិត្ត​នឹង​ទោស​ ១ ​ជី​វិត​ ហើយ​ត្រូវ​សា​លា​ឧទ្ធរណ៍​ប្រ​កាស​សាលដី​កា​កាល​ពី​ថ្ងៃ​ទី ​១​១​ ខែ ​ឧសភា​​ ឆ្នាំ​ ២​០​១​៨​ ដោយ​តម្កល់​ទោស​ជន​ជាប់​ចោទ​ដាក់​ពន្ធនាគារ ១ ជីវិត​ដដែល។
​ពី​ម្សិល​មិញ​ លោក​ ស៊ឹង ​បញ្ញា​វុឌ្ឍ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​ថ្លែង​ថា​ សាល​ដី​កា​នៃ​សំ​ណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ២៤ ​ខែ ​ឧសភា​ ខាងមុខ៕

No comments :

Post a Comment