Wednesday, May 8, 2019
កម្ពុជានាំចេញកង់ ១,៥២ លានគ្រឿង ទៅទីផ្សារអឺរ៉ុបឆ្នាំ ២០១៨
កង់ដែលដាក់តាំងលក់នៅក្នុងហាងលក់កង់មួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ នាពេលកន្លងមក |
ភ្នំពេញៈ កម្ពុជាបាននាំចេញកង់សរុប ១,៥២ លានគ្រឿង ទៅទីផ្សារអឺរ៉ុបកាលពីឆ្នាំ ២០១៨ ដែលមានតម្លៃជាទឹកប្រាក់ ៣៣១ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។
ទំហំទឹកប្រាក់នេះបានធ្វើឲ្យការនាំចេញកង់ទៅទីផ្សារអឺរ៉ុបក្លាយជាផលិតផលសំខាន់ទី៣ របស់កម្ពុជាបន្ទាប់ពីសម្លៀកបំពាក់ និងស្បែកជើង។
របាយការណ៍របស់ធនាគារពិភពលោកស្តីពី «ការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា» ចេញផ្សាយកាលពីថ្ងៃចន្ទបានបង្ហាញថា សម្លៀកបំពាក់គឺជាទំនិញនាំចេញទី១ របស់ប្រទេស កម្ពុជា ទៅ EU ដែលមានតម្លៃជាទឹកប្រាក់ ៣,៦៥ ពាន់លានដុល្លារ ខណៈស្បែកជើងគឺជាទំនិញសំខាន់ទី២ គឺមានតម្លៃ ៥០៨ លានដុល្លារ។ ការនាំចេញកង់ទៅ EU មានតម្លៃ ៣៣១ លានដុល្លារ ខណៈអង្ករមានតម្លៃ ១៧៧,៥ លានដុល្លារ។
របាយការណ៍នេះ មិនបានលម្អិតពីនិន្នាការនាំចេញ ឬ ព័ត៌មានបន្ថែមនោះទេ។ យ៉ាងណាក៏ដោយ យោងតាមគេហទំព័រ Bike-EU.com ជាគេហទំព័រឯកទេសផ្នែកឧស្សាហកម្មកង់បានឲ្យដឹងថា ប្រទេស កម្ពុជា បានក្លាយជាប្រទេសផ្គត់ផ្គង់កង់ឈានមុខគេទៅ EU ចាប់ផ្ដើមតាំងពីឆ្នាំ ២០១៧ ដោយវ៉ាដាច់កោះតៃវ៉ាន់ ដែលបានជាប់ចំណាត់ថ្នាក់ទី១ អស់រយៈពេលជាង ២ ទសវត្សរ៍មកហើយនោះ។
Bike-EU.com បានបង្ហាញថា កាលពីឆ្នាំ ២០១៧ កម្ពុជាបាននាំចេញកង់ជាង ១,៤២ លានគ្រឿង កើនឡើង ៩ ភាគរយធៀបនឹង ១,២៩ លានគ្រឿងកាលពីឆ្នាំ ២០១៦។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការដំឡើង និងនាំចេញកង់របស់កម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះ ហើយកត្តានេះរួមចំណែកសំខាន់ពីប្រព័ន្ធអនុគ្រោះពន្ធ ដែលកម្ពុជាទទួលបានពីអឺរ៉ុប។
យោងតាមលោក ថៃ ដើម្បីបានទទួលប្រព័ន្ធអនុគ្រោះពន្ធនាំចេញកង់ទៅអឺរ៉ុប កម្ពុជាត្រូវបង្ហាញថា មានវត្ថុធាតុដើម និងតម្លៃនៃការផលិតយ៉ាងហោចណាស់ ៤០ ភាគរយនៃតម្លៃសរុប។ តែតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន លោក ថៃ បានបញ្ជាក់ថា ការនាំចូលគ្រឿងផ្គុំខ្លះពីប្រទេសក្នុងតំបន់អាស៊ានក៏ត្រូវបានចាត់ទុកជាវត្ថុធាតុដើមក្នុងស្រុកដែរ។
លោកថ្លែងថា៖ «យើងពេញចិត្តយ៉ាងខ្លាំងនឹងកំណើនការនាំចេញកង់ពីប្រទេស កម្ពុជា ទៅទីផ្សារ EU។ នេះបង្ហាញពីសមិទ្ធផលដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ដែលជាសមាជិកមួយរបស់អាស៊ាន»។
ប៉ុន្តែ កំណើនឧស្សាហកម្មកង់របស់កម្ពុជា កំពុងមានបញ្ហាប្រឈម ដោយសារភាពមិនច្បាស់លាស់នៃការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅទីផ្សារសហភាពអឺរ៉ុប។ ខណៈកំណើនរបស់វិស័យនេះបានជំរុញដោយការនាំចូលដោយរួចពន្ធទៅអឺរ៉ុប សិទ្ធិអនុគ្រោះពាណិជ្ជកម្មអាចបញ្ចប់។ ហើយប្រសិនបើពន្ធនាំចូលរបស់សហភាពអឺរ៉ុប ត្រូវបានផ្អាក កង់របស់កម្ពុជានឹងត្រូវដាក់ឲ្យស្ថិតក្រោមពន្ធនាំចូល ហើយពន្ធនាំចូលលើកង់មានចំនួន ១០ ភាគរយ។
លោក ថៃ បានឲ្យដឹងថា ប្រសិនបើការនាំចេញកង់ត្រូវបង់ពន្ធនាំចូល ការនាំចេញអាចធ្លាក់ចុះ ប៉ុន្តែវាមិនមានន័យថា កម្ពុជានឹងបាត់បង់ទីផ្សារនេះទេ។ លោកលើកឡើងថា៖ «ការនាំចេញនឹងអាចមានការធ្លាក់ចុះបន្តិចបន្តួច ប៉ុន្តែខ្ញុំគិតថា វាមិនមែនជាបញ្ហាធំទេ។ រដ្ឋាភិបាលបានធ្វើការកែទម្រង់មួយចំនួនដែលជួយបន្ទាបថ្លៃផលិតកម្ម ដែលកត្តានេះ អាចឲ្យក្រុមហ៊ុននៅតែអាចនាំចេញទំនិញនេះទៅ EU បាន»។
កាសែត Asian Nikkei Review របស់ប្រទេស ជប៉ុន ចេញផ្សាយកាលពីថ្ងៃទី ៤ ខែ ឧសភា បានឲ្យដឹងថា លោក Jon Edwards អគ្គនាយកក្រុមហ៊ុន A&J Worldwide ដែលមានរោងចក្រដំឡើងកង់សំខាន់មួយនៅកម្ពុជាបានថ្លែងថា ការរក្សាបាន EBA មាន «សារៈសំខាន់ខ្លាំងបំផុត» សម្រាប់ភាពល្អប្រសើររបស់ឧស្សាហកម្មកង់នៅកម្ពុជា។
លោក Edwards បានថ្លែងថា៖ «ភាពជោគជ័យ និងការវិនិយោគជាបន្តរបស់យើងគឺជាផ្នែកដ៏ធំមួយ ដោយសារតែ EBA»។ លោកបន្តថា៖ «វានឹងមានការលំបាកក្នុងការប្រជែងជាមួយប្រទេសដែលមានឧស្សាហកម្មកង់ខ្លាំងស្រាប់ដូចជា កោះតៃវ៉ាន់ ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី»៕ LA
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment