Wednesday, May 8, 2019
ភាគហ៊ុនពិភពលោកធ្លាក់ថ្លៃ ក្រោយ ត្រាំ គំរាមដំឡើងពន្ធទំនិញចិន
ក្រាហ្វិកបង្ហាញសន្ទស្សន៍ផ្សារហ៊ុនអាស៊ីនិងអូស្រ្តាលី ដែលធ្លាក់គ្រប់សន្ទស្សន៍ផ្សារហ៊ុនទាំងអស់ |
ក្រុងញូវយ៉កៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យភាគហ៊ុនក្នុងពិភពលោកធ្លាក់ថ្លៃខ្លាំងកាលពីថ្ងៃចន្ទ ដោយសារការគំរាមបង្កើនការដកហូតពន្ធលើទំនិញចិនតម្លៃ ២០០ ពាន់លានដុល្លារ ដល់ជាងទ្វេដង ក្នុងគ្រាដែលមានឧបសគ្គក្នុងការចរចាពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២។
ភាគហ៊ុននៅអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក បានធ្លាក់ចុះថ្លៃខ្លាំង ខណៈដែលការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីរូបនេះបានបង្កឲ្យមានការភ័យខ្លាចជាថ្មីអំពីសង្គ្រាមពាណិជ្ជកម្ម ដែលអាចបង្កឲ្យមានផលវិបាកប្រកបដោយមហន្តរាយសម្រាប់សេដ្ឋកិច្ចពិភពលោក។
ទោះជាយ៉ាងណា ទីផ្សារភាគហ៊ុនជាច្រើនបានទប់ស្កាត់ការធ្លាក់ថ្លៃខ្លាំងនេះវិញ ជាមួយនឹងការឡើងថ្លៃមកវិញខ្លះ ដែលអាចជួយទប់ស្កាត់ការខាតបង់មួយចំនួន ដោយសារក្រុមអ្នកវិភាគបានលើកឡើង ថា លោក ត្រាំ កំពុងលេងហ្គេមមួយដែលគំរាមគូបដិបក្ខរបស់ខ្លួន ហើយជាចុងក្រោយ លោកនឹងសង្គ្រោះកិច្ចពិភាក្សាពាណិជ្ជកម្មនេះជាបន្តទៀត។
ប៉ុន្តែក្រុមមន្ត្រីអាមេរិកកាលពីល្ងាចថ្ងៃចន្ទបានឲ្យដឹងថា ទីក្រុងប៉េកាំង «កំពុងខកខានមិនគោរពតាម» ការប្តេជ្ញាចិត្តនានាដែលបានធ្វើឡើងក្នុងការពិភាក្សាមុនៗ និងបានអះអាងថា ពន្ធនាំចូលនឹងកើនឡើងជាងទ្វេដងរហូតដល់ ២៥ ភាគរយនៅថ្ងៃសុក្រសប្តាហ៍នេះ។
សន្ទស្សន៍ហ៊ុនរបស់ផ្សារហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះ ០,៣ ភាគរយ មកនៅត្រឹម ២៦ ៤៣៨,៤៨ ពិន្ទុនៅពេលបិទទីផ្សារ ដោយបានកើនឡើងវិញពីការធ្លាក់ចុះជិត ១,៨ ភាគរយដែលបានកើតមានឡើងនៅដើមវគ្គជួញដូរ។
លោក Jack Ablin មកពីក្រុមហ៊ុន Cresset Wealth Advisors បានថ្លែងថា៖ «ក្រុមវិនិយោគិនកំពុងសម្លឹងមើលបញ្ហានេះថា គ្រាន់តែជាការសម្តែងមួយប៉ុណ្ណោះ ពីព្រោះការអត្ថាធិប្បាយរបស់លោកមានភាពផ្ទុយទាំងស្រុងពីអ្វីដែលសេតវិមានបាននិយាយកាលពីសប្តាហ៍មុន»។
ប៉ុន្តែបន្ទាប់ពីទីផ្សារភាគហ៊ុនអាមេរិកបិទការជួញដូរ អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer ថ្លែងថា មានការ «បាត់បង់ការប្តេជ្ញាចិត្តខ្លះដែលត្រូវធ្វើឡើងប្រទេស ចិន»។ នេះបើយោងតាមសេចក្តីរាយការណ៍នានា។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានថ្លែងថា ការចរចាបានបញ្ចប់ ៩០ ភាគរយហើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការចរចាបាន «ងាកត្រឡប់ទៅក្រោយវិញយ៉ាងខ្លាំង»។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកចរចាពាណិជ្ជកម្មរបស់ប្រទេសទាំង ២ បានបញ្ចប់ការពិភាក្សាក្នុងទីក្រុងប៉េកាំងកាលពីចុងសប្តាហ៍មុន ហើយការចរចានៅជុំបន្ទាប់គ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះក្នុងទីក្រុងវ៉ាស៊ីនតោន៕ AFP/KC
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment