Translate

Popular

Wednesday, May 8, 2019

ការ​ពិន័យ​ធ្វើ​ឲ្យ​​ប្រាក់​ចំណេញ​សុទ្ធ​​របស់​ក្រុមហ៊ុន BMW ​ធ្លាក់​ខ្លាំង

No comments :
ក្រុង​ហ្វ្រេងហ្វឺតៈ ក្រុមហ៊ុន​​​ផលិត​រថយន្ត​តម្លៃ​ខ្ពស់ BMW Group របស់​ប្រទេស អាល្លឺម៉ង់ កាល​​ពី​ថ្ងៃ​អង្គារ បាន​រាយការណ៍​​ពី​ការ​ធ្លាក់​ចុះ​​ប្រាក់​ចំណេញ​​នៅ​ត្រី​មាស​ទី​១​ ខណៈ​ដែល​​ក្រុមហ៊ុន​នេះ​បាន​កត់ត្រា​ទុក​ការ​ចំណាយ​ ១,៤ ​ពាន់​លាន​អឺរ៉ូ (១,​៦ ​ពាន់​លាន​ដុល្លារ​) សម្រាប់​បញ្ហា​ដែល​ជាប់​ទាក់ទង​​នឹង​ការ​ស៊ើប​អង្កេត​​ដោយ​​សហភាព​អឺរ៉ុប (EU)។​
ក្រុមហ៊ុន BMW ​បាន​ឲ្យ​ដឹង​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ប្រាក់​ចំណេញ​សុទ្ធ​នៅ​ក្នុង​ក្រុមហ៊ុន BMW Group បាន​ធ្លាក់ចុះ​ខ្លាំង ​៧៤,​២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន មក​នៅ​ត្រឹម​ ៥៨៨​ លាន​អឺរ៉ូ។
ក្រុមហ៊ុន​​ផលិត​​រថយន្ត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មុយនិច​​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​​ ការ​ចោទ​ប្រកាន់​របស់​ទីក្រុង​ប៊្រុចសែល​ថា ​ក្រុមហ៊ុន BMW បាន​ឃុបឃិត​ជាមួយ​​ក្រុមហ៊ុន Daimler និង​ក្រុមហ៊ុន​ Volkswagen ដើម្បី​ចៀស​ផុត​ពី​ការ​ប្រកួត​ប្រជែង​​លើ​​បច្ចេកវិទ្យា​គ្រប់គ្រង​ការ​បំភាយ​ឧស្ម័ន មាន​​ន័យ​ថា «​វា​ប្រហែល​ជា​ថា គណៈកម្មការ​អឺរ៉ុប​ នឹង​ចេញ​ការ​ផាក​ពិន័យ​ដ៏​ច្រើន​​​»។​
ក្រុមហ៊ុន BMW បាន​ជូន​ដំណឹង​​រួច​ហើយ​ទៅ​ដល់​​ក្រុម​វិនិយោគិន​ នៅ​ពេល​ព័ត៌មាន​លម្អិត​នៃ​ការ​ស៊ើប​អង្កេត​នេះ​ត្រូវ​​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ថា ​​ក្រុមហ៊ុន​​ត្រូវ​តែ​លៃលក​ប្រាក់​ទុក​យ៉ាង​ហោច​ណាស់​ ១​ ពាន់​លាន​​អឺរ៉ូ​​សម្រាប់​បង់​ការ​ផាក​ពិន័យ​នេះ។​
ប៉ុន្តែ​ក្រុមហ៊ុន​​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ទទួល​បន្ទុក​កិច្ចការ​ប្រកួត​ប្រជែង​​កំពុង​ព្យាយាម​ «​​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​គ្នា​រវាង​​​ការ​សម្រប​សម្រួល​ផ្នែក​តួនាទី​ឧស្សាហកម្ម​នានា​ដែល​អាច​អនុញ្ញាត​ឲ្យ​មាន​ទាក់ទង​នឹង​​​​ក្រប​ខ័ណ្ឌ​បទប្បញ្ញត្តិ ជាមួយ​កិច្ច​ព្រមព្រៀង​របស់​ក្រុមហ៊ុន​ទាំង​​នេះ​ដែល​ខុស​ច្បាប់​»។​
ក្រុមហ៊ុន BMW បាន​​បន្ថែម​ថា​៖ «​​ប្រសិន​បើ​ចាំបាច់​ (​ក្រុមហ៊ុន BMW) នឹង​ជំទាស់​ទៅ​នឹង​​ការ​ចោទ​ប្រកាន់​របស់​គណៈកម្មការ​អឺរ៉ុប​ដោយ​​ប្រើ​​មធ្យោបាយ​ស្រប​ច្បាប់​ទាំង​អស់​ដែល​មាន​»។​
បន្ថែម​លើ​ការ​ចំណាយ​នេះ ​ក្រុមហ៊ុន​​បាន​ឲ្យ​ដឹង​ថា ​ការ​ចំណាយ​លើ​ការ​​ស្រាវជ្រាវ និង​កា​អភិវឌ្ឍ​​ និង​ការ​វិនិយោគ​ដែល​​កំពុង​កើន​ឡើង​បាន​កាត់​បន្ថយ​ប្រាក់​ចំណេញ ខណៈ​ដែល​ប្រាក់​ចំណូល​បាន​ធ្លាក់ចុះ ​០,៩ ​ភាគរយ​ ​មក​នៅ​ត្រឹម ​២២​,​៥​ ពាន់​លាន​អឺរ៉ូ។
មិន​គិត​ពី​ផល​ប៉ះពាល់​ទាំង​នេះ ​ក្រុមហ៊ុន BMW សម្រេច​​បាន​​អនុបាត​​​ប្រាក់​ចំណេញ​ប្រតិបត្តិការ​ ៥,​៦ ​ភាគរយ៕​ AFP/LA​

No comments :

Post a Comment