Thursday, May 23, 2019
បន្ទាប់ពីល្បីឪឡឹកសាច់លឿង ម្ចាស់ចម្ការគ្រោងដាំឪឡឹកពណ៌ស្វាយ និងពូជពណ៌ទឹកប្រាក់
លោក មួយ រ៉ាដូ បង្ហាញផ្លែឪឡឹកសាច់ពណ៌លឿងនៅចម្ការក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ |
មណ្ឌលគិរីៈ ជាម្ចាស់ដីចម្ការនៅតំបន់ដីក្រហមស្ថិតនៅភូមិទួល ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរីលោក មួយ រ៉ាដូ បានដាំដំណាំ បន្លែសុវត្ថិភាព និងផ្លៃឈើជាច្រើនប្រភេទដូចជា៖ ឪឡឹកសាច់ពណ៌លឿង ស្រកានាគពណ៌ស្វាយ ទំពាំងបារាំង ប៉េងប៉ោះ ម្ទេសហាវៃ ការ៉ុត ដំឡូងបារាំង និងផ្លែប៊័រ។ល។ ដែលទទួលបានទិន្នផលល្អរួមផ្សំនឹងការដាំដុះទៅតាមបច្ចេកទេស។
ទន្ទឹមនឹងនេះផ្លែឈើមួយប្រភេទរបស់កសិករវ័យ ៤២ រូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមគឺផ្លែឪឡឹកសាច់ពណ៌លឿងស្រស់ឆើតតែម្ដង។
លោក មួយ រ៉ាដូ បានប្រាប់ឲ្យភ្នំពេញ ប៉ុស្តិ៍ ដឹងថា៖ «គេសរសើរថា ឪឡឹកសាច់លឿងហ្នឹង ផ្អែមឆ្ងាញ់ គេចូលចិត្ត ហើយការដាំធ្វើឲ្យឆ្ងាញ់អ៊ីចឹង ខ្ញុំមើលលើ ៣ ចំណុច ជី ទឹក និងពូជ ហើយឥឡូវខ្ញុំដាំផ្គត់ផ្គង់ទីផ្សារអត់ទាន់មានគេចាំទិញច្រើន»។
ផ្លែឪឡឹកសាច់លឿងមានតម្លៃ ៥ ពាន់រៀលក្នុង ១ គីឡូក្រាម។ |
ទន្ទឹមនឹងនេះកសិករនៅខេត្តមណ្ឌលគិរីរូបនេះបានរំឭកប្រវត្តិនៃការដាំឪឡឹកសាច់ពណ៌លឿងនេះថា ដំបូងឡើយលោកបានមើលឯកសារទាក់ទងនឹងផ្លែឈើមួយនេះ និងបានឃើញគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក លោកកាន់តែចាប់អារម្មណ៍ឡើង និងបានធ្វើការស្រាវជ្រាវរកពូជឪឡឹកសាច់ពណ៌លឿងអស់រយៈពេលជិត ៣ ឆ្នាំរហូតលោកបានស្គាល់អាណិកជនខ្មែរនៅជប៉ុនម្នាក់ដែលដឹងគ្រាប់ពូជឪឡឹកនេះ ហើយលោកក៏ធ្វើការទាក់ទងយកគ្រាប់ពូជពីជប៉ុនមកដាំនៅចម្ការរបស់លោកនៅឆ្នាំ ២០១៥។
លោក រ៉ាដូ បញ្ជាក់ថា៖ «ពីមុនខ្ញុំដាំតិចតួចទេ តែឆ្នាំនេះខ្ញុំដាំវាធំបន្តិច។ ខ្ញុំសប្បាយចិត្តព្រោះការដាំនេះទទួលបានជោគជ័យ ហើយឥឡូវខ្ញុំមានពូជឪឡឹកពណ៌ស្វាយ និងឪឡឹកពណ៌ទឹកប្រាក់ថែមទៀតហើយនៅពេលខាងមុខទៀត ខ្ញុំនឹងយកពូជឪឡឹកមួយទៀតមកដាំគឺពូជឪឡឹក ១ ផ្លែ ១០០ គីឡូ»។
សម្រាប់តម្លៃឪឡឹកសាច់ពណ៌លឿងនេះ ការទិញនៅទីតាំងផ្ទាល់ក្នុង ១ គីឡូក្រាមតម្លៃ ៥ ពាន់រៀល ចំណែកតម្លៃលក់ទូទៅនៅទីរួមខេត្តមណ្ឌលគិរីតម្លៃ ៦ ពាន់រៀល និងនៅទីក្រុងភ្នំពេញតម្លៃចន្លោះពី ៧ ពាន់រៀលទៅ ៨ ពាន់រៀល។
លោក រ៉ាដូ បានបញ្ជាក់ថានៅឆ្នាំ ២០២០ ខាងមុខនេះលោកនឹងពង្រីកអាជីវកម្មមួយនេះឲ្យធំដោយនឹងដាំដុះឪឡឹកសាច់លឿងនេះលើផ្ទៃដីពី ៣ ទៅ ៥ ហិកតាដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។
ដំណាំឪឡឹកសាច់ពណ៌លឿងមានលេខទំនាក់ទំនង ០៨៥ ៤៣៣ ៣៤៣ ឬហ្វេសប៊ុកកសិករភូមិទួល ខេត្តមណ្ឌលគិរី៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment