Thursday, May 23, 2019
និន្នាការវិនិយោគរួមគ្នាលើគម្រោងខុនដូនៅថៃ កើនឡើង
ទិដ្ឋភាពមើលពីលើអាកាសក្នុងទីក្រុងបាកក។ |
ក្រុងបាងកកៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍បរទេសកាន់តែច្រើនកំពុងចូលទីផ្សារប្រទេសថៃ ដើម្បីវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ថៃ។ ជាពិសេស ក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន កំពុងព្យាយាមស្វែងរកទំនាក់ទំនងវិនិយោគរយៈពេលវែងក្នុងប្រទេសនេះចាប់តាំងពីឆ្នាំ ២០១៣ មក។
ការវិនិយោគរួមគ្នាធំចំនួន ២ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Ananda Development Plc ជាមួយក្រុមហ៊ុន Mitsui Fudosan និងក្រុមហ៊ុន AP Thailand ជាមួយក្រុមហ៊ុន Mitsubishi Estate។
ក្រុមហ៊ុនជប៉ុនកាន់តែច្រើនបានដើរតាមគំរូនេះ ហើយក្រុមហ៊ុនចិន កំពុងបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការបង្កើតក្រុមហ៊ុនរួមគ្នាជាមួយដៃគូថៃលើគម្រោងនានាដែលអាចធ្វើទីផ្សារឆ្ពោះទៅរកអតិថិជនជនជាតិចិន។
ភាគច្រើននៃគម្រោងវិនិយោគរួមគ្នាទាំងនេះ គឺជាការសាងសង់ជាខុនដូ ដោយសារច្បាប់ស្តីពីខុនដូ អនុញ្ញាតឲ្យជនបរទេសគ្រប់គ្រងកម្មសិទ្ធិរហូតដល់ ៤៩ ភាគរយនៃលម្ហលំនៅឋានក្នុងខុនដូ។ ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនរបស់ថៃ បានចាប់ផ្ដើមគម្រោងលំនៅឋានដាច់ (detached housing) ជាមួយដៃគូបរទេសរបស់ពួកគេ ដោយសារតែពួកគេមានបំណងរៀនសូត្រអំពីនវានុវត្តន៍ពីក្រុមហ៊ុនអភិវឌ្ឍន៍បរទេស ជាពិសេសប្រព័ន្ធសន្សំថាមពល។
តម្លៃសរុបនៃគម្រោងអចលនទ្រព្យវិនិយោគរួមគ្នា ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអភិវឌ្ឍន៍ថៃ និងក្រុមហ៊ុនបរទេសនៅពេលនេះ មានជាង ៥០០ ពាន់លានបាត (១៥,៦៥ ពាន់លានដុល្លារ) ហើយបង្ហាញសញ្ញាពីការរីកចម្រើនបន្ថែមទៀត។ គម្រោងបែបនេះចំនួន ២៥ ដែលបានប្រកាសរួចហើយក្នុងឆ្នាំ ២០១៩ ត្រូវការការវិនិយោគសរុប ១១៧ ពាន់លានបាត (៣,៦៦ ពាន់លានដុល្លារ) ដែលកើនឡើង ៧ ភាគរយ ធៀបនឹងឆ្នាំមុន។
ភាគច្រើននៃគម្រោងថ្មីៗទាំងនេះ ស្ថិតក្នុងតំបន់នៅតាមបណ្ដោយផ្លូវរថភ្លើងអាកាស និងរថភ្លើងក្រោមដីក្នុងតំបន់ខាងក្នុងនៃទីក្រុងបាងកក។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនវិនិយោគរួមគ្នានានាក៏បានប្រកាសផែនការអភិវឌ្ឍអចលនទ្រព្យលំនៅឋានចំនួន ៣ គម្រោងនៅជាយទីក្រុង បាងកកផងដែរ ដែលមានតម្លៃសរុប ១៧,២ ពាន់លានបាត។
ក្រុមហ៊ុនអភិវឌ្ឍន៍ថៃដែលមានក្រុមហ៊ុនជប៉ុនជាដៃគូ មិនរំពឹងថា នឹងទាក់ទាញអ្នកទិញមកពីប្រទេស ជប៉ុន នោះទេ ប៉ុន្តែពួកគេចង់ចាប់យកបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ពីប្រទេស ជប៉ុន។ ទោះជាយ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍មកពីប្រទេស ចិន និងទីក្រុងហុងកុង មានបំណងចង់ធ្វើទីផ្សារគម្រោងអភិវឌ្ឍន៍រួមគ្នាជាមួយដៃគូថៃរបស់ពួកគេទៅកាន់អតិថិជនដែលជាជនជាតិចិន ដែលកំពុងក្លាយជាក្រុមអ្នកទិញបរទេសឈានមុខគេក្នុងប្រទេស ថៃ។
ជាលទ្ធផល ក្រុមហ៊ុនអភិវឌ្ឍន៍ចិនរំពឹងថានឹងមានសំឡេងគ្រប់គ្រងខ្លាំងលើក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដូច្នេះការវិនិយោគរួមគ្នារបស់ពួកគេធ្វើឡើងតាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ថៃខ្នាតតូច និងមធ្យម មិនមែនជាមួយក្រុមហ៊ុនធំៗឡើយ។
ប៉ុន្តែស្ថានភាពទីផ្សារបច្ចុប្បន្ន អាចថមថយសម្ទុះនៃការវិនិយោគរួមគ្នារវាងថៃ និងបរទេស។ ក្រុមហ៊ុនអភិវឌ្ឍន៍បរទេសភាគច្រើនរំពឹងថា នឹងមើលឃើញប្រាក់ចំណេញពីការវិនិយោគពីគម្រោងខុនដូក្នុងរយៈពេលខ្លី។ ប៉ុន្តែការលក់ និងផ្ទេរកម្មសិទ្ធិយូនីត កំពុងថមថយនៅពេលថ្មីៗនេះ ដោយសារការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ និងផលប៉ះពាល់ដោយសារច្បាប់កម្ចីអចលនទ្រព្យកាន់តែតឹងរ៉ឹង។
ជាលទ្ធភាព ក្រុមហ៊ុនអភិវឌ្ឍន៍ដែលបង្កើនល្បឿនដាក់លក់ខុនដូវិនិយោគរួមគ្នាថ្មី កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើចំនួនយូនីតដែលមិនបានលក់នៅក្នុងស្ដុករបស់ក្រុមហ៊ុនទាំងនោះ៕ LA
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment