Thursday, May 23, 2019
ការលក់ផ្ទះដែលមានស្រាប់នៅអាមេរិក ធ្លាក់ចុះ ២ ខែជាប់គ្នា
ស្លាកដាក់លក់ផ្ទះគ្រួសារទោលនៅទីក្រុងស៊ីកាហ្គោ។ |
ក្រុងវ៉ាស៊ីនតោនៈ ការលក់ផ្ទះដែលមានស្រាប់នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ២ ខែជាប់គ្នាគិតត្រឹមខែមេសា ខណៈដែលតម្លៃបានកើនឡើង បើទោះជាការផ្គត់ផ្គង់ផ្ទះសម្រាប់លក់បានកើនឡើងក្តី។ នេះបើយោងតាមការអង្កេតរបស់សមាគមជាតិក្រុមហ៊ុនលក់រាយ (NAR) កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
ទោះយ៉ាងណា សមាគមនេះបានឲ្យដឹងថា ការធ្លាក់ចុះឥតរំពឹងទុកនេះបានកើតមានឡើងក្នុងគ្រាដែលមានអត្រាកម្ចីទិញផ្ទះទាប និងកំណើនការងារជាបន្តដែលបង្ហាញថា ការលក់នឹងស្ទុះងើបឡើងវិញ។
ការធ្លាក់ចុះ ២ ខែនេះ អាចរារាំងដល់ការស្ទុះងើបឡើងវិញពីការធ្លាក់ចុះនៅឆ្នាំមុន នៅពេលដែលការធ្លាក់ចុះជាបន្តក្នុងការលក់ផ្ទះ បានជំរុញឲ្យមានក្តីបារម្ភថា សេដ្ឋកិច្ចរបស់អាមេរិកកំពុងថមថយសម្ទុះ។
ការលក់សរុបផ្ទះគ្រួសារទោល ខុនដូ ផ្ទះទីក្រុង (townhome) និងផ្ទះសហករណ៍ (co-ops) បានធ្លាក់ចុះ ០,៤ ភាគរយ នៅខែមេសាមកនៅត្រឹមអត្រាប្រចាំឆ្នាំ ៥,១៩ លានយូនីតបន្ទាប់ពីកែតម្រូវតាមរដូវកាល។
តួលេខនេះបានធ្វើឲ្យការលក់មានកម្រិតទាបជាង ៤,៤ ភាគរយធៀបការលក់ក្នុងខែដូចគ្នានៅឆ្នាំមុន ដោយល្បឿននៃការលក់បានធ្លាក់ចុះក្នុងតំបន់ទាំង ៤ របស់អាមេរិក។
សេដ្ឋវិទូបានរំពឹងថា ការលក់នឹងកើនឡើងនៅខែមេសាធៀបនឹងខែមីនា។ ការលក់បានធ្លាក់ចុះនៅតំបន់ភាគឦសាន និងភាគខាងត្បូង តែបានកើនឡើងនៅភាគកណ្តាលឆៀងខាងលិច និងភាគខាងលិច ធៀបនឹងខែមីនា។
លោក Lawrence Yun ប្រធានសេដ្ឋវិទូប្រចាំ NAR ថ្លែងថា លោកមិនមានក្តីបារម្ភខ្លាំងជ្រុលទេ ពីព្រោះអ្នកទិញផ្ទះទំនងនឹងទាញយកប្រយោជន៍ពីអត្រាការប្រាក់កម្ចីទិញផ្ទះទាបជាប្រវត្តិសាស្រ្តនេះ។
លោកថ្លែងថា៖ «លើសពីនេះទៀត ការបង្កើតការងារកំពុងមានភាពប្រសើរឡើង ដែលបង្កឲ្យកំណើនប្រាក់ឈ្នួលមានភាពស៊ីគ្នាទៅនឹងកំណើនតម្លៃផ្ទះ ដែលជួយឲ្យមនុស្សមានលទ្ធភាពទិញផ្ទះបាន ព្រមទាំងនឹងជួយជំរុញឲ្យការលក់ផ្ទះកើនឡើងកាន់តែខ្ពស់»។
តម្លៃជាមធ្យមបានកើនឡើង ៣,៦ ភាគរយ នៅខែមេសាឆ្នាំនេះធៀបនឹងខែមេសាឆ្នាំមុន ដល់ ២៦៧ ៣០០ ដុល្លារ។ ទន្ទឹមនឹងនេះដែរ ស្តុកផ្ទះសម្រាប់លក់បានកើនឡើងដល់ ១,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ១,៨៣ លានខ្នង។
លោក Ian Shepherdson មកពីក្រុមហ៊ុន Pantheon Macroeconomics យល់ស្របថា ទោះជាការលក់នៅខែមេសា គួរឲ្យខកចិត្តក្តី ក៏និន្នាការឆ្ពោះទៅរកការដាក់លក់ផ្ទះ និងពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ កំពុងចង្អុលបង្ហាញទៅរកកំណើនក្នុងគ្រាដែលអត្រាការប្រាក់កម្ចីទិញផ្ទះមានកាន់តែទាប និងមានកំណើនការងារជាលំដាប់៕ AFP/KC
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment